កីឡាអន្តរជាតិ
អន្តរជាតិ
រត់ជាន់គ្នានៅកីឡដ្ឋានឥណ្ឌូណេស៊ី៖ កុមារ៣២នាក់ស្លាប់ ឯមេប៉ូលិសតំបន់ត្រូវបណ្តេញពីតំណែង
04, Oct 2022 , 3:29 pm        
រូបភាព
រូបភាព៖AFP
រូបភាព៖AFP
 យ៉ាងហោចណាស់មានកុមារចំនួន ៣២នាក់បានស្លាប់ ក្នុងចំណោមអ្នកស្លាប់ទាំង១២៥នាក់ក្នុងហេតុការណ៍រត់ជាន់គ្នានៅកីឡដ្ឋានបាល់ទាត់ឥណ្ឌូណេស៊ី។ នេះបើតាមសម្តីមន្ត្រីមួយរូបប្រាប់ទីភ្នាក់ងាសារព័ត៌មាន AFP នារាត្រីថ្ងៃទី៣ ខែតុលា។ មេប៉ូលិសក្រុងម៉ាឡាង នៃខេត្តជ្វាខាងកើតត្រូវបានបណ្តេញចេញពីតំណែង ដើម្បីជាការឆ្លើយតបចំពោះឧប្បត្តិហេតុដែលបង្កឱ្យមានអ្នកស្លាប់ដ៏ច្រើននេះ។



សោកនាដកម្មកាលពីរាត្រីថ្ងៃទី១ ខែតុលា ក្នុងទីក្រុងម៉ាឡាង បានធ្វើឱ្យមនុស្សចំនួន ១២៥នាក់បាត់បង់ជីវិត និងមនុស្សរងរបួសចំនួន ៣២៣នាក់ ក្រោយពេលមន្រ្តីប៉ូលិលដែលការពារសន្តិសុខក្នុងការប្រកួតបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងអ្នកគាំទ្រក្រុម Arema FC ដែលបានអុកឡុងក្នុងទីលាន ក្រោយក្រុមប្រកួតចាញ់។ 
 
បើតាមមន្ត្រីមួយរូបមានតួនាទីក្នុងក្រសួងផ្តល់សិទ្ធិអំណាចស្ត្រី និងការពារកុមារ នៃប្រទេសឥណ្ឌូណេស៊ី ប្រាប់ទៅទីភ្នាក់ងារ AFP ថា កុមាររាប់សិបនាក់រកឃើញថាបានស្ថិតនៅក្នុងភាពវឹកវរ និង៣២នាក់បានបាត់បង់ជីវិត។ ជាពិសេសមន្ត្រីរូបនោះក៏បានអះអាងថាកុមារដែលបានស្លាប់ទាំងនោះមានអាយុត្រឹមតែ ៣ឬ៤ ឆ្នាំប៉ុណ្ណោះ។
 
«ពីទិន្នន័យចុងក្រោយដែលយើងទទួលបាន ក្នុងចំណោមមនុស្ស ១២៥នាក់ដែលបានស្លាប់ក្នុងហេតុការណ៍ មាន៣២នាក់ជាកុមារតូចៗ។»។ នេះបើតាមសម្តីមន្ត្រីរូបនោះ។​
 
ខណៈកំហឹងបានកើតឡើងខ្លាំងប្រឆាំងនឹងប៉ូលិសក្នុងតំបន់ទីក្រុងម៉ាឡាង រដ្ឋមន្ត្រីក្រសួងសន្តិសុខឥណ្ឌូណេស៊ីលោក Mahfud MD ក៏បានធ្វើសេចក្តីថ្លែងការណ៍ថា ក្រុមការងារបានបើកការស៊ើបអង្កេតលើរឿងឧប្បត្តិហេតុនៃកីឡដ្ឋាន Kanjuruhan រួចរាល់ហើយ។ លោក Mahfud ក៏បានអំពាវនាវបន្ថែមឱ្យមានការដាក់ទណ្ឌកម្មចំពោះជនណាដែលត្រូវរកឃើញថាជាអ្នកត្រូវទទួលខុសត្រូវក្នុងហេតុការណ៍នោះថែមទៀត។
 
ក្រោយពេលមានសេចក្តីថ្លែងការណ៍ពីសំណាក់លោក Mahfud MD រួចមិនដល់ប៉ុន្មានម៉ោងផងនោះ មេប៉ូលិសស្ថិតក្នុងទីក្រុងម៉ាឡាងត្រូវបានបណ្តេញចេញពីតួនាទី។ ស្ថាប័នមន្ត្រីប៉ូលិសខេត្តជ្វាខាងកើត ក៏បានសម្រេចព្យួរមន្ត្រីខ្លួនចំនួន ៩រូបផងដែរ ទាក់ទង់នឹងសោកនាដកម្មដែលបានកើតឡើងក្នុងកីឡដ្ឋានរបស់ក្លិប Arema FC៕
 
 
 
 

Tag:
 Stadium Disaster
© រក្សាសិទ្ធិដោយ thmeythmey.com