កីឡាជាតិ
ជាតិ
អ្នកចាំទីកម្ពុជា៤រូប ធ្លាប់ជាប់ជម្រើសជាតិក្រោមការដឹកនាំ របស់លោក Honda
15, Oct 2022 , 10:29 pm        
រូបភាព
អ្នកចាំទីមកពីបណ្ដាលក្លិប ប្រមូលផ្ដុំហ្វឹកហាត់ រូបពី Cambodian Premier League
អ្នកចាំទីមកពីបណ្ដាលក្លិប ប្រមូលផ្ដុំហ្វឹកហាត់ រូបពី Cambodian Premier League
 លោក Keisuke Honda បានមកដឹកនាំកម្ពុជា ក្នុងតួរនាទីជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា កាលពីពាក់កណ្ដាល ឆ្នាំ២០១៨។ អ្នកចាត់ការទូទៅរូបនេះ បានដឹកនាំក្រុមជម្រើសជាតិកម្ពុជា បានចំនួន៣០ប្រកួត ក្នុងនោះ ឈ្នះ៧, ស្មើ៤ និងចាញ់១៩។ អ្នកចាំទី ចំនួន៤រូប មាន ស៊ូ យ៉ាទី, កែវ សុខ សិលា, អ៊ំ វិចិត្រ និង ហ៊ុល គឹមហ៊ុយ ធ្លាប់ជាប់ជាជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Honda។



កីឡាករ ស៊ូ យ៉ាទី អ្នកចាំទីក្លិបបាល់ទាត់ណាហ្គាវើលដ៍ ធ្លាប់ជាប់ជាអ្នកចាំទីឲ្យកម្ពុជា តាំងពីឆ្នាំ២០១២។ អំឡុងពេល លោក Keisuke Honda មកដឹកនាំនៅពាក់កណ្ដាលឆ្នាំ២០១៨ អ្នកចាំទីរូបនេះ ត្រូវបានកោះហៅឲ្យចូលជាមួយក្រុមជម្រើសជាតិ ដោយត្រូវជួបជាមួយ ម៉ាឡេស៊ី ក្នុងការប្រកួតមិត្តភាព។ ការបង្ហាញរបស់លោក Honda ដំបូងបានបរាជ័យ ដោយកម្ពុជា ចាញ់ ម៉ាឡេស៊ី ក្នុងលទ្ធផល ៣-១។ កីឡាកររូបនេះ បានបង្ហាញខ្លួនតែមួយលើក ក្នុងពេលដែលលោក Keisuke Honda បានមកដឹកនាំកម្ពុជា ចាប់ពីឆ្នាំ២០១៨ រហូតមកទល់ពេលនេះ។


 ហ៊ុល គឹមហ៊ុយ អ្នកចាំទីក្លិបបឹងកេត រូបពី Cambodian Premier League

រីឯ កីឡាករ កែវ សុខសិលា អ្នកចាំទីក្លិបបាល់ទាត់វិសាខា បានបង្ហាញខ្លួនឲ្យឈុតធំកម្ពុជា ដំបូងនៅខែតុលា ឆ្នាំ២០១៨ ក្នុងជំនួបមិត្តភាព កម្ពុជា និងទីម័រខាងកើត ដោយលទ្ធផលនៃការប្រកួត ២-២។ អ្នកចាំទីរូបនេះ បានបង្ហាញខ្លួនឲ្យក្រុមជម្រើសជាតិកម្ពុជា ចាប់ពីឆ្នាំ២០១៨ រហូតមកដល់ឆ្នាំ២០២២ បានចំនួន១៧ ប្រកួតដោយក្នុងនោះ ឈ្នះ៤, ស្មើ៤ និងចាញ់៩។ 
កីឡាករ អ៊ំ វិចិត្រ អ្នកចាំទីក្លិបកងយោធពលខេមរភូមិន្ទ បានជាប់ជាអ្នកចាំទីជម្រើសជាតិ ៣ប្រកួត ក្នុងពេលដែលកម្ពុជា ប្រកួតព្រឹត្តិការណ៍ AFF Cup 2018។ កម្ពុជា បានឈ្នះ ឡាវ ៣-១, ចាញ់ ម៉ាឡេស៊ី ១-០ និងចាញ់ វៀតណាម ៣-០។


 កែវ សុខសិលា អ្នកចាំទីក្លិបវិសាខា រូបពី Cambodian Premier League

កីឡាករ ហ៊ុល គឹមហ៊ុយ អ្នកចាំទីក្លឹបបឹងកេត បានបង្ហាញខ្លួនក្នុងជម្រើសជាតិកម្ពុជាដំបូង ក្នុងដើមឆ្នាំ២០១៩ ក្នុងការប្រកួតមិត្តភាព ជាមួយបង់ក្លាដេស ដោយចាញ់ក្នុងលទ្ធផល ១-០។ អ្នកចាំទីរូបនេះ បានបង្ហាញខ្លួនក្នុងជម្រើសជាតិ ៩លើក ដោយរាប់ទាំងការប្រកួតមិត្តភាពជាមួយយុវជនជប៉ុនក្រោម ២៣ឆ្នាំ។ ចំពោះ៩ប្រកួតនោះ កម្ពុជា ឈ្នះ២ ចាញ់៧។ 
 
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីលោក Keisuke Honda បានមកដឹកនាំជម្រើសជាតិបាល់ទាត់កម្ពុជា ដោយគិតពីឆ្នាំ២០១៨ មកដល់២០២២ កីឡាករ ៦៣រូបបានចូលលេងឲ្យជម្រើសជាតិកម្ពុជា ដោយក្នុងនោះ មានអ្នកចាំទីទាំង៤ ខាងលើនេះផងដែរ៕


កីឡាករ អ៊ំ វិចិត្រ អ្នកចាំទីក្លិបកងយោធពលខេមរភូមិន្ទ រូបពី Cambodian Premier League
 

 កីឡាករ ស៊ូ យ៉ាទីអ្នកចាំទីក្លិបណាហ្គាវើលដ៍ សង្គ្រោះ បាល់អំឡុងពេលប្រកួត រូបពី Cambodian Premier League
 
 
 
 
 
 

Tag:
 បាល់ទាត់
  អ្នកចាំទី
© រក្សាសិទ្ធិដោយ thmeythmey.com