ជាតិ
ធ្លាប់ផ្អាកសិក្សា​៥ឆ្នាំ ធ្លាប់មើលកូនឱ្យគេ និងជាអ្នកអនាម័យ នូ សំណាង តស៊ូរហូត​រៀន​ចប់មហាវិទ្យាល័យ
04, Oct 2022 , 11:27 am        
រូបភាព
យុវជន នូ សំណាង ស្ថិតនៅក្នុងឯកសណ្ឋានត្រៀមទទួលសញ្ញាបត្របរិញ្ញាបត្រ នៅថ្ងៃទី៩តុលា ឆ្នាំ២០២២
យុវជន នូ សំណាង ស្ថិតនៅក្នុងឯកសណ្ឋានត្រៀមទទួលសញ្ញាបត្របរិញ្ញាបត្រ នៅថ្ងៃទី៩តុលា ឆ្នាំ២០២២
ពី​យុវជន​ម្នាក់​ដែល​ធ្លាប់​ផ្អាក​ការសិក្សាត្រឹម​ថ្នាក់ទី​៩​អស់រយៈពេល​៥​ឆ្នាំដោយសារតែគ្រួសារ​ក្រីក្រ និង​ជាប់បំណុល ពេល​នេះ យុវជន​ នូ សំណាងបាន​ក្លាយ​ជា​និស្សិត​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញា​បត្រ​លើ​ជំនាញទំនាក់​ទំនង​អន្តរជាតិ។ទោះដឹង​ថា ដំណើរ​ទៅ​មុខ​ត្រូវជួបឧបសគ្គ​បន្ថែមទៀត​ក៏ដោយប៉ុន្តែ​យុវជន​វ័យ​ជិត​៣០ឆ្នាំ​ពីស្រុកកណ្តាល​ស្ទឹង ខេត្តកណ្តាល​រូបនេះ​នៅតែ​បន្ត​ដាក់គោលដៅ​សិក្សា​របស់ខ្លួន​ដល់ថ្នាក់​បរិញ្ញា​បត្រជាន់ខ្ពស់។

 
ដើមឡើយ កត្តា​ជីវភាព​បាន​នាំឲ្យ យុវជន ​សំណាងត្រូវបង្ខំចិត្តឈប់រៀននៅ​ត្រឹម​ថ្នាក់​ទី​៩ហើយ​ទៅ​​ចាប់រៀន​​ជំនាញជួសជុល​​ម៉ូតូ/រថយន្ត នៅ​រាជធានីភ្នំពេញតាមបំណង​របស់ឪពុក​ម្តាយ។ គេ​​រំពឹង​ថា ជំនាញ​វិជ្ជាជីវៈនេះជួយ​ឲ្យគេ​រក​បាន​ចំណូល​ផ្គត់ផ្គង់​គ្រួសារនៅឯស្រុក​កំណើត។

កាលពីអំឡុង​ខែមីនា ឆ្នាំ​២០១០ សំណាង​បាន​មក​ស្នាក់​នៅអាស្រ័យ​ជាមួយ​ស្ត្រីម្នាក់​នៅក្នុងខណ្ឌចំការមន ដែល​ឪពុក​របស់ខ្លួន​បាន​ស្គាល់​។ គោលបំណង​គឺ​ចង់ពឹងពាក់ឲ្យ​គាត់ជួយ​ចាត់ចែង​ និងផ្តល់​ឱកាស​ខ្លួន​ទៅធ្វើ​ជាងជួសជុល​ម៉ូតូ/រថយន្ត។
 
 អ្វីៗមិនដូចជាការគ្រោងទុកនោះឡើយ សំណាង បែរជា​បង្ខំចិត្ត​ធ្វើ​ការងារផ្សេងក្រៅពីនេះ ហើយ​ក៏មិនទទួលបាន​ប្រាក់កម្រៃនោះដែរ។ «ពេលខ្ញុំឃើញអ៊ំម្ចាស់ផ្ទះឱ្យកូនទៅរៀនស្រាប់តែចង់ទៅរៀនដែរ ហើយ[ក៏]ភ្ញាក់ខ្លួនដឹងថា [ខ្ញុំ]គិតខុសហើយ។ ខ្ញុំនឹកស្រណោះខ្លួនមិនគួរចោលការសិក្សាឡើងមកទីក្រុងឡើយ»។ យុវជនសម្បុរស្រអែម និងសក់រួញអង្គាសដីរូបនេះបានរៀបរាប់​ទាំងទឹកមុខស្រពោន។
 
ឆ្លៀតរៀនអង់គ្លេស កុំព្យូទ័រ និង​ចាប៉ី...

