កីឡាជាតិ
ជាតិ
គ្រូកីឡាវាយកូនឃ្លីលើតុជនពិការ៖ ការប្រកួតនៅឥណ្ឌូណេស៊ី ជួយគ្រូ និងអត្តពលិក ត្រៀមខ្លួនបានល្អនៅឆ្នាំ២០២៣
04, Oct 2022 , 7:59 am        
រូបភាព
លោក យឹម បុរី ក្នុងពេលបង្វឹកកីឡាករវាយកូនឃ្លីលើតុ
លោក យឹម បុរី ក្នុងពេលបង្វឹកកីឡាករវាយកូនឃ្លីលើតុ
លោក យឹម បុរី គ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុជនពិការ ទទួលបានបទពិសោធន៍ច្រើន សម្រាប់ត្រៀមការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា បន្ទាប់ពីបានដឹកនាំអត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា ទៅប្រកួតនៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី កាលពីដើមខែសីហា ឆ្នាំ២០២២។



លោក យឹម បុរី បានផ្ដល់បទសម្ភាសមកកាន់សារព័ត៌មានថ្មីៗថា ការចេញទៅប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១ ទាំងគ្រូបង្វឹក អត្ដពលិក និង មន្ដ្រីបច្ចេកទេស ទទួលបានបទពិសោធន៍ច្រើន ជាពិសេសការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះ នាឆ្នាំ២០២៣។




លោក យឹម បុរី ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ
 
«ខ្ញុំ ទទួលបានបច្ចេកទេស និងយល់ដឹងនៅអ្វី ដែលយើងមិនធ្លាប់ដឹងពីមុន។ យើង នឹងកែប្រែ និងពង្រឹងបន្ថែមនូវអ្វី ដែលខ្វះខាតពីមុន ជាពិសេសការពង្រឹងសមត្ថភាពកីឡាករ ឲ្យកាន់តែខ្លាំងថែមទៀត។»។ នេះជាការលើកឡើងរបស់លោក បុរី ដូចគ្នានេះដែរ កីឡាករ ពៅ ណុច អត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា លើវិញ្ញាសាវាយកូនឃ្លីលើតុ បានឲ្យដឹងថា អំឡុកពេលកូវីដ អត្ដពលិកមិនបានចេញទៅប្រកួតអន្ដរជាតិ តែបានត្រឹមប្រកួត និងហ្វឹកហាត់ក្នុងប្រទេស។ កីឡាកររូបនេះ បន្ថែមថា ការទៅទីក្រុងសូឡូ គឺរូបខ្លួនទទួលបានបទពិសោធន៍ច្រើន ដោយជួបជាមួយគូប្រកួត ដែលមានសមត្ថភាពខ្លាំងៗ ជាច្រើនពីប្រទេសក្នុងតំបន់អាស៊ាន។
 
កីឡាករ ពៅ ណុច រៀបរាប់ថា៖ «យើង ជួបជាមួយកីឡាករ សុទ្ធតែខ្លាំងៗ ដែលមានបទពិសោធន៍លើឆាកអន្ដរជាតិច្រើនឆ្នាំមកហើយ។ ប៉ុន្ដែ យើង អាចប្រកួតប្រដមប្រសងគ្នាបាន។»។
អត្ដពលិករូបនេះ បានប្រាប់ពីការរំពឹកទុក សម្រាប់អាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា ថា មានសង្ឃឹមច្រើនក្នុងការដណ្ដើមមេដាយ ព្រោះ ពៅ ណុច ទទួលបានបទពិសោធន៍ បានច្រើន ពីការប្រកួតនៅប្រទេសឥណ្ឌូណេស៊ី។
 
គួរបញ្ជាក់ផងដែរថា អត្ដពលិកប៉ារ៉ាឡាំពិកកម្ពុជា ដណ្ដើមបានមេដាយសរុប ចំនួន២៨ ក្នុងនោះមាស៧ ប្រាក់១០ និងសំរិទ្ធ១១។ ក្នុងចំណោមមេដាយទាំងនោះ កីឡាករ ឯក ញាណសមុទ្រ និងកីឡាករ ពៅ ណុច ឈ្នះមេដាយសំរិទ្ធ១ លើវិញ្ញាសាវាយជាគូបុរស៕ 


លោក យឹម បុរី ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ


កីឡាករ ពៅ ណុច ក្នុងពេលហ្វឹកហាត់ប្រចាំថ្ងៃ


កីឡាករ ពៅ ណុច ក្នុងកិច្ចសម្ភាសជាមួយ សារព័ត៌មានថ្មីៗ


Tag:
 កីឡាវាយកូនឃ្លីលើតុ
  អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com