ជាតិ
សង្គមជាតិ
ផ្តើមពីការចូលចិត្តប្រើ លោក សាត សំជ្ញាន ក្លាយជាអ្នកជំនាញចិញ្ចឹមឃ្មុំដ៏ចំណាន
16, Oct 2022 , 6:59 pm        
រូបភាព
លោក សាត សំជ្ញាន ម្ចាស់ផលិតផលសម្រស់ទឹកឃ្មុំខ្មែរ
លោក សាត សំជ្ញាន ម្ចាស់ផលិតផលសម្រស់ទឹកឃ្មុំខ្មែរ
សៀមរាប៖ ផ្តើមពីការស្រឡាញ់ និងចូលចិត្តប្រើប្រាស់ទឹកឃ្មុំនៅក្នុងគ្រួសារ លោក សាត សំជ្ញាន ដែលមានការងារជាគ្រូពេទ្យផងនោះ បានក្លាយជាអ្នកជំនាញចិញ្ចឹមឃ្មុំដ៏ចំណានមួយរូប។

 
ដោយយល់ថា ទឹកឃ្មុំជាការពេញនិយមសម្រាប់ពលរដ្ឋខ្មែរទូទៅ ហើយបរិមាណឃ្មុំព្រៃកាន់តែធ្លាក់ចុះ មិនសូវរកបាន លោក សាត សំជ្ញាន បានស្វែងរកឱកាស និងសិក្សាវិធីសាស្រ្ដដើម្បីចិញ្ចឹមឃ្មុំ ចែកចាយដល់ទីផ្សារអ្នកប្រើប្រាស់ឱ្យបានទូលំទូលាយ រហូតបានជោគជ័យ។ លោកចាប់ផ្តើមស្រាវជ្រាវ និងចិញ្ចឹមឃ្មុំនៅកំឡុងឆ្នាំ ២០១៨ គឺស្រាវជ្រាវតាមរយៈបណ្ដាញអ៊ិនធឺណិតផង និងតាមរយៈមិត្តភក្ដិស្គាល់ផង។


 
បច្ចុប្បន្នម្ចាស់ផលិតផលសម្រស់ទឹកឃ្មុំខ្មែរ លោក សាត សំជ្ញាន ទទួលបានការគាំទ្រពីអតិថិជនមួយចំនួនធំ ទាំងពលរដ្ឋនៅក្នុងខេត្តសៀមរាប និងបណ្ដាខេត្ត-រាជធានីផ្សេងៗ ដែលបញ្ជាទិញទឹកឃ្មុំយកទៅប្រើប្រាស់។ ថ្វីដ្បិតជាអ្នករស់នៅខេត្តសៀមរាប តែបុរសវ័យ ៣៨ឆ្នាំរូបនេះ បានជ្រើសរើសខេត្តកំពង់ចាមឯណោះទេ សម្រាប់ការចិញ្ចឹមឃ្មុំយកទឹក។
 
លោក សោត សំជ្ញាន ពន្យល់ពីមូលហេតុដែលលោកជ្រើសរើសតំបន់ខេត្តកំពង់ចាមសម្រាប់ការចិញ្ចឹមឃ្មុំយ៉ាងដូច្នេះថា៖« ដើមឡើយរកទីតាំងចិញ្ចឹមនៅសៀមរាបដែរ តែចង់បានរដូវប្រមូលផលច្រើនបន្ដិច ពិសេសទឹកដមពីផ្កាគរ នៅសៀមរាបពិបាករក ប៉ុន្តែនៅកំពង់ចាមមានច្រើន»។
 
