កីឡាអន្តរជាតិ
អន្តរជាតិ
​គ្រោះមហន្តរាយសម្លាប់អ្នកគាំទ្រក្នុងកីឡដ្ឋានបាល់ទាត់ នារយៈពេល ៤០ឆ្នាំចុងក្រោយ
04, Oct 2022 , 8:29 am        
រូបភាព
រាត្រីថ្ងៃទី១ ខែតុលា ជារាត្រីដ៏រន្ធត់មួយ សម្រាប់ប្រជាជន និងប្រទេសឥណ្ឌូណេស៊ីបន្ទាប់ពីជួបឧប្បត្តិហេតុនៃការរត់ជាន់គ្នាក្នុងកីឡដ្ឋា Kanjuruhan អំឡុប្រកួតលីគបាល់ទាត់ឥណ្ឌូណេស៊ី ដែលធ្វើឱ្យអ្នកគាំទ្រស្លាប់ដល់ទៅ១២៥នាក់។ វាក្លាយជាឧប្បត្តិហេតុដ៏អាក្រក់បំផុតមួយក្នុងពិភពកីឡាបាល់ទាត់។



មិនមែនតែនៅឥណ្ឌូណេស៊ីនេះឡើយ ហេតុការណ៍ដែលបានសម្លាប់មនុស្សក្នុងកីឡដ្ឋាន បានកើតឡើងច្រើនលើកមកហើយបើគិតចាប់តាំងពីឆ្នាំ១៩៨២មក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
 
ខាងក្រោមនេះ យើងនឹងបង្ហាញលោកអ្នកអំពីគ្រោះមហន្តរាយសម្លាប់មនុស្សដែលបានកើតឡើងក្នុងកីឡដ្ឋានប្រកួតកីឡាបាល់ទាត់នារយៈពេល ៤០ឆ្នាំចុងក្រោយ ៖
ខែ តុលា ឆ្នាំ ២០២២ ប្រទេសឥណ្ឌូណេស៊ី
 
យ៉ាងហោចណាស់មនុស្សស្លាប់ចំនួន ១២៥នាក់ និងមនុស្សជាង ៣២០នាក់បានរងរបួស ក្រោយការប្រកួតបាល់ទាត់ក្នុងលីគកំពូលឥណ្ឌូណេស៊ីរវាងក្រុម Arema FC ​និង Persebaya Surabaya បានបញ្ចប់។ ក្នុងហេតុការណ៍នោះអាជ្ញាធរបាននិយាយថាអ្នកគាំទ្រក្រុម Arema FC បានចូលអុកឡុកក្នុងទីលានក្រោយក្រុមរបស់ពួកគេគាំទ្រប្រកួតចាញ់ក្នុងទឹកដីផ្ទាល់ខ្លួននាកីឡដ្ឋាន Kanjuruhan ក្នុងស្រុង Malang ដោយលទ្ធផល ៣-២។ មន្ត្រីប៉ូលិសបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែក បង្កឱ្យមានការរត់ជាន់គ្នា និងករណីថប់ដង្ហើម។
 
ខែ មករា ឆ្នាំ ២០២២ ប្រទេសកាមេរូន
យ៉ាងហោចណាស់មានមនុស្សស្លាបចំនួន៨នាក់ និង៣៨នាក់រងរបួស ក្នុងហេតុការណ៍រត់ជាន់គ្នាមួយបានកើតឡើងក្នុងកីឡដ្ឋាន Yaounde Olembe ប្រទេសកាមេរូន មុនពេលការប្រកួតពានរង្វាន់ Africa Cup of Nations វគ្គ១៦ក្រុមចុងក្រោយដោយកាលនោះ កាមេរូនប្រកួតទល់ក្រុមជម្រើសជាតិ កូម៉ូរ៉ូ។
 
ខែ កុម្ភៈ ឆ្នាំ ២០១២ ប្រទេសអេហ្ស៊ីប
អ្នកគាំទ្របានបង្កភាពចលាចល ក្រោយពេលការប្រកួតរវាងក្រុមគូប្រជែង Al-Masry និង Al-Ahly ក្នុងទីក្រុង Port Said បានបញ្ចប់។ យ៉ាងហោចណាស់មានមនុស្ស ៧៣នាក់ត្រូវបានស្លាប់ ​និងជាង ១០០០នាក់ផ្សេងទៀតរងបួស ហើយលីគកំពូលអេហ្ស៊ីបត្រូវបានផ្អាករយៈពេល ២ឆ្នាំ។
 
ខែ មីនា ឆ្នាំ ២០០៩ ប្រទេសកូតឌីវ័រ
មានមនុស្សស្លាប់ចំនួន ១៩នាក់អំឡុងពេលការមានហេតុការណ៍រត់ជាន់គ្នាមួយក្នុងកីឡដ្ឋាន Abidjan’s Felix Houphouet-Boigny មុនការប្រកួតជម្រុះ World Cup ចាប់ផ្តើមប្រកួតរវាងក្រុមកូតឌីវ័រ និង ម៉ាឡាវី។
 
