ជាតិ
អាជ្ញាធរ រក្សាចម្លាក់ក្បាលនាគ បណ្ដោះអាសន្នក្នុងសារមន្ទីរព្រះនរោត្តមព្រះសីហនុ-អង្គរ
05, Oct 2022 , 5:59 pm        
រូបភាព
ភ្នំពេញ៖ ចម្លាក់ក្បាលនាគមួយ ត្រូវបានប្រទះឃើញនៅពេលដើមស្រឡៅដួលរលំ ក្នុងបរិវេណវត្តទេពប្រណម្យ អតីតរាជធានីអង្គរធំ។ ចម្លាក់ក្បាលនាគនេះ ធ្វើពីថ្មភក់ ក្នុងរចនាបថបាយ័ន ដែលត្រូវបានដើមស្រឡៅដុះពីលើយូរឆ្នាំមកហើយ។



ដើមស្រឡៅ ជារុក្ខជាតិដែលមិនមានឬសកែវធំៗ ទើបងាយដួលរលំពេលមានភ្លៀងធ្លាក់ជោគជាំ និងដីជ្រាយ។ ការណ៍នេះ បានធ្វើឱ្យផុសចេញនូវចម្លាក់ក្បាលនាគ ដែលកប់ក្នុងដីយូរឆ្នាំមកហើយ។ បើតាមលោក ឈូក សុម៉ាឡា ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បំណែកក្បាលនាគនេះកប់ក្នុងដីជម្រៅប្រមាណកន្លះម៉ែត្រ ដែលមានឬសឈើដុះចាក់ស្រេះជាច្រើន។ 


ចម្លាក់ក្បាលនាគ ដែលបានយកចេញពីឫសដើមស្រឡៅ ក្រោយលាងសម្អាតរួចរាល់។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា.
 
លោក សុម៉ាឡា សន្និដ្ឋានថា បំណែកក្បាលនាគនេះ អាចយកចេញពីប្រាសាទបាយ័ន ប៉ុន្តែមិនច្បាស់ពីពេលវេលាជាក់លាក់ និងគោលបំណងពិតប្រាកដឡើយ។ ចម្លាក់នេះស្ថិតក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ដោយទ្រង់បានយកនាគ និងគ្រុឌ ដែលជាសត្រូវនឹងគ្នាមកបញ្ចូលក្នុងសិល្បៈតែមួយ។
 
ប្រធានក្រុមចុះបញ្ជីវត្ថុសិល្បៈ នាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យាខាងលើបញ្ជាក់ថា៖«ព្រះអង្គ[ព្រះបាទជ័យវរ្ម័នទី៧]អាចចង់បង្ហាញពីទស្សនៈបង្រួបបង្រួមសាសនារវាងព្រហ្មណ៍សាសនា និងព្រះពុទ្ធសាសនា ទើបព្រះអង្គឱ្យស្ថាបត្យករបញ្ចូលនាគ និងគ្រុឌនៅជាមួយគ្នា ហើយដាក់បង្ហាញលើសំណង់នានារបស់ទ្រង់»។ 


ចម្លាក់ក្បាលនាគ ដែលបានយកចេញពីឫសដើមស្រឡៅ។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា
 
គួរបញ្ជាក់ផងដែរថា នៅពេលក្រុមការងារអាជ្ញាធរជាតិអប្សរា បានប្រទះឃើញ បំណែកក្បាលនាគនេះ មានតែត្រឹមកប៉ុណ្ណោះ ដែលមានបណ្តោយ ១,២ម៉ែត្រ ទទឹង១ម៉ែត្រ និងកម្រាស់ ០,៣ម៉ែត្រ។ ចំណែកសត្វគ្រុឌជិះលើក្បាលនាគ មានភាពខូចខាតជាច្រើន ដោយបែកបាក់មុខនាគ និងជុំវិញសងខាង។ រីឯសត្វគ្រុឌវិញ បានបាក់ច្រមុះ និងដៃផ្នែកនៅខាងលើ រួមទាំងផ្នែកខ្លះនៃក្បាល។
 
ក្រោយបានយកចេញពីឫសដើមស្រឡៅ ក្រុមការងារអាជ្ញាធរជាតិអប្សរា បានសហការជាមួយនគរបាលការពារបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍ បានធ្វើកំណត់ហេតុប្រគល់-ទទួលបំណែកចម្លាក់ និងយកទៅរក្សានៅសារមន្ទីរព្រះនរោត្តមព្រះសីហនុ-អង្គរ។ លើសពីនេះ ក្រុមអ្នកជំនាញនឹងធ្វើការចុះបញ្ជី រួមទាំងលាងសម្អាតចម្លាក់ ដើម្បីរក្សាទុកតាមបច្ចេកទេស និងយកទៅដាក់នៅទីតាំងដើមវិញ៕ 
 

 សកម្មភាពក្រុមអ្នកជំនាញយកចម្លាក់ក្បាលនាគចេញពីឫសដើមស្រឡៅ។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា


 សកម្មភាពក្រុមអ្នកជំនាញយកចម្លាក់ក្បាលនាគចេញពីឫសដើមស្រឡៅ។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា


 សកម្មភាពក្រុមអ្នកជំនាញយកចម្លាក់ក្បាលនាគចេញពីឫសដើមស្រឡៅ។ រូបភាពពី៖ អាជ្ញាធរជាតិអប្សរា

Tag:
 អាជ្ញាធរជាតិអប្សរា
  ចម្លាក់ក្បាលនាគ
  ព្រះបាទជ័យវរ្ម័នទី៧
  ដើម្បីស្រឡៅ
© រក្សាសិទ្ធិដោយ thmeythmey.com