សព្វថ្ងៃអ្នកចិញ្ចឹមឃ្មុំរូបនេះ ផ្តោតសំខាន់លើទឹកឃ្មុំផ្កាគរ ដែលវាមានលក្ខណៈពិសេសជាងទឹកដបផ្កាដទៃ ដូចជាគុណភាពល្អ ក្លិនប្រហើរ ទុកយូរមិនងាយឡើងក្រាម មានពណ៌ភ្លឺស្អាត និងជាការពេញនិយមប្រើប្រាស់របស់អតិថិជន។ ក្រៅពីប្រមូលផលពីផ្កាគរហើយ លោក សំជ្ញាន ក៏ប្រមូលផលទឹកឃ្មុំពីផ្កាចម្រុះផ្សេងទៀតដែរ ដូចជាផ្កាធុរេន សៅម៉ាវ កៅស៊ូ និងចន្ទី។
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកជំនាញចិញ្ចឹមឃ្មុំរូបនេះ ពន្យល់ថា ក្នុងមួយរដូវលោកអាចប្រមូលទឹកឃ្មុំពីផ្កាគរពីមួយទៅពីរខែ គឺអាចបានពីរទៅបីដង តែវាអាស្រ័យតាមអាកាសធាតុប្រចាំឆ្នាំដែរ។ ឆ្នាំនេះ ដោយសារមានភ្លៀងធ្លាក់ច្រើន ផ្កាគរជ្រុះផ្កា ធ្វើឱ្យការប្រមូលផលបានមិនបានច្រើនទេ។ 


ការប្រមូលផលទឹកឃ្មុំរបស់លោក សាត សំជ្ញាននៅចម្ការគរ ខេត្តកំពង់ចាម។ រូបភាព៖ លោក សាត សំជ្ញាន
 
ចំពោះការប្រមូលផលទឹកឃ្មុំចិញ្ចឹម តើវាខុសពីការប្រមូលផលទឹកឃ្មុំព្រៃយ៉ាងដូចម្ដេចខ្លះ? លោក សំជ្ញាន រៀបរាប់ថា៖« ការប្រមូលចន្លោះពី២សប្ដាហ៍ប្រមូលម្ដង តែយើងក៏មើលគុណភាពដែរ តើវាចាស់អាចប្រមូលបានហើយឬនៅ មិនដូចអ្នកប្រមូលពីក្នុងព្រៃទេ ឃើញប្រមូលតែម្ដង ទឹកឃ្មុំព្រៃ និងចិញ្ចឹមអាចខុសគ្នាត្រង់ចំណុចនេះដែរ។ អ្នកយកទឹកឃ្មុំព្រៃ ពេលគាត់ឃើញឃ្មុំគាត់ដឹងតែយកហើយ គាត់អត់ពិនិត្យថាឃ្មុំហ្នឹងចាស់ឬក៏ខ្ចីទេ បានន័យថា គុណភាពវាល្មមក្នុងការប្រើប្រាស់ឬនៅ ចឹងទឹកឃ្មុំហ្នឹងពេលប្រមូលផលយើងពិនិត្យដែរ ថាតើជាតិទឹកត្រូវស្ដង់ដាឬនៅ យើងមានប្រដាប់ពិនិត្យ ទាល់តែជាតិទឹកវាក្រោម២១ភាគរយ ទើបគុណភាពវាត្រូវស្ដង់ដា»។
 
ទឹកឃ្មុំដែលល្អ គឺត្រូវប្រើប្រាស់វាមុនរយៈពេល២ឆ្នាំ ក្រោយប្រមូលផល។ យ៉ាងណាវាមិនងាយខូចដែរ ហើយប្រើក៏មិនប៉ះពាល់ដល់សុខភាពដែរ គ្រាន់តែពេលណាទុកយូរ ទឹកឃ្មុំអាចបាត់បង់សារធាតុចិញ្ចឹមមួយចំនួន។ នេះជាការពន្យល់បន្ថែមរបស់ម្ចាស់ផលិតផលសម្រស់ទឹកឃ្មុំខ្មែរ។
 
