ជាតិ
គ្រូបង្រៀនជាបេះដូង និងជាក្បាលម៉ាស៊ីននៃវិស័យអប់រំ ដើម្បីការអភិវឌ្ឍ!
05, Oct 2022 , 11:11 am        
រូបភាព
 នាថ្ងៃទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២២ ក្រោមប្រធានបទ៖ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង» នេះ សិស្ស និស្សិត បញ្ញវន្ត មន្ត្រីរាជការ អ្នកនយោបាយ និងពលរដ្ឋ នាំគ្នាបង្ហោះសារអបអរសាទរ និងរម្លឹកគុណដល់លោកគ្រូ-អ្នកគ្រូ ដែលបានលះបង់កម្លាំងកាយចិត្តបណ្ដុះបណ្ដាលពួកគេ​ឱ្យសម្រេចបានលទ្ធផលល្អ និងជោគជ័យក្នុងជីវិត។



«គ្រូបង្រៀន គឺជាបេះដូងនៃកំណែទម្រង់វិស័យអប់រំ ដើម្បីការអភិវឌ្ឍ។ គ្រូបង្រៀន គឺជាឆ្អឹងខ្នងនៃគុណភាពអប់រំ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្សសម្រាប់ប្រទេសជាតិ។ គ្រូបង្រៀន ជាប្រទីបបំភ្លឺលោកប្រកបដោយគតិបណ្ឌិត»។ នេះជាសាររបស់លោក ហ៊ុន ម៉ានី តំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ ដែលបង្ហាញការដឹងគុណចំពោះសាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងលះបង់ខ្ពស់ ដោយមិនគិតការនឿយហត់ក្នុងការងារអប់រំ តាមរយៈការផ្តល់ចំណេះដឹងដល់សិស្សានុសិស្សគ្រប់រូប។
  

 
សម្រាប់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជារូបនេះ គ្រូបង្រៀនបានធ្វើការងារធ្ងន់ណាស់ ក្នុងការចែករំលែកចំណេះដឹងនេះ ជាពិសេសក្នុងកាលៈទេសៈដ៏លំបាក ក្នុងគ្រាដែលប្រទេសជាតិជួបប្រទះនឹងវិបត្តិជំងឺឆ្លងរាលដាលកាចសាហាវ កូវីដ-១៩ នេះ ។ «លោកគ្រូ អ្នកគ្រូបានព្យាយាមជម្នះឧបសគ្គគ្រប់បែបយ៉ាង ដើម្បីបន្តនិរន្តភាពនៃការងារអប់រំ និងឈានមកដល់ភាពជោគជ័យនៅថ្ងៃនេះ»។ នេះបើតាមលោក ម៉ានី។
 
ស្របពេលជាមួយគ្នានេះ លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ក៏បានលើកពីការប្រឹងប្រែងរបស់គ្រូបង្រៀន ជាពិសេសក្នុងបរិបទឆ្លងជំងឺកូវីដ-១៩ និងក្នុងប្រទេស និងទូទាំងពិភពលោក មកអត្ថាធិប្បាយលើបណ្ដាយហ្វេសប៊ុកដែរ។ លោក សុខា បានលើកពីគុណតម្លៃគ្រូ មកនិយាយថា អំឡុងពេលសាលារៀនបិទទ្វារ ក្នុងបរិបទកូវីដ-១៩នេះ លោកគ្រូ-អ្នកគ្រូជាច្រើន បានខ្នះខ្នែងរៀនជំនាញឌីជីថលថ្មីៗ ដើម្បីផ្លាស់ទីពីការបង្រៀននិងរៀន នៅថ្នាក់រៀនបែបប្រពៃណីទៅ ជាការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត និងតាមបែបចម្រុះ ។ នោះក៏ព្រោះតែមិនចង់ឱ្យសិស្ស បាត់បង់ឱកាសសិក្សា ដោយសារជំងឺកាចសាហាវនេះ។
  

 
«គុណបំណាច់របស់លោកគ្រូ អ្នកគ្រូ ពិតជាមិនអាចកាត់ថ្លៃ ក្នុងការលះបង់ពេលវេលា កម្លាំងកាយចិត្ត ចំណេះជំនាញ បញ្ញាស្មារតី ដើម្បីបង្ហាត់បង្រៀន ផ្ទេរចំណេះដឹង និងបទពិសោធ ក៏ដូចជាអប់រំទូន្មានតម្រង់ទិសដល់សិស្សានុសិស្ស ដូចជាកូនៗរបស់ខ្លួន រហូតដល់លោកគ្រូ អ្នកគ្រូ ត្រូវបានមនុស្សទាំងឡាយប្រសិទ្ធនាមថា “ជាឪពុកម្តាយទី២ របស់សិស្សានុសិស្ស” បន្ទាប់ពីឳពុកម្តាយ ដែលបានបង្កើត និងចិញ្ចឹមបីបាច់ថែរក្សាកូននោះ»។ លោក ស សុខា បន្ថែម។
 
ដោយឡែករដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន បាននិយាយថា តួនាទី និងបប្រសិទ្ធភាពបំពេញការងាររបស់គ្រូបង្រៀនពិតជាមានសារៈសំខាន់ណាស់ ដែលធានាឱ្យសិស្ស និស្សិតទទួលបានការអប់រំនៅគ្រប់កាលៈទេសៈប្រកបដោយសមធម៌ បរិយាប័ន្ន និងគុណភាព។ «គ្រូបង្រៀន គឺជាក្បាលម៉ាស៊ីននៃប្រព័ន្ធអប់រំរបស់យើង គ្រូបង្រៀនគឺជាបេះដូងនៃការអប់រំ»។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីអប់រំ ទិវាគ្រូបង្រៀន ៥ តុលា។
  

 
សម្រាប់ទិវាគ្រូបង្រៀននេះ ក្រុមសមាគមគ្រូប​ង្រៀនឯករាជ្យ សង្គមស៊ីវិលជាតិ និងអន្តរជាតិ ប្រមាណ១០០នាក់ បាននាំគ្នាប្រារព្ធទិវានេះ នៅទីលានប្រជាធិបតេយ្យ។ ពួកគេបានទាមទារឱ្យរដ្ឋាភិបាល ដំឡើងប្រាក់បៀវត្សមូលដ្ឋានអប្បរមារបស់គ្រូបង្រៀន ឱ្យស្មើ១/៤ នៃប្រាក់ខែតំណាងរាស្រ្ត ក្នុងមួយខែ។ ជាពិសេសផ្សល់សិទ្ធិសេរីភាពជូនគ្រូបង្រៀន ឱ្យបានពេញលេញ និងបញ្ឈប់ការរើសអើងគ្រូបង្រៀននៅកន្លែងការងារ ដោយសារបញ្ហានិន្នាការនយោបាយ។
  

 
ទិវាគ្រូបង្រៀន ៥តុលា ត្រូវបានរាជរដ្ឋាភិបាល បង្កើតឡើងតាមអនុក្រឹត្យ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ១៩៩៧ ស្តីពីការបង្កើតទិវាគ្រូបង្រៀននៅកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំ និងគុណតម្លៃរបស់គ្រូ៕
 

 

Tag:
 ទិវាគ្រូបង្រៀន
  អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com