ជាតិ
សេដ្ឋកិច្ច
មេគយ ៖ រថយន្តចង្កូតស្តាំចុះបញ្ជីជិត៤ពាន់គ្រឿងមិនទាន់បង់ពន្ធ ខណៈឱសាទវាទត្រឹមថ្ងៃ ៨ តុលា
05, Oct 2022 , 8:59 pm        
រូបភាព
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា។ រូបថត៖ GDCE
លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា។ រូបថត៖ GDCE
 សល់៣ថ្ងៃទៀតប៉ុណ្ណោះ គឺដល់ឱសានវាទនៃយុទ្ធនាការប្រមូលពន្ធលើយានយន្ត ដែលគ្មានពន្ធនិងអាករនាំចូលដែលមានស្រាប់នៅកម្ពុជាហើយ។ បើតាម លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា បច្ចុប្បន្ន​ គឺនៅសេសសល់រថយន្តចង្កូតស្តាំចុះបញ្ជីប្រមាណ៤០០០គ្រឿងទៀត ដែលមិនទាន់បង់ពន្ធ។​

 
ក្នុងចំណោមរថយន្តចង្កូតសាំ្តទាំងជិត១ម៉ឺនគ្រឿងដែលមាននៅទូទាំងប្រទេស​​ គឺមានត្រឹម ៥ ៩៧៦គ្រឿងប៉ុណ្ណោះ ត្រូវបានម្ចាស់មកបំពេញកាតព្វកិច្ចបង់ពន្ធអាករឱ្យរដ្ឋ ខណៈឱសានវាទនៃយុទ្ធនាការប្រមូលពន្ធលើយានយន្តគ្មានពន្ធនិងអាករនាំចូល ដែលមានស្រាប់ក្នុងប្រទេស ថ្ងៃទី៨តុលា ឆ្នាំ២០២២។​ លោក គុណ ញឹម  បានបញ្ជាក់ថា នៅមានសេសល់រថយន្តចង្កូតសាំ្តបានចុះបញ្ជី ចំនួន ៣ ៨៣៨គ្រឿងទៀត ដែលម្ចាស់មិនទាន់ចូលខ្លួនបង់ពន្ធ។​ 
 
ចំពោះបញ្ហានេះ លោក គុណ ញឹម  នឹងស្នើសុំថ្នាក់ដឹកនាំ ក្នុងការពន្យារពេលអនុវត្ដច្បាប់ប្រមូលពន្ធអាករលើរថយន្តចង្កូតស្ដាំអត់ពន្ធ ដែលបានមកចុះបញ្ជីរួច​នេះ។ លោកបាននិយាយក្នុងសន្និសីទកាសែត ស្តីពី ការ​ប្រកាស​​លទ្ធផលនៃការងារប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធមានស្រាប់ក្នុងប្រទេសកម្ពុជា នាថ្ងៃទី៥តុលា យ៉ាងដូច្នេះ៖ «យើងគ្រោង លើកសំណើជូនថ្នាក់ដឹកនាំពិនិត្យ និងសម្រេចក្នុងការពន្យារពេល ហើយពន្យាររយៈពេលប៉ុន្មាន ខ្ញុំនឹងជួបថ្នាក់ដឹកនាំ និងសុំមតិយោបល់»។
 
បើតាម លោក គុណ ញឹម រថយន្ដចង្កួតស្ដាំគ្មានពន្ធដែលនៅសេសសល់ទាំងនោះ មានភាគច្រើន ជាប្រភេទរថយន្ដសម្រាប់ធ្វើអាជីវកម្ម ដូចជារថយន្ត ដឹកដី ខ្សាច់ ក្រួស និងដឹកថ្ម ជាដើម។
 
សូមរំឭក ថា រាជរដ្ឋាភិបាល សម្រេចឲ្យមានការប្រមូលពន្ធអាករលើរថយន្តគ្មានពន្ធ មានស្រាប់ក្នុងប្រទេស ទាំងប្រភេទ រួមទាំងរថយន្តគ្មានពន្ធជ្រកក្រោមផ្លាកលេខផ្សេងៗ ចាប់ពីខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។ ប៉ុន្តែ​ការបង់ពន្ធនេះ រដ្ឋក៏សម្រេចពន្យារឱ្យពលរដ្ឋ ដល់ថ្ងៃទី៨តុលា ឆ្នាំ២០២២ ដើម្បីបំពេញកាតព្វកិច្ចពន្ធ និងអាករ៕​
 

Tag:
 គយ
 ​ រថយន្តចង្កូតស្តាំ
© រក្សាសិទ្ធិដោយ thmeythmey.com