ជាតិ
ក្រសួងបរិស្ថាន ដាក់ចេញគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ទឹកដី សម្រាប់ដីក្រោម១០ហិកតា នៅតំបន់អភិរក្ស
04, Oct 2022 , 5:59 pm        
រូបភាព
សិក្ខាសាលស្ដីពីការផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគម្រោងអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់ទឹកដី ខ្នាតតូចក្នុងទំហំដីក្រោម ១០ហិកតា នៅតំបន់ការពារធម្មជាតិ និងដែនអភិរក្ស។ រូបភាព៖ ក្រសួងបរិស្ថាន
សិក្ខាសាលស្ដីពីការផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តគម្រោងអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់ទឹកដី ខ្នាតតូចក្នុងទំហំដីក្រោម ១០ហិកតា នៅតំបន់ការពារធម្មជាតិ និងដែនអភិរក្ស។ រូបភាព៖ ក្រសួងបរិស្ថាន
ដោយ:
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាស្ដីពីការដាក់ចេញ គម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ទឹកដី លើផ្ទៃដីក្រោម ១០ហិកតា​នៅតាមតំបន់ការពារធម្មជាតិ និងរបៀងអភិរក្ស នៅថ្ងៃទី៣តុលា។ គម្រោងនេះ ធ្វើឡើងដើម្បីស្របតាមគោលនយោបាយទេសចរណ៍ផ្សារភ្ជាប់ទឹកដី ខណៈតំបន់ការពារ និងអភិរក្សក​ម្ពុជាមានសក្តានុពលទេសចរណ៍ធម្មជាតិ។



លោក រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងបរិស្ថា​​ន លើកឡើងថា តាមរយៈការសិក្សាកន្លងមក នៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះចំនួន៧៦នៅកម្ពុជា ដែលមានផ្ទៃដីប្រមាណ ៧.២លានហិកតា មានសក្តានុពលក្នុងការបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ។ ក្នុងតំបន់ការពារ និងអភិរក្សទាំងនោះមានសក្តានុពលដូចជា ជីវៈចម្រុះ ព្រៃឈើ សត្វព្រៃ សត្វស្លាប ទឹកធ្លាក់ ឆ្នេរ និងកោះជាដើម។ 
  

លោក រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងបរិស្ថាន។ រូបភាព៖ ក្រសួងបរិស្ថាន

ជាមួយគ្នានេះ ការដាក់ឱ្យអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូច ដែលមានទំហំដីក្រោម ១០ហិកតានៅតំបន់ការពារធម្មជាតិ និងដែនអភិរក្ស  គឺដើម្បីសម្រួលដល់វិស័យឯកជនដែលទទួលបានសិទ្ធអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិទាំងនោះ។ លើសពីនេះម្ចាស់គម្រោង អាចកំណត់ដែនវិសាលភាពនៃការអភិវឌ្ឍ ដោយប្រើប្រាស់លក្ខណៈវិនិច្ឆ័យជាឧបករណ៍ក្នុងការវាយតម្លៃលើគ្រប់ទិដ្ឋភាពពាក់ព័ន្ធ។
 
តាមរយៈការអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់ទឹកដីនេះ លោក រ័ត្ន វិរៈ រំពឹងថាគម្រោងនេះនឹងចូលរួមការស្ដារវិស័យទេសចរណ៍កម្ពុជាដែលត្រូវទទួលរងផលប៉ះពាល់ដោយសារជំងឺកូវីដ-១៩។ គម្រោងនេះ ក៏នឹងជួយលើកស្ទួយជីវភាពប្រជាជនតាមតំបន់ការពារធម្មជាតិ​ និងរបៀងអភិរក្សនានាដែរ។ 
 
សូមជម្រាបថា ក្រសួងបរិស្ថានបានកំណត់តំបន់អេកូទេសចរណ៍អាទិភាពថ្នាក់ជាតិចំនួន ៦ ដើម្បីការអភិវឌ្ឍទេសចរណ៍ មានដូចជា ឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម«ភ្នំគូលែន», តំបន់អេកូទេសចរណ៍ទេសភាពជួរភ្នំក្រវាញ, តំបន់អេកូទេសចរណ៍ឆ្នេរ, តំបន់អេកូទេសចរណ៍បឹងទន្លេសាប, តំបន់អេកូទេសចរណ៍ព្រៃឡង់ និងតំបន់អេកូទេសចរណ៍ភូមិភាគឦសាន៕
 

Tag:
 ទេសចរណ៍
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com