ជាតិ
កម្ពុជា នឹងមានភ្លៀងលាយឡំរន្ទះ និងខ្យល់កន្រ្តាក់រយៈពេល៧ថ្ងៃ
04, Oct 2022 , 4:52 pm        
រូបភាព
ភ្លៀង ធ្លាក់ពីតិចទៅច្រើននៅទូទាំងប្រទេសកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២។ ខេត្តចំនួន២២ បានរងជំនន់ទឹកភ្លៀង ខណៈភ្លៀងនឹងបន្តធ្លាក់រហូតដល់ថ្ងៃទី១១ ខែតុលា។ រូបថត៖ ក្រសួងធនធានទឹក និងឧតុនិយម
ភ្លៀង ធ្លាក់ពីតិចទៅច្រើននៅទូទាំងប្រទេសកាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២។ ខេត្តចំនួន២២ បានរងជំនន់ទឹកភ្លៀង ខណៈភ្លៀងនឹងបន្តធ្លាក់រហូតដល់ថ្ងៃទី១១ ខែតុលា។ រូបថត៖ ក្រសួងធនធានទឹក និងឧតុនិយម
ភ្នំពេញ៖ កម្ពុជា នឹងមានភ្លៀងធ្លាក់លាយឡំផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ចាប់ពីថ្ងៃទី៥ ខែតុលា ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២។ ស្ថានភាពបែបនេះ បណ្ដាលមកពីកម្ពុជា រងប្រព័ន្ធសម្ពាធទាប និងខ្យល់មូសុងនិរតីខ្សោយ។ 

 
បើតាមក្រសួងធនធានទឹក និងឧតុនិយម តំបន់ទំនាបកណ្ដាល នឹងមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ ផ្នែកខ្លះនៃបណ្ដាខេត្តនៅភាគពាយ័ព្យ និងភាគខាងជើងប្រទេសវៀតណាម នឹងមានភ្លៀងធ្លាក់ច្រើនដោយអន្លើ។ តំបន់ទំនាបកណ្ដាល នឹងមានសីតុណ្ហភាពអប្បបរមា ពី២២ ដល់ ២៤ អង្សាសេ។ សីតុណ្ហភាពអតិបរមា នឹងមានពី៣១ ដល់៣៣ អង្សាសេ។ 
 
តំបន់ខ្ពង់រាប នឹងមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើន លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ តំបន់ទំនាប នឹងមានសីតុណ្ហភាពអប្បបរមា ពី២១ ទៅ២៣ អង្សាសេ និងអតិបរមា ពី៣០ ទៅ៣២ អង្សាសេ។ ជាមួយគ្នានេះ តំបន់មាត់សមុទ្រ នឹងមានភ្លៀងពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់។ តំបន់មាត់សមុទ្រ នឹងមានសីតុណ្ហភាពអប្បបរមា ពី២២ ទៅ២៤ អង្សាសេ និងអតិបរមាពី ២៩ ទៅ៣១ អង្សាសេ។ 
 
លោក សុទ្ធ គឹមកុលមុន្នី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានបញ្ជាក់កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ថា ខេត្តចំនួន២២ កំពុងរងនូវផលប៉ពាល់ដោយសារទឹកជំនន់។ ខេត្តចំនួន៦ រួមមានខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ បាត់ដំបង និងខេត្តពោធិ៍សាត់ រងផលប៉ះពាល់ខ្លាំងជាងគេ។ ដោយឡែក ខេត្តកំពង់ធំ កំពុងស្ថិតនៅក្នុងកម្រិតលើសពីការប្រុងប្រយ័ត្នជាលើកទី៤។​ 
 
សូមជម្រាបថា ភ្លៀងនឹងបន្តធ្លាក់ច្រើន នៅតំបន់ផ្ទៃរងទឹកភ្លៀង នៃអាងទន្លេមេគង្គ ដែលអាចធ្វើឱ្យទឹកទន្លេមេគង្គ កើនឡើងវិញ ជាបន្តបន្ទាប់។ ទន្ទឹមនឹងនោះ កម្ពុជាកំពុងរងនូវផលប៉ះពាល់ ក្នុងនោះខេត្តចំនួន២២ ស្មើនឹង៩០ ក្រុង ស្រុក ខណ្ឌ រួមទាំងឃុំ សង្កាត់ចំនួន៣០៥ រងផលប៉ះពាល់ដូចគ្នា។ ជាមួយគ្នានេះ ប្រជាជនប្រមាណជាង ៧ម៉ឺន៤ពាន់គ្រួសារ កំពុងរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់។ ក្នុងនោះប្រជាជនជម្លៀសមានប្រមាណជាង​ ១ម៉ឺន៦ពាន់គ្រួសារ៕ 
 
 

Tag:
 ភ្លៀង
  អាកាសធាតុ
  ជំនន់ទឹកភ្លៀង
© រក្សាសិទ្ធិដោយ thmeythmey.com