កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កម្ពុជា ដាក់វិញ្ញាសា៦០៨ ច្រើនជាងគេ ក្នុងប្រវត្តិសាស្ត្រស៊ីហ្គេម ខណៈសល់ពេល២០០ថ្ងៃទៀត
17, Oct 2022 , 9:59 pm        
រូបភាព
២០០ ថ្ងៃរាប់ថយក្រោយ ក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២
២០០ ថ្ងៃរាប់ថយក្រោយ ក្នុងដំណើរឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២
 គិតត្រឹមថ្ងៃទី១៧ ខែតុលា កម្ពុជា នៅសល់ពេល ២០០ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានដល់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣​។ ស្របពេលគ្នានេះ កម្ពុជាបានសម្រេច ដាក់ ៣៨ប្រភេទកីឡា ដែលមាន៦០៨វិញ្ញាសា ច្រើនជាងគេបង្អស់ នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម កន្លងមក។



ស៊ីហ្គេម លើកទី៣២ នឹងធ្វើពិធីបើកជាផ្លូវការ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២៣  នឹងពិធីបិទនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣។ កម្ពុជា បានដាក់បញ្ចូលកីឡា ៣៧ប្រភេទ រួមជាមួយកីឡាសម្ដែង១ប្រភេទ (Teqball)  ដែលសរុបទាំងអស់ ៦០៨វិញ្ញាសា។ ចំនួនសរុបវិញ្ញាសានេះ គឺច្រើនជាងគេបំផុតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ចាប់តាំងពីបង្កើតឡើងនៅឆ្នាំ១៩៥៦។ 
 
នៅឆ្នាំ២០១៩ ព្រឹត្តិការណ៍ ស៊ីហ្គេមលើកទី១៩ មានវិញ្ញាសា ត្រឹមតែ៥៣០ ដែលចាត់ទុកថាច្រើន ប៉ុន្ដែកម្ពុជា បានបំបែកកំណត់ត្រានេះផងដែរ។ កម្ពុជា ក្នុងនាមជាប្រទេស សហស្ថាបនិកព្រឹត្តិការណ៍នេះ បានរងចាំអស់រយៈពេល ៦៤ឆ្នាំ ដើម្បីធ្វើជាម្ចាស់ផ្ទះ ជាលើកដំបូងរបស់ខ្លួន​។
 
យោងលើការផ្សាយរបស់គេហទំព័រ Cambodia 2023 ៣៨ ប្រភេទកីឡានោះ រួមមាន៖
 
១. អត្តពលកម្ម (Track&Field និង ម៉ារ៉ាតុង)
២. កីឡាលើទឹក (ហែលទឹក, លោតទឹក, បាល់ទឹក និងហែលទឹកជើងទា)
៣. វាយសី
៤. បាល់បោះ (៥×៥ និង ៣×៣)
៥. ប៊ីយ៉ា ស្នូកឃ័រ
៦. ប្រដាល់សកល
៧. កាយវប្បកម្ម
៨. អុក (អុកចត្រង្គ និងអុកចិន)
៩. ទោចក្រយាន (កង់គួក និងកង់ភ្នំ)
១០. គ្រីឃីត (T20/Sixes និង T50/T20)
១១. កីឡារាំ
១២. កីឡាអេឡិចត្រូនិក
១៣. គុនដាវ
១៤. Floorball
១៥. បាល់ទាត់ (បុរស-នារី)
១៦. វាយកូនហ្គោល
១៧. កាយសម្ព័ន្ធ (Aerobic និង Artistic)
១៨. ហុកគី (រួមបញ្ចូលក្នុងសាល និងក្រៅសាល)
១៩. ម៉ូតូទឹក
២០. យូដូ
២១. ការ៉ាតេ
២២. យុទ្ធគុនចម្រុះ (គុនល្បុក្កតោ, Arnis គុនដំបងរបស់ហ្វីលីពីន, ជឺជីតស៊ូ, ឃីកបុកសីង, វ៉ូវីណាម, គុនខ្មែរ)
២៣. កីឡាឧបសគ្គ
២៤. បញ្ចសីលា
២៥. ប៉េតង់
២៦. ទូកក្ដោង
២៧. សីដក់
២៨. សូហ្វតេន្នីស
២៩. វាយកូនឃ្លីលើតុ
៣០. តេក្វាន់ដូ WT
៣១. វាយកូនបាល់
៣២. ប្រណាំងទូកប្រពៃណី
៣៣. ទ្រីយ៉ាត្លុង (រួមទាំង អាគ័រត្លុង និងឌូអាត្លុង)
៣៤. បាល់ទះ (ក្នុងសាល និងលើឆ្នេរខ្សាច់)
៣៥. លើកទម្ងន់
៣៦. ចំបាប់
៣៧. វ៉ូស៊ូ
 
កីឡា Teqball ជាកីឡាសម្ដែង (Demonstration Sport) ដែលប្រកួតបាល់លើតុកកោងដោយរួមបញ្ចូលគ្នានូវរបៀបលេងកីឡាបាល់ទាត់ និងវាយកូនឃ្លីលើតុ ត្រូវបានដាក់បញ្ចូលជាលើកដំបូងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ នឹងចាប់ផ្ដើមនៅថ្ងៃទី៥-១៧ ខែឧសភា ឆ្នាំ២០២៣ ចំណែក ព្រឹត្តិការណ៍ប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងចាប់ផ្ដើមនៅថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣៕
 

Tag:
 ស៊ីហ្គេម
  អាស៊ានប៉ារ៉ាហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com