ព្រោះតែមានជំនក់ចិត្ត និងយល់ច្បាស់ពីតម្លៃនៃការសិក្សា សំណាង ក៏សម្រេចចិត្តសុំម្ចាស់ផ្ទះទៅរៀនភាសាអង់គ្លេសមួយម៉ោងក្នុងមួយថ្ងៃ​នៅអង្គការមួយក្បែរផ្ទះ។​ លទ្ធផល​សិក្សា​បាន​ផ្លែផ្កា ហើយ​បន្ទាប់មក សំណាង បាន​ឆ្លៀត​ទៅ​រៀន​កុំព្យូទ័រ និង​ចាប៉ី ដោយឥតគិតថ្លៃ នៅ​អង្គការមួយ​កន្លែងទៀត។
 

នូ សំណាង កំពុងសម្តែងចាប៉ី 

ជាមួយសមត្ថភាព និងភាព​ប៉ិនប្រសប់ខាងវោហារសព្ទ សំណាង ទទួលបានឱកាសទៅសម្ដែងចាប៉ីនៅប្រទេសសិង្ហបុរី នា​អំឡុងឆ្នាំ២០១៣ តាមរយៈអង្គការដែលខ្លួនបានរៀន។ ក្រោយត្រឡប់ពីការសម្តែងសិល្បៈវិញ  សំណាងក៏​រកបានការងារដំបូងសម្រាប់ជីវិតខ្លួន ដោយធ្វើជាអ្នកមើលកូនឱ្យជនបរទេសនៅគ្រួសារដែលទទួលប្រាក់៥៥ដុល្លារក្នុងមួយខែ។ 

ដោយសារតែ​មិន​សូវមាន​ពេល​វេលាគ្រប់គ្រាន់ក្នុងការជួយ​កិច្ច​ការ​ផ្ទះ​ និង​បញ្ហាមួយចំនួន សំណាង​បាន​សម្រេច​ចិត្ត​សុំម្ចាស់ផ្ទះ​ទៅ​រស់នៅ​ដោយ​ឯករាជ្យ​ខ្លួន​ឯង ហើយ​បន្ត​ដើរតាម​គោលដៅជីវិត​ខ្លួន​។
 
អត្តា ហិ អត្តនោ នាថោ..

ខ្លួនទីពឹងខ្លួន..ជីវិតមិនងាយ​ស្រួលនោះឡើយ​សម្រាប់​អ្នកដែល​កើត​ក្នុងគ្រួសារក្រីក្រ​ដូចជា​សំណាង។ ក្រោយ​ការ​ចាក​ចេញ​ទៅ​រស់នៅ​តែម្នាក់ឯង យុវជន​រូបនេះ បាន​ទៅធ្វើ​ជាអ្នក​សម្អាត​អនាម័យ​ពេលយប់​នៅ​ក្នុង​បារបារាំងមួយ​កន្លែង​ម្តុំ​មាត់​ទន្លេ ដោយ​ទទួលបាន​ប្រាក់​៩៥ដុល្លារ​ក្នុង​១ខែ។​
 
ការងារពេល​យប់ អនុញ្ញាតឱ្យសំណាង មានពេលកាន់តែច្រើនក្នុងការបន្ត​រៀន​ចាប៉ី ភាសាអង់គ្លេស រៀនកុំព្យូទ័រ។ ភាពក្លាហាន និងតស៊ូក្នុងជីវិត ពិសេសការខិតខំប្រឹងប្រែងរៀនសូត្ររបស់សំណាង ត្រូវបាននាយក​អង្គការពង្រឹងយុវជនកម្ពុជាដែលបង្រៀនភាសាអង់គ្លេសនិងកុំព្យូទ័រមើលឃើញ ហើយ​ផ្តល់ជំនួយឱ្យគេចូលរៀនសាលារដ្ឋឡើងវិញ។
 

