អន្តរជាតិ
ក្រុមហ៊ុន Nissan លក់ជំនួញខ្លួននៅរុស្ស៊ីក្នុងតម្លៃតិចជាង ១ដុល្លារ រោងចក្ររថយន្ត Nissan នៅក្រុង St Petersburg។ រូបភាពយកពីទីភ្នាក់ងារព័ត៌មាន Tass
× ក្រុមហ៊ុនរថយន្ត Nissan នឹងប្រគល់ជំនួញរបស់ខ្លួនឱ្យក្រុមហ៊ុនរដ្ឋរុស្ស៊ី ក្នុងតម្លៃ១ អឺរ៉ូ ឬ ០,៩៧ដុល្លារ។ នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុនរថយន្តជប៉ុនមួយនេះ នៅថ្ងៃទី១១ ខែតុលា ដោយខ្លួនរំពឹងថា នឹងខាតបង់ប្រមាណ ៦៨៧លានដុល្លារ មុនចាកចេញពីរុស្ស៊ី ដែលបានឈ្លានពានអ៊ុយក្រែនចាប់តាំងពីខែកុម្ភៈកន្លងមក។
ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ក្រុមហ៊ុនបណ្តាប្រទេសលោកខាងលិច និងអាស៊ីមួយចំនួនបានសម្រេចដកខ្លួនឈប់រកស៊ីនៅរុស្ស៊ី ដោយសារតែទណ្ឌកម្មដ៏ច្រើនសន្ធឹក ក៏ដូចជាដាក់សម្ពាធលើរុស្ស៊ីឱ្យបញ្ចប់សង្រ្គាមផង។ មិនខុសពីក្រុមហ៊ុនផ្សេងឡើយ ក្រុមហ៊ុនរថយន្តដ៏ល្បីរបស់ជប៉ុន Nissan ក៏សម្រេចឈប់រកស៊ីនៅរុស្ស៊ី និងផ្ទេរ ភាគហ៊ុនឱ្យក្រុមហ៊ុនរដ្ឋរុស្ស៊ីNAMI ដែរ។
តាមការបញ្ជាក់របស់ក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មរុស្ស៊ី កិច្ចព្រមព្រៀងខាងលើ បានអនុញ្ញាតឱ្យក្រុមហ៊ុនជប៉ុនមានសិទ្ធិទិញជំនួញរបស់ខ្លួនត្រលប់មកវិញ ក្នុងរយៈពេល ៦ឆ្នាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងការលក់ឱ្យក្រុមហ៊ុនរដ្ឋរុស្ស៊ីនោះ វាមានបញ្ចូលផលិតកម្ម និងមជ្ឈមណ្ឌលស្រាវជ្រាវរបស់ក្រុមហ៊ុន Nissan ដែលមានមូលដ្ឋាននៅក្រុង St Petersburg រួមទាំងមជ្ឈមណ្ឌលសម្រាប់ធ្វើទីផ្សារ និងលក់នៅក្រុងមូស្គូផង។ ការលក់មួយនេះ ធ្វើឡើងក្នុងតម្លៃ ១អឺរ៉ុប ឬ០,៩៧ដុល្លារប៉ុណ្ណោះ។ តាមការប៉ាន់ប្រមាណ ក្រុមហ៊ុនរថយន្តជប៉ុនរំពឹងថា ខ្លួនអាចខាតបង់ប្រមាណ ៦៨៧លានដុល្លារ។
ចាប់តាំងពីខែមីនាមក ក្រុមហ៊ុន Nissan បានផ្អាកផលិតកម្មនៅក្នុងក្រុង St Petersburg រួចហើយ ដោយសារការបង្អាក់ច្រវាក់ផលិតកម្ម។ ដោយមើលឃើញសង្រ្គាមនៅអ៊ុយក្រែនមិនមានការប្រែប្រួល ទើបក្រុមហ៊ុនល្បីឈ្មោះជប៉ុនមួយនេះសម្រេចឈប់រកស៊ីនៅរុស្ស៊ី។
តាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia ក្រុមហ៊ុនរថយន្ត Mitsubishi ក៏កំពុងពិចារណាចង់ដើរចេញពីរុស្ស៊ីផងដែរ ប៉ុន្តែអ្នកនាំពាក្យក្រុមហ៊ុនថា គ្មានអ្វីមួយត្រូវបានសម្រេចឡើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com