កីឡាជាតិ
ជាតិ
លីគទី២៖ ​ក្រុមប្រជែងជើងឯក អគ្គិសនីកម្ពុជា និងដង្កោសែនជ័យ ប៉ះក្រុមបាតតារាងរៀងៗខ្លួន
16, Oct 2022 , 7:59 am        
រូបភាព
ក្រុមបាល់ទាត់ អាយ អេស អាយដង្កោសែនជ័យ។ រូបពី Cambodian League 2
ក្រុមបាល់ទាត់ អាយ អេស អាយដង្កោសែនជ័យ។ រូបពី Cambodian League 2
ក្រុមណិចស្ដិបអេហ្វស៊ី ត្រូវប្រកួតជាមួយ អគ្គិសនីកម្ពុជា នៅកីឡដ្ឋានហនុមាន ខណៈ អាយ អេស អាយ ដង្កោសែនជ័យ ស្វាគមន៍ ក្រុមបាតតារាងបន្ទាយមានជ័យនៅជំនួបលីគកម្រិត២កម្ពុជា សប្តាហ៍ទី២០ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ នៅកីឡដ្ឋាន AIA KMH Park នៅវេលាម៉ោង ៣:៤៥ រសៀល។

 
លោក ទុំ សារ៉ាយ គ្រូបង្វឹកអគ្គិសនីកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា ការប្រកួតកាន់តែទាក់ទាញ ដោយ៤ក្រុម មានពិន្ទុស្មើគ្នា គឺកោះកុងអេហ្វស៊ី, អាយ អេស អាយ ដង្កោសែនជ័យ, អគ្គិសនីកម្ពុជា និងនគរបាលជាតិ។ គ្រូបង្វឹករូបនេះ បាននិយាយទាំងប្រុងប្រយ័ត្នថា៖« យើង មិនអាចមើលងាយគូប្រកួតបានទេ បើទោះជាគូប្រកួតបរាជ័យ ឬធ្វើមិនបានល្អ ប៉ុន្ដែក្នុងវិស័យបាល់ទាត់ គូប្រកួតអាចយកឈ្នះយើងគ្រប់ពេល។ ជួនកាលគាត់ មិនល្អចំពោះការប្រកួតជាមួយក្រុមគេ ប៉ុន្ដែពួកគាត់អាចធ្វើបានល្អ ពេលជួបអគ្គិសនីកម្ពុជា។»។


  ការប្រកួតរបស់ អាយ អេស អាយដង្កោសែនជ័យជាមួយ ត្បូងឃ្មុំ នៅកីឡដ្ឋាន AIA KHM Park។ រូបពី Cambodian League 2

គ្រូបង្វឹករូបនេះ បានប្រាប់ពីបញ្ហា ដែលក្រុមអគ្គិសនីកម្ពុជា កំពុងព្រួយបារម្ភ គឺកីឡាកររបស់ក្រុម មានរបួសជាច្រើន ប៉ុន្ដែ លោក ទុំ សារ៉ាយ បានបញ្ជាក់ថា កូនក្រុមខ្លួន ប្ដេជ្ញា នឹងធ្វើឲ្យល្អ សម្រាប់៣ប្រកួតចុងក្រោយ នៃពានរង្វាន់លីគ២។
 
ចំពោះការត្រៀមខ្លួនរបស់ ណិចស្ដិបអេហ្វស៊ី បែបណានោះ សារព័ត៌មានថ្មីៗ មិនអាចទំនាក់ទំនង លោក Darren Pomroy គ្រូបង្វឹកក្រុមបាល់ទាត់ណិចស្ដិបអេហ្វស៊ី បានទេ។ ណិចស្ដិបអេហ្វស៊ី ត្រូវប្រកួតជាមួយ អគ្គិសនីកម្ពុជា នៅទីលានវិទ្យាល័យអង្គរ វេលាម៉ោង ៣:៤៥រសៀល។
 
ក្នុងពេលជាមួយគ្នានេះ អាយ អេស អាយ ដង្កោសែនជ័យ ត្រូវទទួលក្រុមបាល់ទាត់បន្ទាយមានជ័យអេហ្វស៊ី។ លោក Botiba bouyaloua Jean គ្រូបង្វឹកក្លិបបាល់ទាត់ អាយ អេស អាយដង្កោសែនជ័យ បានប្រាប់ថា កីឡាករ បានត្រៀមខ្លួនរួចរាល់។ គ្រូបង្វឹករូបនេះ បាននិយាយថា៖«យើង មិនអាចរំពឹងទុកថាឈ្នះ១០០ភាគរយទេ ព្រោះជាបាល់ទាត់។ ប៉ុន្ដែ កីឡាកររបស់យើង មានការលើកទឹកចិត្ត និងសាមគ្គីភាពគ្នា ក្នុងការប្រកួត។ យើង នឹងប្រឹងប្រែងប្រកួតដើម្បីឲ្យអ្នកគាំទ្រយើងសប្បាយចិត្ត។»។ 
 
