ជាតិ
ទឹកស្ទឹងសែន បណ្តាលឱ្យជន់លិចផ្លូវមួយចំនួនក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ
03, Oct 2022 , 9:29 pm        
រូបភាព
 ភ្នំពេញ៖ ទឹកស្ទឹងសែន មានកម្ពស់ ១៣,៩៥ម៉ែត្រ ដែលបានបណ្តាលឱ្យជន់លិចផ្លូវមួយចំនួនជុំវិញក្រុងស្ទឹងសែន ក្នុងខេត្តកំពង់ធំ។ ផ្លូវមួយខ្សែនៅត្រើយខាងជើង ម្តុំផ្សារចាស់ បានលិចប្រវែង១០០ម៉ែត្រ ដែលមានកម្ពស់ទឹកប្រមាណ ១០ ទៅ១៥សង់ទីម៉ែត្រ

 
 
ក្រសួងធនធានទឹក និងឧតុនិយម នាយប់ថ្ងៃទី៣ ខែតុលា បានឱ្យដឹងថា កម្រិតកម្ពស់ទឹកនេះ លើសពីកម្ពស់ទឹកដែលឱ្យមានការប្រុងប្រយ័ត្នបឋម ០,៤៤ ម៉ែត្រ។ ទោះត្រើយខាងជើងមានភាពលិចលង់ច្រើន ប៉ុន្តែត្រើយខាងមិនទាន់លិចនៅឡើយទេ។ 
 
លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា មកដល់ពេលនេះ ស្ថានភាពជំនន់ទឹកមិនទាន់បង្កភាពធ្ងន់ធ្ងរនៅឡើយទេ។ ចំពោះ ខេត្ត ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងមានចំនួន២២ខេត្ត ដោយមាន ៦ខេត្តរង់ផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ។
 
លោក សុទ្ធ គឹមកុលមុន្នី បានប្រាប់សារព័ត៌មានThmeyThmey25 ថា៖«ខេត្តកំពង់ធំ ទឹកស្ថិតនៅក្នុងកម្រិតលើសការប្រុងប្រយ័ត្នជាលើកទី៤ ខណៈខេត្តបន្ទាយមានជ័យ និងខេត្តមួយចំនួនមានការស្រកចុះ តែមិនទាន់ផុតការគំរាមកំហែង និងបង្កផលប៉ះពាល់នៅឡើយ»។ 
 
គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២២ ជំនន់ទឹកភ្លៀងបានបង្កឱ្យមានមនុស្ស ១៨ នាក់ស្លាប់ បានជន់លិចផ្ទះប្រជាពលរដ្ឋចំនួន ២០ ២៨៩ ខ្នង និងបានជន់លិចប៉ះពាល់ដំណាំស្រូវសរុប ១១៥ ៤៤៦ ហិកតា។ 
 
ក្រៅពីនេះ ជំនន់ទឹកភ្លៀង ក៏បានធ្វើឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ រួមមាន ផ្លូវកៅស៊ូ និងបេតុង សរុបជាង ២៦ គីឡូម៉ែត្រ ដែលប៉ះពាល់ផ្លូវលំជនបទសរុបជាង ២៨៧ គីឡូម៉ែត្រ ក្នុងនោះខូចខាតសរុប ៣៥ គីឡូម៉ែត្រ ប៉ះពាល់ស្ពាន (ទឹកលិច និងហូរពីលើស្ពាន) សរុប ៤៤ កន្លែង បាក់ខូចខាតខ្នងទំនប់សរុប ២០ គីឡូម៉ែត្រ បាក់ច្រាំងទន្លេសរុបជាង ២ គីឡូម៉ែត្រ។ ជំនន់ទឹកភ្លើង បានប៉ះពាល់សាលារៀនចំនួន ២០៦ កន្លែង មណ្ឌលសុខភាព ១៥ កន្លែង និងវត្តអារាម ៥២ កន្លែង៕ 
 

Tag:
 អាកាសធាតុ
  ទឹកជំនន់
  ក្រុងស្ទឹងសែន
  ទឹកឡើង
  ខេត្តកំពង់ធំ
© រក្សាសិទ្ធិដោយ thmeythmey.com