កីឡាជាតិ
ជាតិ
ដង្កោសែនជ័យ, អគ្គិសនីកម្ពុជា និងនគរបាលជាតិ មានពិន្ទុស្មើគ្នា ខណៈកោះកុងអេហ្វស៊ី ធ្លាក់មកលេខ៤
17, Oct 2022 , 6:09 pm        
រូបភាព
ការប្រកួតរវាង អាយ អេស អាយ ដង្កោសែនជ័យ និងបន្ទាយមានជ័យ អេហ្វស៊ី រូបពី Cambodian League 2
ការប្រកួតរវាង អាយ អេស អាយ ដង្កោសែនជ័យ និងបន្ទាយមានជ័យ អេហ្វស៊ី រូបពី Cambodian League 2
អាយ អេស អាយ ដង្កោសែនជ័យ ឡើងឈរកំពូលតារាងក្របខណ្ឌកីឡាបាល់ទាត់កម្រិតទី២កម្ពុជា តាមពីក្រោយដោយ អគ្គិសនីកម្ពុជា និងនគរបាលជាតិ​ ជាមួយពិន្ទុ៤៥ស្មើគ្នា។ កោះកុងអេហ្វស៊ី ធ្លាក់មកលេខ៤ មាន៤២ពិន្ទុ ក្រោយចាញ់ព្រៃវែង ៣-២ ក្រោយការប្រកួតសប្ដាហ៍ទី២០ នាថ្ងៃទី១៦ ខែតុលា ។

 
ការប្រកួតពានរង្វាន់លីគ២ កម្ពុជា សល់ ២សប្ដាហ៍ទៀតនឹងបញ្ចប់រដូវកាល ខណៈ៣ក្រុម អាយ អេស អាយ ដង្កោសែនជ័យ អគ្គិសនីកម្ពុជា នគរបាលជាតិ និង កោះកុងអេហ្វស៊ី បន្តប្រដេញពិន្ទុគ្នាយ៉ាងស្វិតស្វាញ។


 ការប្រកួតរវាងព្រៃវែង អេហ្វស៊ី និងកោះកុងអេហ្វស៊ី រូបពី Cambodian League 2
 
 លោក Botiba Bouyaloua Jean អ្នកចាត់ការក្រុមបអាយ អេស អាយ ដង្កោសែនជ័យ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថា កូនក្រុមលោកបានប្ដេជ្ញាថា ត្រូវធ្វើឲ្យបានល្អ ចំពោះប្រកួតនៅសល់ ដើម្បីឡើងទៅក្របខណ្ឌលីគកំពូល (Cambodian Premier League)នៅរដូវកាលក្រោយ។ 
 
«បើទោះជាការបំពេញតាមលក្ខណៈវិនិច្ឆ័យរបស់ក្រុមហ៊ុន CPL មានការពិបាកបន្ដិច តែយើង នឹងធ្វើឲ្យបាន។»។ លោក Botiba Jean បាននិយាយដូច្នេះ។ លក្ខណៈវិនិច្ឆ័យនោះ មាន៥យ៉ាង ដែលដូចគ្នាទៅនិងលក្ខណៈវិនិច្ឆ័យរបស់សហព័ន្ធបាល់ទាត់ទ្វីបអាស៊ី (AFC) រួមមាន៖ លក្ខណៈវិនិច្ឆ័យកីឡា (Sporting Criteria), លក្ខណៈវិនិច្ឆ័យហេដ្ឋារចនាសម្ព័ន្ធ (Infrastructure Criteria), លក្ខណៈវិនិច្ឆ័យបុគ្គលិក និងផ្នែករដ្ឋបាល (Personnel and Administrative Criteria), លក្ខណៈវិនិច្ឆ័យតាមច្បាប់ (Legal Criteria) និងលក្ខណៈវិនិច្ឆ័យលើហិរេញ្ញវត្ថុ (Financial Criteria)។
 
