កីឡាជាតិ
ជាតិ
សម្ដេច ហ៊ុន សែន ​៖ បើកីឡាតំបន់អាស៊ីយើងទន់ខ្សោយ តែក៏មិនត្រូវទន់ខ្សោយសីលធម៌ដែរ
04, Oct 2022 , 11:03 am        
រូបភាព
ពីពីធីមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) លើកទី៤១ ចាប់ផ្តើមប្រព្រឹត្តទៅនាព្រឹកថ្ងៃអង្គារ ទី៤ ខែតុលា នេះ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ស្នើស្ថាប័នកីឡាតំបន់អាស៊ី ក៏ដូចជាក្រុមកីឡាក្នុងតំបន់ គ្រប់គ្រង និងគោរពឱ្យបានននូវក្រមសីលធម៌ក្នុងការប្រកួតឱ្យបានត្រឹមត្រូវ។



«ប្រសិនបើតំបន់អាស៊ីយើង មានភាពទន់ខ្សោយខាងកីឡាក៏ដោយចុះ ក៏ប៉ុន្តែយើងមិនត្រូវមានភាពទន់ខ្សោយក្នុងផ្នែកសីលធម៌ ក្នុងការគ្រប់គ្រងខាងកីឡានោះទេ»។ នេះជាការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ដែលស្នើសុំកុំឱ្យមានការរំលោភបំពាន និងប្រើអំពើហិង្សា នៅក្នុងការប្រកួត។
 
កាលពីថ្ងៃទី១ តុលា មានករណីក្រុមអ្នកគាំទ្របាល់ទាត់នៅឥណ្ឌូណេស៊ី រត់ចូលអុកឡុកក្នុងកីឡដ្ឋាន Kanjuruhan ក្រោយការប្រកួតរវាងក្រុម Arema FC ​និង Persebaya Surabaya បានបញ្ជប់ ដែលនាំឱ្យក្រុមអាជ្ញាធរចេញវិធានការបង្ក្រាប រហូតដល់មានអ្នករត់ជានន់គ្នាស្លាប់ជាង១៧០នាក់ និងរបួសជាង១០០នាក់។ ករណីបែបនេះ ក៏កើតមានច្រើនដែរ នៅក្នុងតំបន់អឺរ៉ុបផ្សេងៗទៀត មួយរយៈពេលចុងក្រោយនេះ។
 
ដោយសារមើលឃើញបញ្ហានេះហើយ ទើបសម្ដេច ហ៊ុន សែន ស្នើឱ្យស្ថាប័នកីឡាក្នុងតំបន់អាស៊ី ទប់ស្កាត់ និងគ្រប់គ្រងឱ្យបានលើផ្នែកក្រមសីលធម៌នេះ។«វាជាការចំបាច់ណាស់ ដែលត្រូវការពង្រឹងនូវក្របខណ្ឌក្រមសីលធម៌អំពីការប្រកួត ដែលវាមិនមែនគ្រាន់តែដើម្បីការឈ្នះ ក៏ប៉ុន្តែរំលោភបំពានទៅលើលក្ខខណ្ឌនៃការប្រកួត ឬប្រើអំពើហិង្សានោះទេ»។ នេះជាការបញ្ជាក់របស់នាយករដ្ឋមន្រ្តីកម្ពុជា។
 
កាលពីខែមករា ឆ្នាំ២០២២នេះ ក៏មានមនុស្សស្លាបចំនួន៨នាក់ និង៣៨នាក់រងរបួស ក្នុងហេតុការណ៍រត់ជាន់គ្នាមួយបានកើតឡើងក្នុងកីឡដ្ឋាន Yaounde Olembe ប្រទេសកាមេរូន មុនពេលការប្រកួតពានរង្វាន់ Africa Cup of Nations វគ្គ១៦ក្រុមចុងក្រោយដោយកាលនោះ កាមេរូនប្រកួតទល់ក្រុមជម្រើសជាតិ កូម៉ូរ៉ូ៕
 
 
 
 

Tag:
 ហ៊ុន សែន
  វិស័យកីឡា
© រក្សាសិទ្ធិដោយ thmeythmey.com