ជាតិ
សង្គមជាតិ
ខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្មលេចជារូបរាងបណ្ដើរៗ
15, Oct 2022 , 5:59 pm        
រូបភាព
page-ដំណើរការជួសជុលខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម
page-ដំណើរការជួសជុលខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម
សៀមរាប៖ គម្រោងជួសជុល និងអភិរក្សខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម កំពុងដំណើរការដោយរលូន ហើយបច្ចុប្បន្នខ្លោងទ្វារនេះបានលេចចេញជារូបរាងបណ្ដើរៗហើយ។

 
សំឡេងដាប់ថ្មប៉ោកប៉ាក់ៗ លាន់ឮចេញពីការដ្ឋានជួសជុលខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម ដែលទីនោះ ត្រូវបានបិទបាំងដោយស្មៅពណ៌ខៀវ ការពារធូលីថ្ម ដី និងដើម្បីឱ្យទេសចរដឹងថា ជាការដ្ឋានជួសជុល ហើយមិនអនុញ្ញាតឱ្យឆ្លងកាត់ទេ។ កម្មករប្រមាណជាង២០នាក់ បែងចែកតាមផ្នែកមួយៗ មានផ្នែកជួសជុលថ្ម ដាប់ថ្ម និងតម្រៀបផ្គុំថ្ម កំពុងបំពេញភារកិច្ចតាមជំនាញរបស់ពួកគេ នៅក្រោមពន្លឺថ្ងៃក្ដៅល្មមនាម៉ោងជាង៨ព្រឹក។


 លោកស្រី នេត ស៊ីម៉ន ក្រុមការងារជួសជុលខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម

លោកស្រី នេត ស៊ីម៉ន បុរាណវិទូ ដែលកាន់ការងារអភិរក្ស និងជួសជុលខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្ម លើកឡើងថា ការជួសជុលមានការវិវត្តន៍ច្រើនគួរឱ្យកត់សម្គាល់ ដោយផ្នែកដំបូលប៉ែកខាងត្បូងដំឡើងបានប្រមាណ៥០ភាគរយហើយ និងកំពុងបន្តជួសជុល និងដំឡើងនៅប៉ែកខាងជើងបន្ថែមទៀត។ លោកស្រីបន្ថែមថា សរុបការងារនៅការដ្ឋានទាំងមូល គឺសម្រេចបានប្រមាណ ៣៥ភាគរយហើយ ក្រោយចាប់ផ្តើមជួសជុលពីខែមករា ឆ្នាំ២០២២មក។ 
 
រំឮកមុនការងារជួសជុលខ្លោងទ្វារ ទីតាំងនេះមានសភាពទ្រុឌទ្រោមខ្លាំង គឺប្រាង្គកណ្ដាលផ្នែកខាងលើ ថ្មបានរលុះទាំងស្រុង គឺនៅសល់ផ្នែកខាងជើង និងត្បូង ដែលស្ថានភាពថ្មនៅសល់មានស្ថានភាពថ្មគ្មានលំនឹង ហែក ក្រៀកចេញពីគ្នា មានហានិភ័យខ្ពស់ ហេតុដូច្នេះហើយទើបត្រូវការសង្រ្គោះបន្ទាន់ មិនដូច្នោះអាចប៉ះពាល់ដល់ភ្ញៀវ។ អាជ្ញាធរជាតិអប្សរា ដោយមានកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នឥណ្ឌា និងឆ្លងកាត់ការឯកភាពពីគណៈកម្មាធិការអន្ដរជាតិ អាយស៊ីស៊ី-អង្គរ បានស្រាវជ្រាវ និងជួសជុលឡើងវិញ ដោយធ្វើយ៉ាងណាគោរពតាមលំនាំជួសជុលពីសម័យបុរាណ។
 
ផលលំបាកមួយចំនួននៃការជួសជុលនារដូវភ្លៀងនេះ ជួបបញ្ហាលំបាកខ្លះៗ ពិសេសការងារជួសជុល តថ្ម។ ការងារនេះ ទាមទារឱ្យថ្មស្ងួត ដើម្បីងាយស្រួលបិទភ្ជាប់វិញបាន។ លោកស្រី នេត ស៊ីម៉ន បញ្ជាក់ថា តាមផែនការ ការងារនៅទីនេះ គ្រោងនឹងបញ្ចប់នៅឆ្នាំក្រោយ៕
 
 
 
 

Tag:
 ប្រាសាទតាព្រហ្ម
© រក្សាសិទ្ធិដោយ thmeythmey.com