ការប្ដេជ្ញាចិត្តរបស់គ្រូបង្វឹក អាយ អេស អាយ ដង្កោសែនជ័យ ក៏ដូចគ្នាទៅនិងការប្ដេជ្ញាចិត្ត របស់គ្រូបង្វឹកអគ្គិសនីកម្ពុជា នគរបាលជាតិ និង កោះកុងអេហ្វស៊ី ដោយប្ដេជ្ញានឹងធ្វើឲ្យបានល្អ សម្រាប់ប្រកួតដែលនៅសល់។ ២ប្រកួតចុងក្រោយ គឺមានសារសំខាន់សម្រាប់ក្រុមទាំង៤នេះ ណាស់ប្រសិនជាបរាជ័យប្រកួតណាមួយ នឹងបាត់បងឱកាសបានជ័យលាភី ជើងឯក ជើងឯករង និងជ័យលាភីលេខ៣។
 
កោះកុងអេហ្វស៊ី ធ្លាក់ពីលេខ១ មកចំណាត់ថ្នាក់លេខ៤ (បណ្ដោះអាសន្ន) ក្រោយចាញ់ ព្រៃវែងអេហ្វស៊ី ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋានខេត្តព្រៃវែង។ រីឯ អាយ អេស អាយ ដង្កោសែនជ័យ បានឡើងមកលេខ១ បន្ទាប់ពីលុត បន្ទាយមានជ័យអេហ្វស៊ី ក្នុងកីឡដ្ឋាន AIA KHM Park ក្នុងលទ្ធផល ៨-០ ខណៈ អគ្គិសនីកម្ពុជា តាមពីក្រោយ អាយ អេស អាយ ដង្កោសែនជ័យ បន្ទាប់ពីយកឈ្នះលើ ណិចស្ដិបអេហ្វស៊ី ក្នុងលទ្ធផល ៦-១ នៅកីឡដ្ឋាន EDC។ ក្នុងពេលទន្ទឹមគ្នានេះ នគរបាលជាតិ ទទួលជោគជ័យលើ សៀមរាបអេហ្វស៊ី នៅកីឡដ្ឋានខេត្តសៀមរាប ក្នុងលទ្ធផល ៣-០។ 
 
ក្នុងពេលជាមួយគ្នានេះ អាស៊ីអឺរ៉ុបយូណាយធីត ជោគជ័យ ក្នុងជំនួបស្វាគមន៍ជាមួយ សាលាកីឡាបាល់ទាត់ជាតិ នៅក្នុងកីឡដ្ឋាន AEU Sport Park ក្នុងលទ្ធផល ១-០ ស្របពេលដែល ក្រុមបាល់ទាត់ខេត្តត្បូងឃ្មុំ បរាជ័យ ក្នុងជំនួបជាមួយ សូលទីឡូអង្គរ នៅកីឡដ្ឋានហនុមាន ក្នុងលទ្ធផល ៥-៣។
 
គួរបញ្ជាក់ថា ក្នុងតារាងពិន្ទុបណ្ដោះអាសន្ន ក្រុមបាល់ទាត់ អាយ អេស អាយ ដង្កោសែនជ័យ ឈរចំណាត់ថ្នាក់លេខ១ មាន៤៥ពិន្ទុ តាមពីក្រោយដោយ អគ្គិសនីកម្ពុជា មាន៤៥ពិន្ទុ ស្មើគ្នាជាមួយ ក្រុមលេខ៣ នគរបាលជាតិ។ រីឯ កោះកុង អេហ្វស៊ី ឈរលេខ៤ មាន ៤២ពិន្ទុ ចំណែក ព្រៃវែងអេហ្វស៊ី ឈរលេខ៥ មាន៤១ពិន្ទុ និងលេខ៦ អាស៊ីអឺរ៉ុបយូណាយធីត មាន៣២ពិន្ទុ តាមពីក្រោយដោយ សូលទីឡូអង្គរ ឈរលេខ៧ មាន២៨ពិន្ទុ និងលេខ៨ សាលាកីឡាបាល់ទាត់ជាតិ មាន១៩ពិន្ទុ តាមពីក្រោយដោយ ដោយខេត្តសៀមរាប មានពិន្ទុដូចគ្នា។ ចំណែក ខេត្ត ត្បូងឃ្មុំឈរលេខ១០ មាន១៨ពិន្ទុ, ណិចស្តិប លេខ១១ មាន៦ពិន្ទុ និងក្រុមបន្ទាយមានជ័យអេហ្វស៊ី មាន៥ពិន្ទុ លេខ១២៕
 

Tag:
 បាល់ទាត់
  Cambodian League 2
  លីគ២កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com