ជាតិ
កូនផ្សោតមួយក្បាលទៀត ត្រូវបានគេប្រទះឃើញនៅក្នុងទន្លេមេគង្គ
04, Oct 2022 , 9:59 pm        
រូបភាព
កូនផ្សោតដែលទើបកើតបាន ២សប្ដាហ៍នៅក្នុងទន្លេមេគង្គ។ រូបភាព៖ WWF
កូនផ្សោតដែលទើបកើតបាន ២សប្ដាហ៍នៅក្នុងទន្លេមេគង្គ។ រូបភាព៖ WWF
ដោយ:
 កូនផ្សោតមួយក្បាលមានអាយុប្រមាណ ២សប្ដាហ៍ ត្រូវបានគេប្រទះឃើញហែលទឹកលេង នៅក្នុងទន្លេមេគង្គ។

 
ក្រុមការងាររដ្ឋបាលជលផល និងអង្គការ WWF កាលពីថ្ងៃទី ២ខែតុលា ឆ្នាំ២០២២ បានថតរូបកូនផ្សោតទន្លេមេគង្គមួយក្បាល ដែលមានអាយុប្រហែល ២សប្ដាហ៍។ បើតាមកំណត់ត្រា កូនផ្សោតដែលទើបចាប់កំកើតថ្មីនេះ ជាកូនទី ៦ហើយនៅក្នុងឆ្នាំនេះ។ កាលពីឆ្នាំ២០២១ ក៏បានកត់ត្រាកូនផ្សោតចំនួន ៦ក្បាលផងដែរ។
 
លោក សេង ទៀក នាយក​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ (WWF) បានឱ្យដឹងថា ក្រុមការងារជំនាញ កំពុងចុះសិក្សាស្រាវជ្រាវអំពីចំនួនសត្វផ្សាត ក្នុងតំបន់ទីជម្រកស្ថិតនៅចម្ងាយប្រហែល ៣គីឡូម៉ែត្រពីអន្លង់កាំពីនៃខ្សែទឹកខាងលើ ក្នុងស្រុកសំបូរ ខេត្តក្រចេះ។ 
 
នាយក​អង្គការ WWFរូបនេះ បានបញ្ជាក់ថា៖ «កាលណាយើងចង់ដឹងថាផ្សោតជាកូនថ្មី គឺត្រូវធ្វើការសិក្សាស្រាវជ្រាវ និងចំណាយពេលច្រើននៅលើទូក ព្រោះការថតផ្សោតកើតថ្មីមួយៗមិនងាយស្រួលទេ។ សត្វមិនអាចសងំនៅក្នុងទឹករហូតបានទេ ៣ ទៅ ៥នាទី វាងើបមួយភ្លេត អ៊ឹចឹងអ្នកស្រាវជ្រាវត្រូវចាំឱកាសថតយកក្នុងពេលហ្នឹង ដើម្បីបញ្ជាក់ថា ជាផ្សោតទើបកើត»។ 
ចំពោះផ្សោតពេញវ័យ ៣ ទៅ៤ឆ្នាំ ដែលមានអត្តសញ្ញាណ ពោលគឺមានស្លាកស្នាមនៅលើព្រុយខ្នងរបស់វា ក្រុមអ្នកជំនាញងាយស្រួលកំណត់លេខសម្គាល់ និងពិនិត្យមើលផ្ទៀងផ្ទាត់នៅក្នុងទិន្នន័យចាស់។ លោក សេង ទៀក បន្តថា បើព្រុយខ្នងវាពុំទាន់ដាច់ និងគ្មានស្នាកស្នាម គឺក្រុមការងារអាចសន្និដ្ឋានបានថា ជាផ្សោតថ្មី។
 
រដ្ឋបាលជលផល និងអង្គការ WWF បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីការពារតំបន់ដែលជាទីជម្រកសត្វផ្សោត និងបន្តពង្រឹងការអនុវត្តច្បាប់ជលផល និងវិធានការអភិរក្សសត្វផ្សោត តាមដងទន្លេមេគង្គ ចាប់ពីខេត្តក្រចេះ ដល់ខេត្តស្ទឹងត្រែង។ លោក សេង ទៀក លើកឡើងបញ្ជាក់បែបនេះ។
 
បើតាមលោក ទៀក ក្រុមការងារល្បាតប្រចាំថ្ងៃ មានឆ្មាំទន្លេចំនួន ៧២នាក់ និងមានការចូលរួមពីសហគមន៍នេសាទ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដើម្បីរក្សសត្វផ្សោត និងពពួកត្រីមេពូជ ជាពិសេសបញ្ឍប់ការប្រើប្រាស់មងនេសាទ ឧបករណ៍ឆក់ និងឧបករណ៍ផ្សេងៗទៀតដែលបានហាមឃាត់។
 
សូមជម្រាបថា សត្វផ្សោតទន្លេមេគង្គ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជបំផុត ដែលរងការគំរាមកំហែងខ្ពស់ជាសកល។ សត្វផ្សោតទន្លេមេគង្គ ត្រូវបានប៉ាន់ប្រមាណមាន ៨៩ក្បាល កំពុងរស់នៅក្នុងទន្លេមេគង្គកម្ពុជា ដោយគិតត្រឹមឆ្នាំ២០២០ ហើយសម្រាប់ទិន្នន័យថ្មី អង្គការ WWF នឹងចេញផ្សាយនៅខែតុលា ឆ្នាំ២០២៣៕
 
 
 
 
 

Tag:
 សត្វផ្សោត
 ទន្លេមេគង្គ
© រក្សាសិទ្ធិដោយ thmeythmey.com