ជាតិ
សេដ្ឋកិច្ច
៩ខែ កម្ពុជារកចំណូលពីគយបានជាង​ ២ពាន់លានដុល្លារ
06, Oct 2022 , 8:59 am        
រូបភាព
  លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ។ រូបថត ពីអគ្គនាយកដ្ឋានគយ។
លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ។ រូបថត ពីអគ្គនាយកដ្ឋានគយ។
៩ខែនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាប្រមូលចំណូលពន្ធ បានចំនួន ​២០២២លានដុល្លារ ស្មើនឹង ៧៨,៦១ភាគរយនៃច្បាប់ថវិកាជាតិ។ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងយ៉ាងដូច្នេះ ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាពនៃការអនុវត្ដប្រមូលពន្ធលើយានយន្ដគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស នាថ្ងៃទី០៥ ខែតុលា ។



ក្នុងសន្និសីទសារព័ត៌មានដដែលនេះ លោក គុណ ញឹម បានឱ្យដឹងថា ក្នុងឆ្នាំ ២០២០-២០២១ អគ្គនាយកដ្ឋានគយ និងរដ្ឋាករប្រមូលចំណូលមិនគ្រប់ផែនការកំណត់ដោយច្បាប់ស្តីពីហិរញ្ញវត្ថុប្រចាំឆ្នាំនោះទេ ពោលគឺឆ្នាំ ២០២០ ប្រមូលបានត្រឹមតែ ៨៣.៥ភាគរយនៃច្បាប់ថវិកា និងឆ្នាំ២០២១ បានចំនួនជាង ៩៧ភាគរយ ដោយសារការរីករាលដាលជំងឺកូវីដ-១៩។
 
ទន្ទឹមនេះ​ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជារំពឹងថា ការអនុវត្តន៍ផែនការប្រមូលចំណូលក្នុងឆ្នាំ២០២២នេះ អាចនឹងគ្រប់ផែនការ ដោយមើលឃើញពីស្ថានភាពការឆ្លងរីករាលដាលជំងឺកូវីដ-១៩ មានការធូរស្រាលឡើងវិញ។ នេះបើតាមលោក គុណ ញឹម ។ 
 
កាលពីឆ្នាំ២០២១  អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ប្រមូលចំណូលបាន ជិត ២ ៣០០ លានដុល្លារ។ ចំណូលនេះ គឺធា្លក់ចុះចំនួន ៥,១ភាគរយ បើធៀបនឹងឆ្នាំ២០២០៕
សូមជម្រាបដែរថា ច្បាប់ស្តីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ បានកំណត់ការប្រមូលចំណូលពី ពន្ធដារ វិភាគទាន អាករ ផលទុន និងចំណូលនានាឱ្យបានប្រមាណ ៧,៤ពាន់លានដុល្លារ( ៣០ ៥៤៤ ៣៦៦លានរៀល)៕ 
 

Tag:
 គយ ចំណូល
© រក្សាសិទ្ធិដោយ thmeythmey.com