លោក Botiba Jean បានប្រាប់ទៀតថា ក្លិបអាយ អេស អាយ ដង្កោសែនជ័យ បានប្ដេជ្ញាថា ត្រូវធ្វើឲ្យបានល្អ ចំពោះប្រកួតនៅសល់ ដើម្បីឡើងទៅក្របខ័ន្ធលីគកំពូល (Cambodian Premier League)។ «បើទោះជាការបំពេញតាមលក្ខណៈវិនិច្ឆ័យរបស់ក្រុមហ៊ុន CPL មានការពិបាកបន្ដិច តែយើង នឹងធ្វើឲ្យបាន។»។ លោក Botiba Jean បាននិយាយដូច្នេះ។
ចំណែក លោក ឈឹម យៀក គ្រូបង្វឹកក្រុមបាល់ទាត់បន្ទាយមានជ័យអេហ្វស៊ី បានបញ្ជាក់ថា កីឡាកររបស់ខ្លួន មានរបួសច្រើន ហើយកីឡាករដែលជាស្នូលនៃក្រុម ក៏មិនអាចចូលរួមប្រកួតបាន។ គ្រូបង្វឹករូបនេះ ថាជំនួបជាមួយ អាយ អេស អាយដង្កោសែនជ័យ ក្រុមរបស់លោក នឹងរៀបចំប្រព័ន្ធការពារឲ្យបានល្អ បើទោះជា អាយ អេស អាយ ដង្កោសែនជ័យ មានកម្រិតបែបណាក៏ដោយ។
 
ទន្ទឹមពេលគ្នានេះ ព្រៃវែងអេហ្វស៊ី ត្រូវប្រកួតជាមួយ កោះកុងអេហ្វស៊ី នៅកីឡដ្ឋានខេត្តព្រៃវែង ខណៈពេលដែល អាស៊ីអឺរ៉ុបយូណាយធីត ត្រូវជួបជាមួយ សាលាបាល់កីឡាបាល់ទាត់ជាតិ នៅ AEU Sport Park។ រីឯ សូលទីឡូអង្គរ ប៉ះជាមួយ ខេត្តត្បូងឃ្មុំ នៅកីឡដ្ឋានហុនមាន ស្របពេលដែលសៀមរាបអេហ្វស៊ី ប្រកួតជាមួយនគរបាលជាតិ នៅកីឡដ្ឋានខេត្តសៀមរាប។
 
គួរបញ្ជាក់ថា ក្នុងតារាងពិន្ទុបណ្ដោះអាសន្ន ក្រុមបាល់ទាត់កោះកុងអេហ្វស៊ី ឈរចំណាត់ថ្នាក់លេខ១ មាន៤២ពិន្ទុ តាមពីក្រោយដោយ អាយ អេស អាយដង្កោសែនជ័យ មាន៤២ពិន្ទុ ស្មើគ្នាជាមួយ ក្រុមលេខ៣ អគ្គិសនីកម្ពុជា និងក្រុមលេខ៤ នគរបាលជាតិ។ ដោយឡែក ព្រៃវែងអេហ្វស៊ី ឈរលេខ៥ មាន៣៨ពិន្ទុ និងលេខ៦ អាស៊ីអឺរ៉ុបយូណាយធីត មាន២៩ពិន្ទុ។ រីឯ សូលទីឡូអង្គរ ឈរលេខ៧ មាន២៥ពិន្ទុ និងលេខ៨ សាលាកីឡាបាល់ទាត់ជាតិ មាន១៩ពិន្ទុ តាមពីក្រោយដោយ ដោយខេត្តសៀមរាប មានពិន្ទុដូចគ្នា។ ចំណែក ខេត្ត ត្បូងឃ្មុំឈរលេខ១០ មាន១៨ពិន្ទុ, ណិចស្តិប លេខ១១ មាន៦ពិន្ទុ និងក្រុមបន្ទាយមានជ័យអេហ្វស៊ី មាន៥ពិន្ទុ លេខ១២៕
 

Tag:
 បាល់ទាត់
  Cambodian League 2
  លីគ២
© រក្សាសិទ្ធិដោយ thmeythmey.com