ជាតិ
មោទកភាពរបស់គ្រូបង្រៀន គឺឃើញសិស្សជោគជ័យ និងក្លាយជាមនុស្សល្អក្នុងសង្គម
05, Oct 2022 , 10:59 pm        
រូបភាព
គ្រូបង្រៀនគ្រប់រូប តែងចង់ឃើញកូនសិស្សខ្លួនទទួលបានជោគជ័យ ជាពលរដ្ឋល្អ និងមានកេរ្តិ៍ឈ្មោះក្នុងសង្គម។ គ្រូបង្រៀនភាគច្រើន ចាត់ទុកភាពជោគជ័យរបស់សិស្ស ជាមោទកភាពមួយ ក្នុងអាជីពជាគ្រូបង្រៀន។



អ្នកស្រី សេង យោធារ៉ា ជាគ្រូបង្រៀនអក្សរសាស្រ្តខ្មែរ ថ្នាក់ទី១២ នៃវិទ្យាល័យបណ្ដុះបណ្ដាលចំណេះដឹងទូទៅ និងបច្ចេកទេស ហ៊ុន សែន ជម្ពូវ័ន បានបម្រើការងារជាគ្រូបង្រៀនអស់៣០ឆ្នាំមកហើយ។ ការងារនេះ ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់អ្នកគ្រូ ធារ៉ា ។ អ្វីដែលធ្វើឱ្យអ្នកគ្រូម្នាក់នេះ កាន់តែសប្បាយចិត្តនឹងការងារទៀតនោះ គឺការផ្ដល់ចំណេះដឹងដល់សិស្ស ពីមួយជំនាន់ទៅមួយជំនាន់ ហើយឃើញពួកគេខ្លះទទួលបានជោគជ័យ និងក្លាយជាមនុស្សល្អក្នុងសង្គម។ 
 
បំពេញការងារ៣០ឆ្នាំមកនេះ អ្នកគ្រូ គ្មានអារម្មណ៍ថាហត់នឿយ និងចង់បោះបង់ចោលឡើយ ទោះបីមានសម្ពាធ និងផលលំបាកខ្លះក៏ដោយ។ ស្រ្តីវ័យ៥១ឆ្នាំរូបនេះ លើកឡើងដូច្នេះ៖«ខ្ញុំស្រឡាញ់ការងារខ្ញុំ។ ខ្ញុំមានមោទកភាពចំពោះការងារជាគ្រូបង្រៀន។ ខ្ញុំរឹតតែសប្បាយចិត្តខ្លាំង ហើយមានមោទកភាពថែមទៀតពេលឃើញកូនៗខ្ញុំ (សិស្ស) មានការងារធ្វើល្អ អ្នកខ្លះមានមុខមាត់ កេរ្តិ៍ឈ្មោះក្នុងសង្គម»។ 
 
អ្នកគ្រូ ធារ៉ា បន្តថា ភាពល្អប្រសើររបស់សិស្ស ប្រៀបដូចជាកត្តាជំរុញចិត្តអ្នកគ្រូឱ្យបន្តការងារ អស់៣ទសវត្សរ៍មកនេះ។
ងាកមកលោក ឈឹម សូត ជាអតីតគ្រូបង្រៀន រហូតក្លាយជានាយកសាលាបឋមសិក្សាអង្គតាភោគ ស្រុកបាទី ខេត្តតាកែវ ក៏មិនខុសពីអ្នកគ្រូអក្សរសាស្រ្តនោះដែរ ។ លោកគ្រូ ផ្ដល់តម្លៃខ្ពស់ចំពោះការងារនេះ ព្រោះវាបានផ្ដល់ឱ្យលោកគ្រូនូវការគោរព និងកិត្តិយសពីមនុស្សជុំវិញខ្លួន។ លោកគ្រូ ឈឹម សូត បានចំណាយពេល១៩ឆ្នាំក្នុងការបង្រៀនសិស្សថ្នាក់ទី៤ ដល់ទី៦ រហូតទទួលបានតំណែងគ្រប់គ្រងសាលាបានរយៈពេល៥ឆ្នាំហើយ។
 
ផ្ដើមការងារពីឆ្នាំ១៩៩៨មក លោកគ្រូ សប្បាយចិត្តពេលបានបង្រៀនសិស្ស ជាពិសេសជួបជាមួយក្មេងៗ ។ នាយកសាលាវ័យ៤៤ឆ្នាំរូបនេះ លើកឡើងពីមោទកភាពខ្លួនដូច្នេះ៖«ខ្ញុំមានមោទកភាពចំពោះខ្លួន ដែលជាអ្នកផ្ដល់ការអប់រំម្នាក់។ ហើយមោកទភាពរបស់ខ្ញុំគឺឃើញកូនឈើដែលខ្ញុំបណ្ដុះហ្នឹងចេញផ្លែផ្កា ក្លាយជាមនុស្សល្អក្នុងសង្គម។ ហើយខ្ញុំគិតថា មិនមែនមានតែខ្ញុំទេ ដែលមានអារម្មណ៍អ៊ីចឹង គ្រូឯទៀតហ្នឹងក៏ប្រហែលជាដូចគ្នា»។
 
ដ្បិតដក់ចិត្តនឹងការងារជាគ្រូបង្រៀន លោកគ្រូ ឈឹម សូត ក៏ចង់ឱ្យកូនខ្លួន បន្តការងារនេះពីលោកដែរ ។ លោកគ្រូ ចង់ឱ្យវិស័យអប់រំនេះមានភាពរីកចម្រើន ព្រោះចំណេះដឹងពិតជាមានតម្លៃ និងសារសំខាន់ណាស់សម្រាប់អនាគត។
 
ទាំងលោកគ្រូ ឈឹម សូត និងអ្នកគ្រូ សេង យោធារ៉ា សុទ្ធតែលើកទឹកចិត្តដល់សិស្សគ្រប់រូបឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ព្រោះចំណេះវិជ្ជាពិតជាមានតម្លៃ និងមានសារសំខាន់ណាស់សម្រាប់អនាគត។ លោកទាំងពីរ ក៏ជូនពរឱ្យសិស្សត្រៀមប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២២ទាំងអស់ទទួលបានជោគជ័យ និងនិទ្ទេសល្អគ្រប់ៗគ្នា។
 

Tag:
 ទិវាគ្រូបង្រៀន
© រក្សាសិទ្ធិដោយ thmeythmey.com