សន្ទុះនៃការប្រើប្រាស់ទឹកឃ្មុំនាពេលបច្ចុប្បន្ន ត្រូវបានលោក សំជ្ញាន កត់សម្គាល់ថា មានចំនួនច្រើនគួរសម ដោយពលរដ្ឋទាំងនោះយកប្រើជាភេសជ្ជៈ កាត់បន្ថយអាការៈជំងឺមួយចំនួន ហើយខ្លះទៀតចូលចិត្តទទួលទានដោយជឿថា ទឹកឃ្មុំជួយឱ្យសម្រស់ពួកគាត់ក្មេងជាងវ័យ។ លោក សំជ្ញាន ប្រាប់ថា អ្នកវិទ្យាសាស្រ្ដពិតជាបញ្ជាក់ថា ទឹកឃ្មុំមានសារធាតុអង់ស៊ីដង់ ដែលអាចជួយជួសជុលកោសិកាខូចពិតប្រាកដមែន។ យ៉ាងណា គ្រូពេទ្យរូបនេះមើលឃើញថា សន្ទុះនៃការប្រើប្រាស់របស់ពលរដ្ឋខ្មែរ ធៀបនឹងជនបរទេសគឺនៅមានកម្រិតនៅឡើយ ដោយជនបរទេសប្រើទឹកឃ្មុំជំនួសស្ករ និងទឹកដោះគោបានច្រើន។ 
 

រូបភាពផ្ដល់ដោយ លោក សាត សំជ្ញាន

សព្វថ្ងៃ លោក សំជ្ញាន ដែលឆ្លៀតពីការងារគ្រូពេទ្យ មកចិញ្ចឹមឃ្មុំដែលខ្លួនស្រឡាញ់ ដែលអាចលក់បានពី១៥០ទៅ២០០ដប (បរិមាណកន្លះលីត្រ) ទៅតាមផ្សារទំនើបមួយចំនួនក្នុងក្រុងសៀមរាប និងការបញ្ជាទិញតាមអនឡាញ។ ទឹកឃ្មុំមួយដប តម្លៃ ១០ដុល្លារ។ លោក សំជ្ញាន រំឮកថា កំឡុងពេលជំងឺកូវីដ១៩ផ្ទុះខ្លាំង ទីផ្សារទឹកឃ្មុំលោកលក់ដាច់ក្នុងបរិមាណច្រើន ដោយប្រជាពលរដ្ឋទិញសម្រាប់ឆុងទឹកក្ដៅទទួលទាន ដើម្បីបំបាត់អាការៈផ្ដាសាយ។ ក្រៅពីទឹកឃ្មុំសុទ្ធ លោក សំជ្ញាន ក៏មានលក់ក្បាលទឹក និងលម្អងឃ្មុំ ដែលជាការចូលចិត្តទទួលទានរបស់ពលរដ្ឋមួយចំនួនផងដែរ។
 
ទោះបីទីផ្សារទឹកឃ្មុំហាក់ល្អប្រសើរ ហើយសន្ទុះនៃអ្នកចិញ្ចឹមមានការកើនឡើងក្ដី តែបរិមាណនាំចូលពីបរទេសច្រើន បានក្លាយជាក្ដីកង្វល់សម្រាប់អ្នកចិញ្ចឹមផងដែរ។ ទឹកឃ្មុំនាំចូលលក់ក្នុងតម្លៃទាប និងមិនសូវមានគុណភាព ដែលភាគច្រើនជាទឹកឃ្មុំកែច្នៃ។ លោក សំជ្ញាន ចង់ឱ្យអ្នកប្រើប្រាស់ គួរជ្រើសរើសទឹកឃ្មុំដែលមានគុណប្រយោជន៍សម្រាប់សុខភាព ដោយមិនត្រូវគិតពីតម្លៃទាបជាងបន្ដិចបន្ដួចឡើយ ពិសេសបានរួមចំណែកជួយលើកស្ទួយផលិតផលក្នុងស្រុក និងលើកទឹកចិត្តដល់អ្នកចិញ្ចឹមផងដែរ៕
 
 
 
 
 
 
 
 

Tag:
 ឃ្មុំ
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com