កីឡាជាតិ
ជាតិ
អបអរសាទ! កីឡាករម៉ូតូទឹកកម្ពុជា កៃ​ វ៉ាន់​ស៊ីដែន ឈ្នះមេដាយមាស នៅអាម៉េរិក
05, Oct 2022 , 12:09 pm        
រូបភាព
ក្រុមកីឡាម៉ូតូទឹកកម្ពុជា ចូលរួមប្រកួត World Series American-USA រូបពី សាលី អ៊ូមើត
ក្រុមកីឡាម៉ូតូទឹកកម្ពុជា ចូលរួមប្រកួត World Series American-USA រូបពី សាលី អ៊ូមើត
កីឡាករម៉ូតូទឹកកម្ពុជា កៃ វ៉ាន់ស៊ីដែន បានឈ្នះមេដាយមាស លើវិញ្ញសា Novice Ski Stock ក្នុងព្រឹត្តិការណ៍ World Series America-USA ជុំទី២ នៅសហរដ្ឋអាម៉េរិក នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២។ ព្រឹត្តិការណ៍ជុំទី២នេះ ចាប់ប្រកួតនៅថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២។



កីឡាករ សាលី អ៊ូមើត ម្នាក់ក្នុងចំណោមកីឡាករ ៥រូប ដែលបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះ ជុំទី២ នៅសហរដ្ឋអាម៉េរិក បានប្រាប់សារព័ត៌មានថ្មីៗ តាមហ្វេសប៊ុកថា កីឡាករកម្ពុជា២រូប បានប្រកួតក្នុងវិញ្ញាសា Novice Ski Stock គឺ ម៉ីន អូស្មាន់ និង កៃ វ៉ាន់ស៊ីដែន។ កៃ វ៉ាន់ស៊ីដែន ដណ្ដើមបានលេខ១ ខណៈ ម៉ីន អូស្មាន់ ទទួលបានចំណាត់ថ្នាក់ លេខ៨ ក្នុងចំណោមកីឡាករ១៩នាក់ មកពីបណ្ដាលប្រទេសផ្សេងៗ។


កីឡាករ កៃ វ៉ាន់ស៊ីដែន លើកទងជាតិកម្ពុជា ក្រោយប្រកួតចប់ រូបពី សាលី អ៊ូមើត
 
តាមរយៈជ័យជម្មះនេះ កៃ វ៉ាន់ស៊ីដែន បានទទួលមេដាយមាសតែម្តងលើវិញ្ញាសាប្រណាំង Novice Ski Stock។
សាលី អ៊ូមើត ប្រធានក្រុមកីឡាករម៉ូតូទឹកកម្ពុជា បន្ថែមថា ការប្រកួតជុំទី២ នៅប្រទេសប៉ូឡូញ កៃ វ៉ាន់ស៊ីដែន មិនបានចូលរួមប្រកួតទេ ដោយសារ មិនអាចជួលម៉ូតូទឹកបាន។ 
 
ប្រធានក្រុមកីឡាករម៉ូតូទឹកកម្ពុជាបញ្ជាក់ថា៖ «គួរឲ្យសោកស្ដាយសម្រាប់ការប្រកួតជុំទី១ ព្រោះគ្មានម៉ូតូទឹកប្រកួត។ តែពេលសហរដ្ឋអាម៉េរិក យើងបានជួលម៉ូតូទឹកគេ បើទោះជាមានការរអាក់រអូលបន្ដិច តែគាត់ធ្វើបានល្អ។»។ 
 
គួរបញ្ជាក់ថា កីឡាករម៉ូតូទឹកកម្ពុជា ៦នាក់ ត្រូវប្រកួតក្នុងព្រឹត្តិការណ៍នេះ រួមមាន សាលី អ៊ូមើត, ម៉ីន មូសស្ដាន, កៃ វ៉ាន់ស៊ីដែន, ម៉ីន អូស្មាន់, សាលី ហ្វីលីន និង ស៊ីម សាក់នី។ កីឡាករ កៃ វ៉ាន់ស៊ីដែន បានប្រកួតតែមួយវិញ្ញាសាទេ ចំណោមវិញ្ញាសាជាច្រើន ដោយសារបញ្ហាម៉ូតូ។ ដោយឡែក សាលី អ៊ូមើត ត្រូវប្រកួត៥វិញ្ញាសា៕
 

Tag:
 កីឡាម៉ូតូទឹក
© រក្សាសិទ្ធិដោយ thmeythmey.com