អន្តរជាតិ
នយោបាយអន្តរជាតិ
កូរ៉េខាងជើង បើកសម្ពោធកសិដ្ឋានផ្ទះកញ្ចក់ដែលសាងសង់លើអតីតទីលានសាកល្បងមីស៊ីល មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ក្នុងពិធីសម្ពោធកសិដ្ឋានបន្លែ។ រូបថត KCNA
× មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅថ្ងៃទី១០ ខែតុលា បានចូលរួមពីធីសម្ពោធកសិដ្ឋានដំណាំផ្ទះកញ្ចក់ដ៏ធំមួយនៅលើដីជាអតីតមូលដ្ឋានទ័ពអាកាសដែលធ្លាប់ប្រើជាកន្លែងសម្រាប់សាកល្បងបាញ់គ្រាប់មីស៊ីល។
បើតាមទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) កសិដ្ឋានផ្ទះកញ្ចក់ Ryonpho មានទីតាំងនៅភាគខាងកើតនៃតំបន់ Hamju លើដីជាអតីតទីលាន សម្រាប់បាញ់មីស៊ីសសាកល្បង។ ការបើកសម្ពោធ ធ្វើចំថ្ងៃទី១០ ខែតុលាដែលជាថ្ងៃខួបនៃការបង្កើតគណបក្សពលករកំពុងកាន់អំណាច និងជាថ្ងៃឈប់សម្រាកដ៏សំខាន់នៅកូរ៉េខាងជើងផង។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចូលរួមពិធីដោយផ្ទាល់ បន្ទាប់ពីចុះត្រួតពិនិត្យសមយុទ្ធនុយក្លេអ៊ែរឆ្លើយតបទៅការធ្វើសមយុទ្ធទ័ពជើងទឹករួមគ្នារវាងកូរ៉េខាងត្បូង និងអាម៉េរិក ក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។
គម្រោងផ្លាស់ប្តូរមូលដ្ឋានទ័ពអាកាស Ryonpho ទៅជាកសិដ្ឋានផ្ទះកញ្ចក់ ជាកិច្ចការអាទិភាពខ្ពស់បំផុតរបស់បក្សកាន់អំណាចកូរ៉េខាងជើង ដើម្បីជួយសម្រេចគោលដៅកែលម្អជីវភាពរស់នៅរបស់ប្រជាជន។ បើតាម KCNA កសិដ្ឋាននេះ មានដំណាំ៨៥០រង ដែលសាងសង់លើផ្ទៃដី២៨០ហិកតា ដើម្បីបំពេញតម្រូវការសម្រាប់ផ្ទះប្រជាជនប្រហែល១ពាន់ខ្នង សាលារៀន និងអាគារវប្បធម៌ ក៏ដូចជាកន្លែងផ្តល់សេវាកម្មផ្សេងៗ។
«បក្សពលករគ្រោងនឹងជំរុញការអភិវឌ្ឍជនបទ ដោយភាពស្វាហាប់ និងជឿជាក់បន្ថែមទៀត ជាមួយនឹងការសាងសង់កសិដ្ឋានផ្ទះកញ្ចក់ដូចមាន Ryonpho ជាគំរូ»។ នេះជាសម្រង់សម្ដីលោក គីម ក្នុងពិធីសម្ពោធ ។ KCNA រាយការណ៍ថា លោក គីម បានដឹកនាំបង្កើតគំនិតផ្តួចផ្តើមធ្វើកសិដ្ឋាននេះឡើងដើម្បីបង្កើនការផ្គត់ផ្គង់បន្លែ។
មេដឹកនាំកូរ៉េខាងជើង ក៏បានអំពាវនាវសាងសង់កសិដ្ឋានធំៗបន្ថែមទៀតដែលមានប្រភេទបន្លែចម្រុះមុខ ដើម្បីផ្គត់ផ្គង់តម្រូវការ ហើយធានាឱ្យបានការផលិតបែបវិទ្យាសាស្ត្រ ឧស្សាហកម្ម និងការគ្រប់គ្រងល្អនៅកសិដ្ឋានទាំងនោះ។ លើសពីនេះ មេដឹកនាំរដ្ឋកុម្មុយនីស្តមួយនេះ ក៏បានកោតសរសើរដល់ទាហាន និងកម្មករដែលបានសាងសង់កសិដ្ឋានផ្ទះកញ្ចក់ Ryonpho រួចរាល់ក្នុងរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ។
កូរ៉េខាងជើងកន្លងមកមានកសិដ្ឋានផ្ទះកញ្ចក់ Jungphyong នៅក្នុងតំបន់ Kyongsong ភាគឦសាន ស្រដៀងគ្នានឹងកសិដ្ឋាន Ryonpho ដែរ ប៉ុន្តែតូចជាងបន្តិច។ កសិដ្ឋានផ្ទះកញ្ចក់ Jungphyong បានសាងសង់នៅឆ្នាំ២០១៩ ស្របពេលកូរ៉េខាងជើងជំរុញការពឹងផ្អែកលើខ្លួនឯង ព្រោះរងការរឹតបន្តឹងទណ្ឌកម្មអន្តរជាតិជុំវិញកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់ខ្លួន៕
© រក្សាសិទ្ធិដោយ thmeythmey.com