ជាតិ
«គ្រូ​បង្រៀន​យើង អនាគតយើង ប្រទេសជាតិយើង» !
05, Oct 2022 , 8:59 am        
រូបភាព
អ្នកគ្រូបង្រៀននៅក្នុងវិទ្យាល័យកំពង់ស្ពឺ
អ្នកគ្រូបង្រៀននៅក្នុងវិទ្យាល័យកំពង់ស្ពឺ
 ភ្នំពេញ៖ នៅ​ថ្ងៃទី​៥ តុលានេះ ក្រសួង​អប់រំ យុវជន និង​កីឡា នឹងរៀបចំ​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​គ្រូបង្រៀន ៥ តុលា នៅ​វិទ្យាស្ថាន​គរុកោសល្យ​រាជធានី​ភ្នំពេញ។ ទិវាគ្រូបង្រៀនឆ្នាំ​២០២២នេះ ប្រារព្ធ​ឡើង​ក្រោម​ប្រធាន​បទ «គ្រូ​បង្រៀន​យើង អនាគតយើង ប្រទេសជាតិយើង»។



ក្នុង​ឆ្នាំ​២០២២នេះ ក្រសួង​អប់រំ យុវជន និង​កីឡា នឹង​រៀប​ចំ​​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​គ្រូបង្រៀន ៥ តុលា ខួប​លើក​ទី​២៥​ដោយ​ផ្ទាល់ ក្រោមប្រធានបទ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង» នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​អប់រំ កម្មវិធីនេះ ប្រារព្ធទៅរយៈពេល១ថ្ងៃ ដោយមាន​ការចូលរួម​ពី​រដ្ឋមន្រ្តី​ក្រសួង​អប់រំ, លោកគ្រូ​ អ្នកគ្រូ, អង្គការ​យូណេស្កូ, សមាគមគ្រឹះស្ថាន​ឧត្តម​សិក្សា​កម្ពុជា និង​តំណាង​ដៃគូអភិវឌ្ឍន៍​ពាក់ព័ន្ធ។
 
ជាមួយ​គ្នានេះ ក្នុង​កម្មវិធីនេះ ក៏​មាន​បាឋកថា​របស់​លោក ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួង​អប់រំ ស្ដីពី​ «​ភាព​ជា​អ្នក​ដឹក​នាំ​សាលា​រៀន គឺជា​គន្លឹះ​នៃ​កំណែ​ទម្រង់​សាលារៀន»។ លើសពីនេះ ក៏​មានវេទិកា​ពិភាក្សា​តុមូល​ ក្រោម​ប្រធាន​បទ «​ការ​​ធ្វើ​បរិវត្តកម្ម​ក្នុង​វិស័យ​អប់រំ​ ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព»ផងដែរ។
 
សូម​បញ្ជាក់ថា ទិវា​គ្រូបង្រៀន ៥ តុលា ជា​ទិវា​មួយ​កើត​ឡើង​ក្រោម​គំនិត​ផ្ដួចផ្ដើម​របស់​សម្ដេច ហ៊ុន សែន​ នាយក​រដ្ឋ​មន្រ្តី​កម្ពុជា​ តាំង​ពី​ឆ្នាំ​១៩៩៧។ ទិវា​នេះ មាន​គោល​បំណង​បំផុស​ឡើង​វិញ​នូវ​វប្បធម៌​ និង​ប្រពៃ​ណី នៃ​ការ​រម្លឹក​គុណូបការៈ​របស់​សិស្ស​ ចំពោះ​គ្រូ​បង្រៀន​នៅ​ទូទាំង​ប្រទេស​៕ 
 
 

Tag:
 គ្រូបង្រៀន
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com