ជាតិ
សិល្បះ
លោក ប៉ុក បូរ៉ាក់៖ ១ឆ្នាំភាពយន្ពខ្មែរផលិតបាន៣០រឿង ហើយ៥០ភាគរយមានគុណភាព
04, Oct 2022 , 9:21 am        
រូបភាព
លោក ប៉ុក ប៊ុនរ៉ាក់ ប្រធានាយកដ្ឋានភាពយន្តខ្មែរ  ប្រភពរូបភាព ពីទំព័រហ្វេសប៊ុកលោកផ្ទាល់
លោក ប៉ុក ប៊ុនរ៉ាក់ ប្រធានាយកដ្ឋានភាពយន្តខ្មែរ ប្រភពរូបភាព ពីទំព័រហ្វេសប៊ុកលោកផ្ទាល់
ដោយ៖ សុង សុធាវី

ភ្នំពេញ៖ ក្នុង១ឆ្នាំភាពយន្តកម្ពុជាអាចផលិតបាន៣០រឿង ហើយ៥០ភាគរយ មានគុណភាព និងមានតែរឿង១ ឬ ពីររឿងប៉ុណ្ណោះ ដែលអាចនាំចេញទៅបរទេស។ ទាំងនេះ ក៏ព្រោះតែកត្តាគុណភាព ដែលចែកចេញជាពីរយ៉ាងទៀត គឺសមត្ថភាពភាពធនធានមនុស្សក្នុងស្រុក និងលទ្ធភាពហិរញ្ញវត្ថុរបស់អ្នកផលិត ។ នេះបើតាមប្រធាននាយកដ្ឋានភាពយន្តខ្មែរ លោក ប៉ុក  បូរ៉ាក់ ។

 
 
លោក ប៉ុក បូរ៉ាក់  ប្រធាននាយកដ្ឋានភាពយន្តខ្មែរ បានពន្យល់ថា ផលិតផលភាពយន្តខុសពីផលិតផលទំនិញផ្សេងទៀត។ ការជំរុញផលិតផលភាពយន្ត ត្រូវយកចិត្តទុកដាក់លើគុណភាព ដែលវាចែកចេញជាកត្តាសំខាន់ពីរ។ ក្នុងនោះ ការពង្រឹងសមត្ថភាពធនធានអ្នកផលិត និងលទ្ធភាពហិរញ្ញវត្ថុ ដែលផលិតករត្រូវចំណាយ ដើម្បីឱ្យភាពយន្តខ្មែរមានឱកាសនាំចេញទៅក្រៅប្រទេស។ 
 
ដើម្បីជ្រាបកាន់តែច្បាស់ សូមលោក លោកស្រី អ្នកនាងកញ្ញា ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ជាមួយ លោក ប៉ុក បូរ៉ាក់ ប្រធាននាយកដ្ឋានភាពយន្តខ្មែរ ដូចតទៅ៖


*
*


 
លោក បូរ៉ាក់ បន្ថែមថា៖ « សម័យបច្ចេកវិទ្យាភាពយន្តមានការវិវត្តន៍ច្រើន។ ភាពយន្តនៅប្រទេសជិតខាង គេចំណាយរាប់លានដុល្លារ ហើយយ៉ាងតិចក៏កន្លះលានដែរ។ ឯយើងហ៊ានផលិតចាប់ពី ៥ម៉ឺនដុល្លារ ទៅ ១០ម៉ឺនដុល្លារមិនអាចយកទៅប្រៀបធៀបគេបានទេ។ កន្លងមកមានរឿងយើងចេញទៅឥណ្ឌូនេស៊ី សិង្ហបុរី  ថៃ មានតិចតួចដែរ ដែលទាមទារឱ្យផលិតករទាំងនោះសម្រិតសម្រាំងគុណភាព ហើយក៏ចាយទុនពី៣០ ទៅ ៤០ម៉ឺនដុល្លារដែរ»។ 
 
«ចំពោះថាប៉ុន្មានឆ្នាំទៀតអាចនាំចេញទៅទីផ្សារអាស៊ាន មានតែត្រូវពង្រឹងសមត្ថភាពធនធានមនុស្សយើងជាប្រចាំ។ យើងបានចេញខ្លះហើយភាពយន្តខ្នាតវែង ក្នុងមួយឆ្នាំជិត៣០រឿង តែភាពយន្តមានគុណភាពក្នុងស្រុកមានមិនដល់៥០ភាគរយទេ។ ក្នុងនោះមានតែ១ ទៅពីររឿងអីទេ ដែលអាចនាំចេញទៅក្រៅប្រទេសបាន។ បើធៀបនឹងគេយើងអាចលំបាកត្រូវតែបណ្តុះបណ្តាលធនធានឱ្យច្រើនថែមទៀត»។
ទាំងនេះជាការបញ្ជាក់ របស់លោក ប៉ុក  បូរ៉ាក់ ប្រធាននាយកដ្ឋានភាពយន្តខ្មែរ ប្រាប់សារព័ត៌មានថ្មីៗ។
 
ទាក់ទងនឹងការហូរចូលនៃភាពយន្តបរទេសដែលមានវប្បធម៌ស្រដៀងគ្នានឹងកម្ពុជាពីប្រទេសជិតខាង លោក ហុក ប៊ុនរ៉ាក់ ពន្យល់ថា វារមែងមានការភាន់ច្រឡំគ្នា និងប៉ះពាល់ខ្លះហើយ តែសំខាន់គ្រប់គ្នាត្រូវសិក្សាស្វែងយល់ ថាអ្វីជារបស់ខ្មែរ ហើយអ្វីជារបស់គេ ។ 
 
ប្រធាននាយកដ្ឋានភាពយន្តខ្មែររូបនេះ សង្កត់ធ្ងន់ថា «បើយើងគិតលើជ្រុងមួយ ចុះបរិមាណរួមធំ? បើគេបិទយើង តើយើងប៉ះពាល់អ្វីខ្លះ? អ៊ីចឹងនេះជាចំណុចគួរពិចារណា តែយើងមិនបដិសេដទេ។ យើងនឹងសិក្សាលើវិធានការផ្ទៃក្នុងណាមួយ ដែលការពារផលប៉ះពាល់ កុំឱ្យវាជះឥទ្ធិពលខ្លាំង យើងបានគិតគូរលើបញ្ហាហ្នឹងដែរ»៕
 
 
 
 

Tag:
 វិស័យសិល្បៈភាពយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com