អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កូរ៉េខាងជើង បាញ់មីស៊ីលចម្ងាយមធ្យមរំលងជប៉ុន សំដៅមហាសមុទ្រប៉ាស៊ីហ្វិក
04, Oct 2022 , 8:59 am        
រូបភាព
កូរ៉េខាងជើង នៅថ្ងៃទី៤ ខែតុលា បាញ់មីស៊ីលបាលីស្ទិកចម្ងាយមធ្យមមួយគ្រាប់សំដៅមហាសមុទ្រប៉ាស៊ីហ្វិក ហើយហោះរំលងជប៉ុនថែមទៀត។ នេះជាលើកទី៥ ដែលកូរ៉េខាងជើងបាញ់មីស៊ីលក្នុងពេលជាងសប្ដាហ៍។

 
ខុសពីលើក៤ចុងក្រោយ មីស៊ីលដែលកូរ៉េខាងជើងបាញ់ព្រឹកថ្ងៃទី៤ ខែតុលា ជាប្រភេទមីស៊ីលបាលីស្ទិកចម្ងាយមធ្យមវិញម្ដង។ យោធាកូរ៉េខាងត្បូងអះអាងថា មីស៊ីលនេះ ត្រូវបានបាញ់ចេញពីតំបន់ Mupyong-ri ក្នុងខេត្ត Jagang ភាគខាងជើងប្រទេស។
 
ក្នុងសារទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ អគ្គសេនាធិការយោធាកូរ៉េខាងត្បូង បញ្ជាក់ថា ទន្ទឹមនឹងការតាមដាន និងការប្រុងប្រយ័ត្ន យោធាកូរ៉េខាងត្បូងត្រៀមលក្ខណៈជាស្រេចដោយមានកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអាម៉េរិក។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Yonhap។
 
កូរ៉េខាងជើង បាញ់មីស៊ីលចម្ងាយមធ្យមចុងក្រោយកាលពីខែមករាកន្លងមក។ មីស៊ីលចម្ងាយមធ្យម Hwasong-12 ហោះចម្ងាយជាង៨០០គីឡូម៉ែត្រនៅរយៈកម្ពស់ជាង១២០០០គីឡូម៉ែត្រ។
 
ការបាញ់លើកនេះ កើតឡើងស្របពេលយោធាកូរ៉េខាងត្បូង និងអាម៉េរិកបញ្ចប់សមយុទ្ធរួមគ្នា ដែលមានវត្តមាននាវាដឹកយន្តហោះចម្បាំងផង។ កាលពីសប្ដាហ៍ យោធាកូរ៉េខាងត្បូង និងអាម៉េរិក ក៏ធ្វើសមយុទ្ធជើងទឹកជាមួយជប៉ុនដែរ។

ប្រធា​នាធិបតីកូរ៉េខាងត្បូង យូន សុកយ៉ល ព្រមានពីការឆ្លើយតបដាច់ណាត់ចំពោះទង្វើរបស់ទីក្រុងព្យុងយ៉ាង។ ឯរដ្ឋាភិបាលជប៉ុនវិញ ប្រាប់ឱ្យប្រជាជនរបស់ខ្លួនរកទីតាំងសុវត្ថិភាពផងដែរ។ ប៉ុន្តែទីក្រុងតូក្យូ មិនបានប្រើប្រព័ន្ធការពារដើម្បីបាញ់ទម្លាក់មីស៊ីលរបស់កូរ៉េខាងជើងឡើយ។ នេះជាលើកដំបូងដែលមីស៊ីលកូរ៉េខាងជើងហោះកាត់ ឬហោះពីលើជប៉ុនតាំងពីឆ្នាំ២០១៧ មក៕
 
 
  
 

Tag:
 កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com