កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
តស៊ូ! កីឡាការិនីប៊ូស្យា សន សាស ពីក្មេង​ឈឺញឹកញាប់ ទៅជាម្ចាស់មេដាយមាស​អាស៊ាន​ប៉ារ៉ាហ្គេម
06, Oct 2022 , 9:59 pm        
រូបភាព
អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា កញ្ញា សន សាស ម្ចាស់មេដាយមាសលើវិញ្ញាសាប៊ូស្យា ក្នុងព្រឹត្តិការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើទី១១ នៅប្រទេសឥណ្ឌូណេស៊ី
អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា កញ្ញា សន សាស ម្ចាស់មេដាយមាសលើវិញ្ញាសាប៊ូស្យា ក្នុងព្រឹត្តិការប្រកួតអាស៊ានប៉ារ៉ាហ្គេមលើទី១១ នៅប្រទេសឥណ្ឌូណេស៊ី
ជាម្ចាស់មេដាយមាស​ពីព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី១១នៅក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី កីឡាការិនី​ប៊ូស្យា សន សាស កំពុង​ប្រឹង​ប្រែង​ប្រក​បដោយជំនឿ​ចិត្ត​ក្នុង​ការ​រក្សា​ឲ្យ​បាន​មេដាយ​មាស​នេះ សម្រាប់ព្រឹត្តិការណ៍​លើកទី១២ ដែល​រៀបចំនៅ​កម្ពុជា​នាពាក់កណ្តាល​ឆ្នាំ​២០២៣ ខាងមុខ។

 
នៅមជ្ឈមណ្ឌលជាតិនៃជនពិការ (NCDP) ក្បែរ​សាលា​បឋមសិក្សាត្រពាំងស្វាយ នៃភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានអត្តពលិក​ជនពិការប្រុសស្រីជាច្រើនកំពុងហ្វឹកហាត់ទៅតាមប្រភេទកីឡានីមួយៗ។

 
កញ្ញា សន សាស អាយុ២២ឆ្នាំ ស្ថិតក្នុងចំណោម​កីឡាករ-កីឡារិនីទាំងនោះ ដោយ​កញ្ញា ត្រូវ​បាន​គេស្គាល់​ច្បាស់​តាមរយៈការនាំមេដាយមាសជូនជាតិ ពីព្រឹត្តិការណ៍​អាស៊ាន​ប៉ារ៉ាហ្គេម​លើកទី១១ នៅក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី លើ​ប្រភេទ​កីឡា​ប៊ូស្យា វិញ្ញាសា BC2។
 
ប៊ូស្យា (Boccia) ជា​ប្រភេទកីឡា​ដែលប្រើប្រាស់​ដុំបាល់ ទម្រង់ដូចជា ប៊ូល និងប៉េតង់​សម្រាប់អត្តពលិក​ជន​ពិការ​ផ្នែក​រាងកាយ ដោយ​កីឡាការិនី សន សាស បានចូលប្រឡូកជិត៤ឆ្នាំមកហើយ​។
 
ចាប់តាំងពី​ឆ្នាំ​២០១៩មក សន សាស ត្រូវបាន​ឪពុក​ម្តាយយកទៅផ្ញើប្រធាន​មជ្ឈមណ្ឌលជាតិនៃជនពិការ ដើម្បីហ្វឹកហាត់​កីឡាប៊ូស្យា​​ ដើម្បី​ចូលរួមការប្រកួត ហើយ​ក៏បាន​ក្លាយ​ទៅអត្តពលិកប៉ារ៉ាឡាំពិកកម្ពុជា។​
 

កីឡាការិនី សន សាស ដណ្តើមបានមេដាយមាសជូនកម្ពុជាលើវិញ្ញាសា ប៊ូស្យា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី នាថ្ងៃទី៣សីហា ២០២២

មានដើមកំណើតពី​គ្រួសារកសិករ​នៅក្នុងស្រុកទ្រាំង ខេត្តតាកែវ​ សន សាស រៀនបានត្រឹមតែថ្នាក់ទី៣ប៉ុណ្ណោះ ដោយសារ​តែ​ឈឺច្រើន និងពិការភាពពីកំណើត។  នាងជាកូន​ច្បង​ក្នុងចំណោម​បងប្អូន​៤នាក់ ហើយ​ក៏ជាកូន​តែម្នាក់​គត់ដែលមានពិការភាព ពោលគឺ​ស្វិតជើង។
 