ខែ ឧសភា ឆ្នាំ ២០០១ ប្រទេសអាហ្រ្វិកខាងត្បូង
យ៉ាងហោចមនុស្ស ៤៣នាក់ ត្រូវគេជាន់ពីលើរហូតដល់ស្លាប់ នៅពេលដែលអ្នកគាំទ្របាល់ទាត់ប្រទេសនេះព្យាយាមរុញច្រានគ្នាដើម្បីសម្រុកចូលក្នុងកីឡដ្ឋាន Johannesburg’s Huge Ellis Park ដែលជាការប្រកួតចំពេលពាក់កណ្តាលរដូវកាលនៃលីគកំពូលអាហ្រ្វិកខាងត្បូង។
 
ខែ តុលា ឆ្នាំ​ ១៩៩៦ ប្រទេសហ្គាតេម៉ាឡា
ចំនួនមនុស្សស្លាប់មានដល់ ៨២នាក់ និង ១៤៧នាក់បានរងរបួស នៅពេលដែលការបាកស្រុតទីកន្លែងអង្គុយទស្សនាក្នុងទីលាន បណ្តាលឱ្យមនុស្សរអឹលសង្កត់លើគ្នា ដោយពេលនោះស្ថិតក្នុងការប្រកួតជំនួបជម្រុះ World Cup រវាងក្រុមហ្គាតេម៉ាឡា និងកូស្តារីកា ក្នុងទីក្រុងហ្គាតេម៉ាឡាផ្ទាល់។
 
ខែ មេសា​ ឆ្នាំ ១៩៨៩ ប្រទេសអង់គ្លេស
អ្នកគាំទ្រក្រុម Liverpool ចំនួន ៩៦នាក់ត្រូវបានមនុស្សផ្សេងទៀតរុញច្រាននិងរអិលកិនពីលើគ្នារហូតដល់ស្លាប់ ស្ថិតក្នុងបរិវេនកីឡដ្ឋាន Hillsborough ដែលហ៊ុមព័ទ្ធបិទជិតជាមួយមនុស្សច្រើនកុះករក្នុងទីក្រុង Sheffield មុនការប្រកួតជំនួបពានរង្វាន FA Cup វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររវាង Liverpool និង Nottingham Forest។
 
ខែ មីនា ឆ្នាំ ១៩៨៨ ប្រទេសនេប៉ាល់
ឧប្បត្តិហេតុរត់ជាន់គ្នាសំដៅទៅកាន់ច្រកទ្វារដែលបានចាកសោរ អំឡុងពេលមានព្យុះភ្លៀងធ្លាក់ខ្លាំងក្នុងកីឡដ្ឋានបាល់ទាត់ជាតិរបស់នេប៉ាល់ក្នុងទីក្រុង Kathmandu បានសម្លាប់មនុស្សជាង ៩០នាក់។
 
ខែ ឧសភា ឆ្នាំ ១៩៨៥ ប្រទេសប៊ែលហ្ស៊ីក
អ្នកគាំទ្រចំនួន ៣៩នាក់បានបាត់បង់ជីវិត នឹងជាង ៦០០នាក់រងរបួស ក្នុងហេតុការណ៍ហិង្សារវាងអ្នកគាំទ្រមួយបានកើតឡើង មុនការប្រកួតជំនួបពានរង្វាន់ European Cup វគ្គផ្តាច់ព្រ័ត្ររវាងក្រុម Juventus និងក្រុម Liverpool ក្នុងកីឡដ្ឋាន Heysel នាទីក្រុង Brussels។
 
ខែ ឧសភា ឆ្នាំ ១៩៨៥ ប្រទេសអង់គ្លេស
យ៉ាងហោចមានមនុស្ស ៥៦នាក់ត្រូវបានសម្លាប់ និងជាង ២០០នាក់រងរបួស នៅពេលដែលមានភ្លើងឆាបឆេះទីកន្លែងឈរមើលការប្រកួតនៃកីឡដ្ឋាន Vallay Parade ក្នុងទីក្រុង Bradford ដែលជាការប្រកួតលីគលំដាប់ទី៣ រវាងក្រុម Bradford ទល់ Lincoln City។
 
ខែតុលា ឆ្នាំ ១៩៨២ ប្រទេសរុស្ស៊ី
អ្នកគាំទ្របានប៉ះទង្គិចគ្នា ខណៈពេលពួកគេបានចាកចេញពីការប្រកួតពានរង្វាន់ UEFA Cup រវាងក្រុម Spartak Moscow និងក្រុមមកពីហូឡង់ HFC Haarlem ក្នុងកីឡដ្ឋាន Luzhniki ទីក្រុងម៉ូស្កូ។ ក្រោយការប្រកួតនោះ សោកនាដកម្មនៃការប៉ះទង្គិចគ្នានាច្រកចេញពីកីឡដ្ឋានបានបណ្តាលឱ្យមានមនុស្សស្លាបដំបូង ៦៦នាក់ ហើយជាបន្តបន្ទាប់មនុស្សស្លាប់មានការកើនឡើងដល់ ៣៤០នាក់ ពេលនោះ៕
 
 
 
 
 
 

Tag:
 Stadium disaster
© រក្សាសិទ្ធិដោយ thmeythmey.com