អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក Svante Paabo ដែលតម្រៀបសែនមនុស្សជំនាន់ដើម ជាម្ចាស់ពានណូបែលវេជ្ជសាស្រ្តឆ្នាំ២០២២
04, Oct 2022 , 1:59 pm        
រូបភាព
លោក Svante Paabo ម្ចាស់ពានរង្វាន់ណូវែលផ្នែកវេជ្ជសាស្រ្តឆ្នាំ២០២២។ រូបថត AFP
លោក Svante Paabo ម្ចាស់ពានរង្វាន់ណូវែលផ្នែកវេជ្ជសាស្រ្តឆ្នាំ២០២២។ រូបថត AFP
លោក Svante Paabo អ្នកវិទ្យាសាស្ត្រជនជាតិស៊ុយអែត ជាម្ចាស់ពានរង្វាន់ណូបែលផ្នែកសរីរវិទ្យា ឬវេជ្ជសាស្រ្ត ប្រចាំឆ្នាំ២០២២។ លោក Paabo បានរកឃើញទំនាក់ទំនងរបស់សែនមនុស្សជំនាន់ដើមដែលផុតពូជ និងការវិវឌ្ឍរបស់មនុស្សពេលបច្ចុប្បន្ន។ នេះបើតាមការប្រកាសរបស់លោក Thomas Perlman អគ្គលេខាធិការនៃគណៈកម្មាធិការណូបែល នៅវិទ្យាស្ថាន Karolinska ថ្ងៃទី៣ ខែតុលា។



ម្ចាស់ពានរង្វាន់ណូបែលផ្នែកឱសថប្រចាំឆ្នាំ២០២២ លោក Svante Paabo បានកើតនៅឆ្នាំ១៩៥៥ នាទីក្រុងស្តុកខុល របស់ស៊ុយអែត។ លោក Paabo ជាកូនប្រុសរបស់ជីវគីមីវិទូម្នាក់ដែលបានឈ្នះរង្វាន់ណូបែលផ្នែកវេជ្ជសាស្រ្តដែរ គឺលោក Sune Bergström។ លោក Paabo ជាប្រធាននាយកដ្ឋានសិក្សាពីសែននៃវិទ្យាស្ថាន Max Planck សម្រាប់ការវិវត្តន៍នរវិទ្យានៅអាល្លឺម៉ង់ និងជាសាស្រ្តាចារ្យនៅវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា Okinawa របស់ជប៉ុន។
 
ពានរង្វាន់​​ណូបែលផ្នែកដ៏​មាន​កិត្យានុភាព​បំផុត​ក្នុង​ពិភព​វិទ្យាសាស្ត្រ​ ត្រូវ​បានប្រគល់ឱ្យលោក Paabo ​ដោយ​សភា​ណូបែល​នៃ​វិទ្យាស្ថាន Karolinska របស់​ស៊ុយអែត។​ ពានរង្វាន់នេះមាន​តម្លៃជាទឹកប្រាក់ជាង ៩០ម៉ឺនដុល្លារ។ 
 
លោក Paabo បានទទួលពានរង្វាន់ដោយសារលោកបានតម្រៀបសែនទាំងមូលរបស់ពួកមនុស្សជំនាន់ដើម Neanderthal ដើម្បីបង្ហាញពីទំនាក់ទំនងរវាងសែនមនុស្សផុតពូជ និងមនុស្សសម័យទំនើប។ លើសពីនេះ លោកក៏មានស្នាដៃរួមចំណែកក្នុងការរកឃើញអម្បូរមនុស្សជំនាន់ដើម Denisovans ចេញពីព័ស្តុតាងបំណែកឆ្អឹងម្រាមដៃដែលមានអាយុកាល៤ម៉ឺនឆ្នាំនៅស៊ីបេរីដែរ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន Reuters។
 
កាលពីឆ្នាំ២០២១ ពានរង្វាន់ណូបែលផ្នែកនេះ បានទៅជនជាតិអាម៉េរិក២រូប លោក David Julius និងលោក Ardem Patapoutian ដែលបានរកឃើញប្រូតេអ៊ីនមាននាទីទទួលព័ត៌មាននៅក្នុងស្បែករបស់មនុស្សដែលដឹងពីសីតុណ្ហភាព និងការប៉ះទាំងអស់ បំប្លែងទៅជាកម្លាំងជំរុញសរសៃប្រសាទ។ 
 
ក្រៅពីនេះ ក៏មានអ្នកស្រាវជ្រាវដ៏ល្បីល្បាញជាច្រើនទៀតឈ្នះពានណូបែលក្នុងវិស័យឱសថដែរ ដូចជាលោក Alexander Fleming ដែលបានរកឃើញថ្នាំ Penicillin និងលោក Robert Koch ដែលបានរកឃើញវីរុសបង្កជំងឺរបេង។
 
ពិធីប្រគល់ពាន នឹងធ្វើនៅខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងស្តុកខុល៕
 

Tag:
 ស៊ុយអែត
© រក្សាសិទ្ធិដោយ thmeythmey.com