អង្គុយលើរទះរុញមួយក្នុងបរិវេណនៃកន្លែងហ្វឹកហាត់កីឡាសម្រាប់ជនពិការនានា ​សន សាស បានថ្លែងមកកាន់សារព័ត៌មានថ្មីៗដោយសម្តីមួយៗថា៖​«ខ្ញុំស្រឡាញ់កីឡានេះ​ ហើយឪពុកម្តាយ គឺគាត់ជំរុញនិងលើកទឹកចិត្តខ្ញុំខ្លាំងមែនទែន​ក្នុងការរៀនកីឡានេះ»។
 
នាងបន្តថា៖ «ភាពពិការរបស់ខ្ញុំ គឺត្រូវនឹង​ប្រភេទកីឡាប៊ូស្យានេះ»។​ 
 
ការដើរក្នុងវិស័យកីឡាជនមានពិការភាពប្រភេទ BC2 នេះ​ សន សាស បានចេញប្រកួតថ្នាក់អន្តរជាតិលើកដំបូងរបស់ខ្លួន​ ដោយនាំមកនូវភាពជោគជ័យយ៉ាងសម្បើមសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ ជាពិសេសសម្រាប់ប្រទេសជាតិ។ កាលពីថ្ងៃទី៣សីហា​ ឆ្នាំ២០២២ កីឡាការិនី សន សាស ដណ្តើមបានមេដាយមាសមួយជូនកម្ពុជាលើវិញ្ញាសា ប៊ូស្យា ក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ក្នុងទឹកដីប្រទេសឥណ្ឌូណេស៊ី។
 
សន សាស បានយកជ័យជម្នះលើកីឡាការិនីម្ចាស់ផ្ទះឥណ្ឌូណេស៊ី Gischa Zayana ដោយលទ្ធផល ៣-១ (១-0, ១-០, ០-១, ១-០) ហើយបន្តយកឈ្នះកីឡាការិនីម្ចាស់ផ្ទះឥណ្ឌូណេស៊ីម្នាក់ទៀត Febriyanti Vani Rahmadhani ដោយលទ្ធផល ៤-៣ (១-០, ០-៣, ១-០, ២-០)។
 
លើសពីភាពជោគជ័យ ការប្រកួតនេះ​ផ្តល់បទពិសោធន៍យ៉ាងច្រើនដល់ សន សាស ក្នុងការរៀនសូត្រ និងហ្វឹកហាត់បន្ថែមសម្រាប់ការប្រកួតអាស៊ានប៉ារ៉ាឡាំពិកលើក​ទី១២ ដែលធ្វើឡើងនៅទឹកដីកម្ពុជា នាពាក់កណ្តាលឆ្នាំ២០២៣។
 
ត្បិតមិនសូវចេះនិយាយស្តីច្រើន តែយុវតីដែលមានសក់ខ្លីផុតពីស្លឹកត្រចៀក​ និងរួញអង្គាសដីរូបនេះបានលើកឡើងថា​៖ «បទពិសោធន៍នោះ គឺពេលយើងបោះ [បាល់ទៅ] យើងមើល [តិចនិក] ដៃគូយើង​ ថា គេបោះបាល់ម៉េច និងគេបិទម៉េច? តាមរយៈបទពិសោធន៍នេះ ខ្ញុំនឹងខំហ្វឹកហាត់បន្ថែមទៀត ដើម្បីដណ្តើមយកមេដាយមាសទៀតនៅឆ្នាំក្រោយ»។​
 
ដើម្បីសម្រេចនូវគោលដៅនេះ  បច្ចុប្បន្ន សន សាស បានបង្កើនម៉ោងហ្វឹកហាត់ ព្យាយាមស្រាវជ្រាវនិងបង្កើតនូវបច្ចេកទេសថ្មីៗសម្រាប់ការប្រកួតដោយមានការសម្របសម្រួលពីលោកគ្រូបង្វឹកផ្ទាល់។ «យើងត្រូ​វបោះបាល់ឱ្យចូលកៀកកូនស ឬឱ្យកៀកនឹងកូនប៊ី និងយើងត្រូវបោះបន្តក់ឱ្យបានល្អជាដើម...»។ នេះជាការរៀបរាប់បន្ថែម​របស់នាង។​​
 
