កីឡាជាតិ
ជាតិ
លោក ថោង ខុន៖ ទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត«ខ្សែកមាស»ពី OCA ជាកិត្តិយសសម្រាប់កម្ពុជា
05, Oct 2022 , 11:59 am        
រូបភាព
លោក ថោង ខុន (កណ្តាល) ទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់ពីប្រធានស្ដីទី OCA លោក Raja Randhir Singh(ឆ្វេង)។ រូបពី TMC
លោក ថោង ខុន (កណ្តាល) ទទួលគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់ពីប្រធានស្ដីទី OCA លោក Raja Randhir Singh(ឆ្វេង)។ រូបពី TMC
ដោយ:
ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) បានផ្តល់គ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត «ខ្សែកមាស» ដល់លោក ថោង ខុនរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធាននៃគណៈកម្មាធិការជាតិ CAMSOC នៅក្នុងពិធីបើកកិច្ចប្រជុំមហាសន្និបាតកីឡាអូឡាំពិកអាស៊ីលើកទី៤១ កាលពីថ្ងៃទី៤ ខែតុលា នាសណ្ឋាគារសុខា ភ្នំពេញ។
 
លោក ថោង ខុន ដែលជាប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា ( NOCC) ផងនោះ ថ្លែងក្នុងពិធីទទួលគ្រឿងឥស្សរិយយស ពីក្រុមប្រឹក្សាកីឡាអូឡាំពិក OCA ថាជាកិត្តិយសចំពោះការលះបង់សម្រាប់ចលនាកីឡាអូឡាំពិក និងជំរុញឱ្យកីឡារីកចម្រើនរហូតទទួលរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ គឺកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ។ បន្ទាប់ពីទទួលបានមេដាយនេះ លោកបានមានប្រសាសន៍បន្ថែមថា ជាមេដាយដែលបានផ្ដល់កិត្តិយសយ៉ាងក្រៃលែងដល់កម្ពុជា។
 
លើសពីនេះទៀត នេះក៏ជាមេដាយ សម្រាប់ការផ្ដល់កិត្តិយសដល់កីឡាករ-កីឡាការិនី គ្រូបង្វឹក សហព័ន្ធកីឡាជាតិ និងក្រសួងអប់រំយុវជន និងកីឡាផងដែរ។ ព្រមជាមួយនោះក៏ជាកិត្តិយសរាល់ការចូលរួមពីចលនាអូឡាំពិកទាំងអស់ ដែលបានគាំទ្រចលនាអូឡាំពិកនៅកម្ពុជា។ ជាមួយគ្នានោះដែរលោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មការជាតិអូឡាំពិកកម្ពុជា (NOCC) ក៏បានចូលរួមអបអរសាទរដល់ការទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់ ដល់លោក ថោង ខុន ដែលបានលះបង់ទាំងកម្លាំងកាយចិត្តក្នុងការចូលរួមគ្រប់ចលនាអូឡាំពិក ក៏ដូចជាសកម្មភាពកីឡាកន្លងមក។
 
ការទទួលបានគ្រឿងឥស្សរិយយសថ្នាក់ខ្ពស់បំផុត«ខ្សែករមាស» របស់លោក ថោង ខុន ធ្វើឡើងក្នុងពិធីបើកមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ មហាសន្និបាតនេះដែរ មានឥស្សរជន និងថ្នាក់ដឹកនាំចលនាកីឡាអូឡាំពិកអាស៊ី និងអន្ដរជាតិប្រមាណ ៤០០នាក់ មកពី ៥៥ប្រទេសជុំវិញពិភពលោកចូលរួម ក្នុងនោះមានប្រតិភូមកពីបណ្តាប្រទេសក្រុមប្រឹក្សាអូឡាំពិកអាស៊ី ចំនួន ៤៥ប្រទេស គឺជាព្រឹត្តិការណ៍ដែលជជែកពិភាក្សាលើព្រឹត្តិការណ៍កីឡាអូឡាំពិកអាស៊ី ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ៕
 

Tag:
 ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី(OCA)
 ថោង ខុន
© រក្សាសិទ្ធិដោយ thmeythmey.com