ជាតិ
គ្រូបង្រៀន ជាក្បាលម៉ាស៊ីននៃប្រព័ន្ធអប់រំ
05, Oct 2022 , 3:29 pm        
រូបភាព
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កំពុងថ្លែងក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២២។ រូបថត៖ MoEYS Cambodia
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កំពុងថ្លែងក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ០៥ តុលា ២០២២។ រូបថត៖ MoEYS Cambodia
តួនាទី និង ប្រសិទ្ធភាពនៃការបំពេញការងាររបស់គ្រូបង្រៀន ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលធានាឱ្យសិស្សានុសិស្ស​ និង និស្សិតទទួលបានការអប់រំនៅគ្រប់កាលៈទេសៈប្រកបដោយសមធម៌ បរិយាប័ន្ន និងគុណភាព។ នេះជាការលើកឡើងរបស់ លោក​ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ។

 
«គ្រូបង្រៀន គឺជាក្បាលម៉ាស៊ីននៃប្រព័ន្ធអប់រំរបស់យើង, គ្រូបង្រៀនគឺជាបេះដូងនៃការអប់រំ»។ លោក ហង់ជួន ណារ៉ុន ថ្លែងបែបនេះក្នុងទិវាគ្រូបង្រៀន នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ នាថ្ងៃទី៥តុលា។ ដើម្បីការអប់រំនៅកម្ពុជាកាន់តែមានប្រសិទ្ធភាព និងភាពប្រកួតប្រជែង ពលរដ្ឋទាំងអស់ត្រូវលើកកម្ពស់គ្រូបង្រៀន លើកកម្ពស់ការបង្រៀន ​និងវិជ្ជាជីវៈគ្រូបង្រៀន ដើម្បីឈានទៅសម្រេចអនាគតដ៏ប្រសើររបស់កម្ពុជា​ និង យុវជនកម្ពុជា។ 
 
បើតាមលោក ហង់ជួន ណារ៉ុន នាអំឡុងពេលរាលត្បាតខ្លាំងនូវជំងឺកូវីដ-១៩ ពិភពលោក មានការបាត់បង់នូវគ្រូបង្រៀន ដែលធ្វើឱ្យប៉ះពាល់ដល់ដំណើរការសិក្សា ​ ជាពិសេសនៅតាមតំបន់។ ប៉ុន្តែកម្ពុជា ពិតជាមានមោទកភាពណាស់ ដោយសារគ្រូបង្រៀននីមួយៗ បានខិតខំស្វះស្វែងរៀនសូត្រនូវបំណិនថ្មីៗ ដូចជាការបង្រៀនតាមអនឡាញជាដើម។​
 
លោករដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បន្តមានប្រសាសន៍ថា៖ «ក្នុងរយៈពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យើងទាំងអស់គ្នាបានមើលឃើញយ៉ាងប្រត្សក្រ នូវតួនាទីរបស់គ្រូបង្រៀន រឹតតែសំខាន់ជាងមុន ក្នុងការធានាបានទាំងសុវត្ថិភាព សុខភាព និងនិរន្តរ៍ភាពនៃការសិក្សារបស់សិស្ស»។ 
 
ក្រៅពីគិតគូរលើកត្តាសុខភាព និងការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩ គ្រូបង្រៀនត្រូវបានឆ្លងកាត់បទពិសោធន៍ជាច្រើន ដូចជា៖ ការរិះរកវិធីសាស្រ្តបង្រៀន សកម្មភាពបង្រៀន ការជួយសិស្ស និងទំនាក់ទំនងជាមួយសិស្សអេឡិចត្រនិក និងកែសន្លឹកកិច្ចការ ការថតវីដេអូបង្រៀន ជាដើម។ កត្តាទាំងនេះ​​ គឺមិនទាន់រាប់បញ្ជូលការលំបាកផ្សេងៗទៀតដែលគ្រូជួបប្រទះ ដូចជាផលប៉ះពាល់មកលើសេដ្ឋកិច្ចគ្រួសារ និងការទទួលរងនូវស្ថានភាពថប់អារម្មណ៍ ឬជំងឺផ្សេងៗ។ 
 
ទង្វើរបស់គ្រូបង្រៀនដែលបានតស៊ូអនុវត្តកន្លងមកនេះ​ ត្រូវបានលោក ហង់ជួន ណារ៉ុន កោតសរសើរយ៉ាងខ្លាំង ក្នុងការផ្តល់ការសិក្សាតាមប្រព័ន្ធអេឡិចត្រនិកដល់សិស្សនៅតំបន់ទីក្រុង  ខណៈគ្រូបង្រៀនមួយចំនួនទៀត បានធ្វើដំណើរតាមភូមិនៅតំបន់ជនបទ ក្នុងការបង្កើតបណ្តុំនៃការរៀនសូត្រជាក្រុមតូចៗ ដើម្បីឱ្យសិស្សបានបន្តការសិក្សា នាអំឡុងពេលផ្អាកដំណើរការគ្រឹះស្ថានសិក្សាជាបណ្តោះអាសន្ន។
 
«ទោះបី ជាគ្រូបង្រៀនរបស់យើងបានខិតខំប្រឹងប្រែងតាមគ្រប់រូបភាពយ៉ាងណាក៏ដោយ ក៏ក្រសួងអបរ់មើលឃើញថា ការសិក្សារបស់សិស្ស​ និងនិស្សិតជួបប្រទះនូវការលំបាក និងការបាត់បង់ការយ៉ាងច្រើន»។ នេះជាការរៀបរាប់បន្ថែមរបស់លោក ហង់ជួន ណារ៉ុន។​
 
ឆ្លើយតបនឹងបញ្ហាប្រឈមខាងលើ រាជរដ្ឋាភិបាល ក៏ដូចក្រសួងអបរ់ កំពុងបង្កើនល្បឿនក្នុងការអនុវត្តវិធានការដ៏មានប្រសិទ្ធភាព និងទន់ភ្លន់ ដើម្បីធានានូវនិរន្តរភាពនៃការសិក្សា និងដំណើរការគ្រឹះស្ថានសិក្សាឡើងវិញជាជំហានៗ​ និងប្រុងប្រយ័ត្ន ជាពិសេសផ្តោតលើគ្រូបង្រៀន។ ក្នុងនោះមាន ការធានាឱ្យការបើកសាលារៀនឡើងវិញប្រកបដោយសុវត្ថិភាព ការស្តារឡើងវិញនូវការរៀនសូត្រ និងការបន្តការសិក្សា,​ ការកំណែទម្រង់សាលារៀន, ការអភិវឌ្ឍគ្រូបង្រៀនឱ្យមានគុណភាពខ្ពស់,ការអប់រំឌីជីថល,​ ការអប់រំវិទ្យាសាស្រ្ត​ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា​។ 
 
ការអភិវឌ្ឍជំនាញសត្សវត្តទី២១សម្រាប់យុវជន, ការបង្កើតមជ្ឈមណ្ឌលឧត្តមសិក្សានៅកម្រិតឧត្តម និងការពង្រឹងសមត្ថភាពស្ថាប័ន និងការកសាងប្រព័ន្ធអប់រំ ក៏ត្រូវបានចាត់ចូលក្នុងទិសដៅអាទិភាពរបស់ក្រសួងអប់រំ ផងដែរ៕ 
 

Tag:
 ទិវាគ្រូបង្រៀន
  លោក ហង់ ជួន ណារ៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com