 
 «គ្រាន់តែឮអ៊ីចឹង!ខ្ញុំសប្បាយចិត្តដូចត្រូវឆ្នោត ដោយសារវាក្តីសុបិនជាយូរមក​ហើយ គ្រាន់តែយើងអត់មានអ្នកជួយជំរុញ និងគាំទ្ររឿងឯកសារចូលរៀន»។ សំណាងបានថ្លែងបែបនេះមកកាន់សារព័ត៌មានថ្មីៗ ទាំងក្តីរំភើប ដោយនឹកឃើញទិដ្ឋភាពពេលនាយក​អង្គការផ្ដល់ឱកាសដ៏ធំនេះដល់​ខ្លួន​។
 
លើសពីឱកាសរៀនសូត្រឡើងវិញ សំណាង ក៏ត្រូវបានអ្នកគ្រប់គ្រងអង្គការឱ្យទៅធ្វើជំនួយកា រនិងជា​អ្នកទទួលភ្ញៀវ នៅសាលាសិល្បៈតន្ត្រីខ្មែរអមតៈ​ ដែលគ្រប់គ្រងដោយ អង្គការពង្រឹងយុវជនកម្ពុជា ផងដែរ។ 
 
ចូលរៀនថ្នាក់ទី៩ឡើងវិញក្រោយ​ខកខាន​៥ឆ្នាំ
 
សំណាង បានចូលរៀនថ្នាក់ទី៩ឡើង​វិញក្នុងនាមជាសិស្សស្វៃរិន​។  ត្បិត​មានឈ្មោះជាសិស្សរៀនក្រៅថ្នាក់ និង ឈប់រៀនអស់រយៈពេល៥ឆ្នាំមកហើយក្តីប៉ុន្តែលទ្ធផលនៃការប្រឡងថ្នាក់មធ្យមសិក្សាបឋមភូមិ (ឌីប្លូម) របស់យុវជនរូបនេះគឺជាប់ដោយទទួលបាននិទ្ទេសល្អបង្គួរ។ លទ្ធផលដ៏ល្អប្រសើរនេះបានតាមរយៈការព្យាយាមស្រាវជ្រាវមេរៀននានាដែលពាក់ព័ន្ធនឹងការប្រឡងលើប្រព័ន្ធអ៊ីនធឺណិតនិងការប្រឹងប្រែងរៀនសូត្រដោយខ្លួនឯងនៅផ្ទះ។ 
 
​ប្រឡងជាប់ឌីប្លូមនៅ​ឆ្នាំ​២០១៥ បីឆ្នាំក្រោយ​មក សំណាង​ បាន​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យម​សិក្សាទុតិយភូមិ (បាក់ឌុប) និទ្ទេស D តែ​ក្នុងនាម​សិស្សទូទៅ មិន​មែន​ស្វៃរិន​នោះឡើយ។
 
យុវជន​រូបនេះ បាន​រំលឹក​ថា៖ «ពេល​កំពុងត្រៀម​ប្រឡងបាក់ឌុបខ្ញុំក៏ប្រឡងយកបានអាហារូបករណ៍រៀនភាសាអង់គ្លេសរយៈពេល៣ឆ្នាំនៅមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្ដុះបណ្ដាល (ACE) ផងដែរ​»។
 
បន្ទាប់ពីប្រឡងជាប់បាក់ឌុប​ ស្ថិតក្នុងវ័យ២៦ឆ្នាំសំណាងត្រូវបានម្ចាស់អង្គការ បន្ត​ជ្រោមជ្រែង​ឱ្យទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រលើជំនាញទំនាក់ទំនងអន្តរជាតិ នៅសាលកវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន។  
 
វិថីលើនៅ​ឧត្តមសិក្សា..

