កីឡាជាតិ
ជាតិ
គុនខ្មែរ៖ ឃុន បូរ៉ា ឈ្នះពិន្ទុ សូត្រ វាសនា ចំណែក ពុធ សំបូរ យកបាន៣ពិន្ទុពី គង់ ហូវ
17, Oct 2022 , 2:19 pm        
រូបភាព
ការប្រកួតរវាងបង្គោលក្រហម ឃុន បូរ៉ា ទល់នឹងបង្គោលខៀវ សូត្រ វាសនា។
ការប្រកួតរវាងបង្គោលក្រហម ឃុន បូរ៉ា ទល់នឹងបង្គោលខៀវ សូត្រ វាសនា។
ដោយ:
កីឡាករ ឃុន បូរ៉ា យកបាន៣ពិន្ទុក្រោយឈ្នះ សូត្រ វាសនា ដោយពិន្ទុ មុនរន្ទះជើងដំរីជាន់ខ្លា គង់ ហូវ ចាញ់ពុធ សំបូរ ដោយពិន្ទុក្នុងវគ្គសន្សំពិន្ទុវិលជុំពូលB នៃពានរង្វាន់«សម្តេច ទៀ បាញ់» កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។

 
សម្រាប់ទឹកទី១ រវាងបង្គោលក្រហម ឃុន បូរ៉ា វាយស្ទាបស្ទង់សមត្ថភាពបង្គោលខៀវ សូត្រ វាសនា ការធាក់គ្នាចុះឡើងសងមួយពីរទៅវិញទៅមកមិនមានអ្វីជាខ្លាំងក្លានោះទេ។ ចូលដល់ទឹកទី២ បង្គោលក្រហមហាក់បីដូចជាដឹងពីគន្លឹះក្នុងការផ្តួលបង្គោលខៀវ ទើបដើរចូលវាយសន្ធប់ប្តូរកណ្តាប់ដៃគ្នាលឿន តែបូរ៉ា ចេញញាប់ហើយធ្ងន់ៗ និងព្យាយាមកាច់ឡើងជង្គង់ផ្ទួនៗចំចុងដង្ហើម វាសនា ដួលនៅលើសង្វៀនធ្វើឱ្យអាជ្ញាកណ្តាលរាប់ បង្គោលខៀវ៨ ចំនួន១លើក។
 
ចូលទឹកទី៣ បង្គោលខៀវនៅតែអាចបន្តការប្រកួតវិញបាន នឹងវាយបកបង្គោលក្រហមពេញៗសងទៅវិញដូគ្នា ការសងទៅសងមករវាងកីឡាករទាំងពីរមិនមានគ្រោះថ្នាក់អ្វីឡើយ។ ចូលដល់ទឹកទី៤ បូរ៉ា ព្យាយាមដើរចូលវាយសម្រុកទៅលើ វាសនា ជាថ្មី និងចង់វាយផ្តាច់ទឹកទី៤ តែមិនអាចទៅរួច។ ចូលដល់ទឹកទី៥ កីឡាករទាំងពីរកម្លាំងថមថយ វាយគោះគ្នាទៅវិញទៅមក មិនជាការបុកខ្លាំងនោះទេ។ បញ្ចប់ទឹកទី៥ បង្គោលក្រហម ឃុន បូរ៉ា ឈ្នះពិន្ទុបង្គោលខៀវ សូត្រ វាសនា។
 
ចំណែករន្ទះជើងដំរីជាន់ខ្លា គង់ ហូវ អស់ឳកាសក្នុងការឡើងទៅវគ្គបន្តក្រោយចាញ់ពិន្ទុ កីឡាករ ពុធ សំបូរ។ រវាងបង្គោលក្រហម គង់ ហូវ និងបង្គោលខៀវ ពុធ សំបូរ ការប្តូរណ្តាប់ដៃគ្នាច្រើនជាងការប្រើសប្រាស់ជើងហើយក៏មិនមានការវាយគ្នាឱ្យសន្លប់នោះដែរ ពោលអ្នកទាំងពីរបន្តរក្សាការប្រដេញពិន្ទុគ្នារហូតពេញ៥ទឹក។ បញ្ចប់ការប្រកួត ពុធ សំបូរ ឈ្នះគង់ ហូវ ដោយពិន្ទុ៕
 
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ខ្សែក្រវាត់
© រក្សាសិទ្ធិដោយ thmeythmey.com