កីឡាជាតិ
ជំនួបមិត្តភាពអន្តរជាតិ៖ កម្ពុជាឈ្នះបាល់ទះ សិង្ហបុរី ២-១ សិត
15, Oct 2022 , 10:47 pm        
រូបភាព
ដោយ:

ក្រុមបាល់ទះជម្រើសជាតិកម្ពុជា យកឈ្នះភ្ញៀវសិង្ហបុរី ២-១ សិត នាជំនួបមិត្តភាពអន្តរជាតិ ថ្ងៃទី១៥ ខែតុលា នៅទីលានបាល់ទះក្នុងសាលព្រីនស៍(ហ្គ្រែនភ្នំពេញ)។ ការប្រកួតនេះ គឺដើម្បីបង្កើន និងវាស់ស្ទង់សមត្ថភាពក្រុមជម្រើសជាតិត្រៀមស៊ីហ្គេម២០២៣ ដែលសហព័ន្ធមានគោលដៅខ្ពស់ក្នុងការប្រជែងមេដាយក្នុងនាមជាម្ចាស់ផ្ទះ។


ការប្រកួតដ៏គួរឱ្យជក់ចិត្តរវាងក្រុមម្ចាស់ផ្ទះកម្ពុជា និងភ្ញៀវសិង្ហបុរី បានបង្កបរិយាកាសនូវសម្លេងពីទស្សនិកជនគាំទ្រវិស័យកីឡាបាល់ទះស្រែហ៊ោជាមួយនឹងការប្រកួតដ៏ស្វិតស្វាញ។ ពិន្ទុប្រដេញគ្នានាំមុខចុះឡើងម្តងម្នាក់ តែយ៉ាងណាម្ចាស់ផ្ទះបានបញ្ចប់ភាពតស៊ូរបស់ភ្ញៀវ ដោយលទ្ធផល​ក្នុងសិតទី១ កម្ពុជា នាំមុខពិន្ទុសិង្ហបុរី ២៥-២១។
ក្រោយសម្រាកប្តូរយុទ្ធសាស្រ្តរៀងខ្លួន ភ្ញៀវបើកការវាយបកមកវិញក្នុងសិតទី២ ដោយជ័យជម្នះពិន្ទុប្រកៀកប្រកិតគ្នា ២៥-២២។ អ្វីៗត្រូវបានសម្រេចនៅក្នុងសិតទី៣ ដោយពិន្ទុប្រទាក់ក្រឡាគ្នាទៅវិញទៅមក រហូតដល់ពិន្ទុតាមស្មើចុះឡើង តែទីបំផុតកីឡាករកម្ពុជា គួន ម៉ុម លោតវាយ(គុប)ផ្តាច់គ្រាប់ចុងក្រោយនាំជ័យជម្នះលើភ្ញៀវសិង្ហបុរី ២៧-២៥។

បញ្ចប់ការប្រកួតក្រុមម្ចាស់ផ្ទះកម្ពុជា យកឈ្នះភ្ញៀវសិង្ហបុរី ២-១ សិត នាជំនួបមិត្តភាពអន្តរជាតិក្នុងពិធីបើកការប្រកួតពានរង្វាន់បាល់ទះ សម្តេច ហ៊ុន សែន នាទីលានបាល់ទះក្នុងសាលព្រីនស៍(ហ្គ្រែនភ្នំពេញ)។ ប្រកួតបន្ទាប់កម្ពុជា នឹងស្វាគមន៍ គុយបា នៅថ្ងៃទី២០ ខែតុលា៕

 

 


© រក្សាសិទ្ធិដោយ thmeythmey.com