ច្បាប់ / សិទិ្ធមនុស្ស / តុលាការ
ជាតិ
លោក ធែល ធីលែន ដែលឧស្សាហ៍រិះគន់រដ្ឋាភិបាល ត្រូវចាប់ខ្លួនពីបទលក់អចលនទ្រព្យរបស់អ្នកដទៃ កាលជាង៦ឆ្នាំមុន
05, Oct 2022 , 1:15 pm        
រូបភាព
រូបពីទំព័រហ្វេសប៊ុករបស់លោក ធែល ធីលែន
រូបពីទំព័រហ្វេសប៊ុករបស់លោក ធែល ធីលែន
លោក ធែល ធីលែន ជាសកម្មជនសង្គមម្នាក់ ត្រូវចាប់វាយខ្នោះ បញ្ជូនទៅឃុំនៅពន្ធនាគារខេត្តកណ្តាលភ្លាមៗ កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២២ តាមអំណាចដីការបស់លោក ប្លុង វិសាល ចៅក្រមស៊ើបសួរនៃតុលាការខេត្តកណ្តាល។ តាមរយៈរូបថត ដែលត្រូវបានបង្ហោះលើបណ្តាញសង្គម និងត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មានមួយចំនួន គេ ឃើញដៃលោក ធែល ធីលែន ជាប់ខ្នោះ និងឈរនៅពីមុខខ្លោងទ្វារនៃពន្ធនាគារខេត្តកណ្តាល មុនពេលលោក ត្រូវបញ្ជូនចូលទៅក្នុងពន្ធនាគារ។



លោក ធែល ធីលែន ដែលមានវ័យ៣២ឆ្នាំ តែងប្រើបណ្តាញសង្គម ធ្វើជាមធ្យោបាយក្នុងការរិះគន់មន្រ្តី និងរដ្ឋាភិបាល ហើយលោក ក៏ធ្លាប់ចេញមុខតវ៉ានឹងរដ្ឋាភិបាលលើបញ្ហាផ្សេងៗផងដែរ។ ថ្មីៗនេះ លោក បានធ្វើញត្តិជំទាស់នឹងការបង្កើតដេប៉ាដឺម៉ង់មុខវិជ្ជាភាសាវៀតណាម នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ប៉ុន្តែអ្វីដែលគួរឲ្យគត់សម្គាល់ គឺការចាប់លោកនាពេលនេះ មិនមែនដោយសារការរិះគន់ ឬសកម្មភាពតវ៉ារបស់លោកឡើយ។ 
 
ដីការបស់ចៅក្រមស៊ើបសួរ ដែលចេញនៅថ្ងៃទី៤ ខែតុលា បញ្ជាក់ថា ការបង្គាប់ឲ្យចាប់លោក ធែល ធីលែន ស្ថិតក្រោមបទលួចលក់អចលនទ្រព្យរបស់អ្នកដទៃ ដែលមិនមែនជារបស់ខ្លួន។ ចៅក្រមស៊ើបសួរ អះអាងទៀតថា លោក បានប្រព្រឹត្តបទល្មើសនេះ តាំងពីឆ្នាំ២០១៦មកម្ល៉េះ នៅភូមព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ 
 
អ្នកដែលកាន់ទំព័រហ្វេសប៊ុករបស់លោក ធែល ធីលែន បានបង្ហោះដំណឹងខ្លីអំពីការចាប់លោក ធែល ធីលែន។ ដំណឹងដែលត្រូវបានបង្ហោះទំព័រហ្វេសប៊ុករបស់លោក ធែល ធីលែន មានខ្លឹមសារបែបនេះថា៖«បង ធែល ធីលែន ត្រូវបានចាប់ខ្លួនហើយ កាលពីព្រឹកថ្ងៃទី៤ ខែ១០ ឆ្នាំ២០២២។ ការចាប់ខ្លួនបង ធែល ធីលែន មិនពាក់ព័ន្ធនឹងកាតវ៉ាទេ វាជារឿងផ្ទាល់ខ្លួនទេបងប្អូន»៕ 
 

Tag:
 ធែល ធីលែន
© រក្សាសិទ្ធិដោយ thmeythmey.com