ជាតិ
សង្គមជាតិ
មន្រ្តីបរិស្ថានអាស៊ានប្រជុំរកដំណោះស្រាយបន្ថែមលើបញ្ហាបរិស្ថាន
05, Oct 2022 , 10:44 pm        
រូបភាព
កិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ ធ្វើឡើងនៅខេត្តសៀមរាប។ រូបភាពពីក្រសួងបរិស្ថាន
កិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានលើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ ធ្វើឡើងនៅខេត្តសៀមរាប។ រូបភាពពីក្រសួងបរិស្ថាន
សៀមរាប៖ ការប្រែប្រួលអាកាសធាតុ នៅតែក្លាយជាប្រធានបទថ្មីជានិច្ចសម្រាប់សាកលលោក។ បញ្ហាទាំងនេះត្រូវបានគេមើលឃើញថា កំពុងប៉ះពាល់ដល់សេដ្ឋកិច្ច និងសង្គមជាខ្លាំង។

 
«អាស៊ាន បាននិងកំពុងរៀបចំយុទ្ធសាស្រ្ត អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ក្រោយការរាលដាលជំងឺកូវីដ-១៩ ឲ្យមានភាពធន់នឹងកត្តាគម្រាមកំហែងពីខាងក្រៅ ជាអាទិ៍ជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុ និងបញ្ហាភូមិសាស្ត្រនយោបាយ ក្នុងនោះវិស័យបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចតំបន់»។ នេះជាការលើកឡើងរបស់លោក ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងពិធីបើកកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន នាថ្ងៃទី៥ តុលា នាសណ្ឋាគារ សុខាល័យសៀមរាប។ 
 
ថ្លែងទៅកាន់អ្នកចូលរួម លោក ទិន ពន្លក បញ្ជាក់ថា ក្នុងនាមជាប្រធានអាស៊ាន កម្ពុជាកំពុងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយបញ្ហាបរិស្ថាន ទាំងក្នុងតំបន់ និងសកល ដោយកំណត់យុទ្ធសាស្រ្ដ ក្រោមមូលបទ អាស៊ានដោះស្រាយបញ្ហាប្រឈមជាមួយគ្នា។ លោកបន្ថែមថា រដ្ឋាភិបាលនៃបណ្តាប្រទេសសមាជិកអាស៊ាន បាននិងកំពុងយកចិត្តទុកដាក់លើការងារបរិស្ថាន ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ទីក្រុងឆ្លាតវៃ ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពជាដើម។ 
 
រដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្លែងទៀតថា យុទ្ធសាស្រ្តចំនួន៧ ត្រូវបានដាក់ចេញសម្រាប់ការងារបរិស្ថានគឺ មានការអប់រំបរិស្ថាន ការគ្រប់គ្រងបរិស្ថានតំបន់ឆ្នេរ ទីក្រុងនិរន្តរភាព ការគ្រប់គ្រងសារធាតុគីមីនិងសំណល់ ប្រភពទឹក ការប្រែប្រួលអាកាសធាតុ និងការអភិរក្សធនធានធម្មជាតិនិងជីវៈចម្រុះ។  
 
ការខិតខំដោះស្រាយបញ្ហាបរិស្ថាននេះដែរ នាពេលកន្លងមក កម្ពុជាទទួលបានសមិទ្ធផលការងារជាច្រើន ដូចជាបានចូលរួមអនុវត្តនូវកិច្ចព្រមព្រៀងពហុភាគីស្តីពីបរិស្ថានជាច្រើន ជាពិសេសបានពង្រឹងការប្តេជ្ញាចិត្ត ធ្វើសកម្មភាពប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ តាមរយៈនូវការដាក់ជូននូវរបាយការណ៍ជាតិស្តីពីការរួមចំណែកអនុវត្តអនុសញ្ញា ប្រែប្រួលអាកាសធាតុ (NDC) យុទ្ធសាស្រ្តរយៈពេលវែងស្តីពីអព្យាក្រឹត្យកាបូន និងធ្វើសកម្មភាព និងវិធានការសមស្រប ដើម្បីគ្រប់គ្រងប្លាស្ទិក និងសំណល់ កិច្ចសហប្រិបត្តិការក្នុងស្រុកនិងអន្តរជាតិ និងការកៀរគរធនធានដើម្បីគ្រប់គ្រងធនធានធម្មជាតិ រួមទាំង តាមរយៈហិរញ្ញប្បទានការបូន។ នេះជាការលើកឡើងរបស់លោក ទិន ពន្លក៕
 
 

Tag:
 បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com