ភាពជោគជ័យដែលទទួលបានមកនេះ  គឺជារឿងមួយដែល សន សាស ពិសេសឪពុកម្តាយខ្លួននឹកស្មានមិនដល់តែសោះ។  លោក សន សាន ដែលជាឪពុករបស់អត្តពលិកប៉ារ៉ាឡាំពិកកម្ពុជារូបនេះ បានបង្ហាញនូវមោទកភាពណាស់ខ្លាំងចំពោះកូនស្រីខ្លួនដែលនាំកិត្តិយស ជូនគ្រួសារ និងប្រទេសជាតិទាំងខ្លួនមានពិការភាព។ 
 
«និយាយពីទឹកចិត្ត គឺខ្ញុំរំភើបគ្មានអ្វីធៀបបានទេ ព្រោះខ្ញុំមិននឹកស្មានកូនខ្ញុំអាចហាត់កីឡា និងរស់បានមកដលសព្វថ្ងៃផង ព្រោះកាលពីក្មេងគាត់ឈឺច្រើនពេក។ ប៉ុន្តែ កូនខ្ញុំឥឡូវនេះ មានដល់មេដាយមាស។ ខ្ញុំពិតជាមានមោទកភាពខ្លាំងមែនទែនចំពោះគាត់»។​ លោក​ សន សាន ថ្លែងបែបនេះមកកាន់សារព័ត៌ថ្មីៗ នារសៀលថ្ងៃទី៣តុលា។​
 
សម្រាប់ការប្រកួតអាស៊ានប៉ារ៉ាឡាំពិតលើទី១២នាអំឡុងខែមិថុនា ឆ្នាំ២០២៣ លោកឪពុករូបនេះ មានឆន្ទៈខ្ពស់មកផ្តល់កម្លាំងចិត្តកូនដោយផ្ទាល់នៅទីលានការប្រកួត ក្នុងរាជធានីភ្នំពេញ។
 
សូមរំឭកថា​ ​ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ាហ្គេម​លើក​ទី១១ ដែល​បានប្រារព្ធ​ធ្វើ​នៅ​ទីក្រុង Solo ប្រទេស​ឥណ្ឌូនេស៊ី ពី​ថ្ងៃ​ទី៣០​កក្កដា ដល់​ថ្ងៃ​ទី៦​សីហា ឆ្នាំ២០២២ កម្ពុជាទទួល​ដណ្តើម​បាន​មេដាយ​សរុប​២៨ ពីព្រឹត្តិការណ៍នេះ។ មេដាយទាំងនោះ រួមមាន មាសចំនួន៧,  ប្រាក់១០ និងសំរឹទ្ធ ១១ ក្នុងវិញ្ញាសាបូស៊ីយ៉ា បាល់ទះអង្គុយបុរស បាល់បោះរទះរុញនារី វាយកូនឃ្លីលើតុ អុក អត្តពលកម្ម និងហែលទឹក។ 
 
ព្រឹត្តិការណ៍នេះ កម្ពុជាបានបញ្ជូនអត្តពលិកចំនួន១១៥នាក់ ទៅចូលរួមប្រកួតលើវិញ្ញាសាកីឡាចំនួន ១១ប្រភេទ។ ក្នុងនោះមាន កីឡាអត្តពលកម្ម, ហែលទឹក,បាល់ទះអង្គុយបុរស និងនារី, បាល់បោះរទេះបុរស និងនារី,​ បាល់បោះជនពិការភ្នែក,​បាល់ទាត់ចលករខួរក្បាល (៥ម្ខាង),​ វាយកូនឃ្លីលើតុ, វាយសី,​ លើកទម្ងន់ អុកអន្តរជាតិ និងប៊ូស្យា៕ 
 
 

Tag:
 ប៉ារ៉ាហ្គេម
  កីឡាការិនីប៊ូស្យា សន សាស
© រក្សាសិទ្ធិដោយ thmeythmey.com