ថ្ងៃទីមួយនៃការឈានចូលនៅមហាវិទ្យាល័យ សំណាងហាក់មាន​អារម្មណ៍ខ្មាស់គេព្រោះតែខ្លួន​មានអាយុច្រើន។ ទោះថាមានកូនចិត្តបែបនេះក៏ពិតមែនប៉ុន្តែយុវជនមកពីខេត្តកណ្តាលមកនេះ នៅតែដាក់ចិត្តដាក់កាយខំរៀនសូត្រ។
 
សំណាង​បានបញ្ជាក់យ៉ាងដូច្នេះ៖​«ខ្ញុំខ្មាសគេដែរពេលទៅរៀននៅសាលាដែលមានសុទ្ធតែក្មេងៗស្លៀកពាក់ស្អាតបាតទាន់សម័យ ហើយសាលាក៏ទំនើបទៀត។តែខ្ញុំក៏មិនបានគិតច្រើនពីរឿងទាំងនេះដែរ ព្រោះខ្ញុំបានដាក់គោលដៅយ៉ាងមោះមុតថាទោះយ៉ាងណាក៏ខ្ញុំត្រូវខំរៀនឱ្យចប់ចុងចប់ដើម និងមិនបោះបង់ចោលទៀតទេ»។ 
 
ការតស៊ូរៀន៤ឆ្នាំនៅមហា​វិទ្យាល័យរបស់ នូ សំណាង​ ត្រូវបានបញ្ចប់ដោយជោគជ័យ កាល​ពី​ខែកក្កដា​ ឆ្នាំ២០២២ ក្នុងវ័យ៣០ឆ្នាំ។ បច្ចុប្បន្នយុវជន​រូបនេះ កំពុងបម្រើការងារនៅស្ថាប័នមួយ ដែលទទួលបានប្រាក់ខែសមរម្យ។ សំណាងបានបង្ហាញនូវមោទកភាពចំពោះខ្លួនឯង ដែលនាំកិត្តិយសជូនគ្រួសារនិងបានសម្រេចនូវគោលដៅរបស់ខ្លួនលើការសិក្សានេះ​។
 
សំណាង បានអះអាងថា​៖ «ការសិក្សាជារឿងសំខាន់បំផុត ហើយវាគ្មានឧបសគ្គណាអាចរារាំងនូវឆន្ទៈដែលខ្ញុំចង់រៀនសូត្រនេះបានឡើយ សូម្បីតែគ្មានលុយនិងមានអាយុច្រើនក៏ដោយ។ ខ្ញុំមានមោទកភាពខ្លួនឯងជាខ្លាំងដែលខ្ញុំសម្រេចចិត្តត្រឡប់មករៀនវិញ ហើយទទួលបានជោគជ័យបែបនេះ»។ 
 
ការរៀនចប់ថ្នាក់បរិញ្ញាបត្រ គឺជាទ្រព្យសម្បត្តិមហាសាល ព្រោះវាបានជួយយុវជនរូបនេះ ឱ្យមានជីវិតល្អប្រសើរឡើងហើយថែមទាំងមានចំណូលអាចជួយទំនុកបម្រុងជីវភាពគ្រួសារបានថែមទៀត។
 
បើតាមសំណាង ឆន្ទៈក្នុងការសិក្សានៅតែមានក្នុងចិត្តដោយលោកបានបំណងបន្តការសិក្សានៅថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ​នៅក្នុងពេលវេលាសមស្របណាមួយនាពេលអនាគត។ ​«ខ្ញុំមិនទាន់ស្កប់ស្កល់នឹងការសិក្សាឡើយ ទោះបីបច្ចុប្បន្នខ្ញុំមានអាយុច្រើនក៏ដោយ ព្រោះការសិក្សា ជាក្តីស្រមៃខ្ញុំ»៕ 
 
 
 
 

Tag:
 អប់រំ
  ខេត្តកណ្តាល
© រក្សាសិទ្ធិដោយ thmeythmey.com