កីឡាជាតិ
ជាតិ
បាល់ទះ៖ ក្រសួងមហាផ្ទៃ ឈ្នះស្នងការ ន.ប ខេត្តស្វាយរៀង ឯស្នងការ ន.ប ខេត្តសៀមរាប ចាញ់បញ្ជាការដ្ឋានកងអង្គរក្ស
18, Oct 2022 , 9:59 am        
រូបភាព
ការប្រកួតរវាងក្រុមបាល់ទះក្រសួងមហាផ្ទៃ(ខ្មៅ) ទល់នឹងស្នងការនគរបាលខេត្តស្វាយរៀង(ក្រហម)។ រូបពី VFC
ការប្រកួតរវាងក្រុមបាល់ទះក្រសួងមហាផ្ទៃ(ខ្មៅ) ទល់នឹងស្នងការនគរបាលខេត្តស្វាយរៀង(ក្រហម)។ រូបពី VFC
ដោយ:
សមាគមបាល់ទះក្រសួងមហាផ្ទៃ ដណ្តើមបាន៣ពិន្ទុពីក្រុមបាល់ទះស្នងការនគរបាលខេត្តស្វាយរៀង ដោយបញ្ចប់ក្នុងលទ្ធផល ៣-០ សិតក្នុងពូលD មុនក្រុមបាល់ទះបញ្ជាការដ្ឋានកងអង្គរក្ស យកឈ្នះសមាគមបាល់ទះខេត្តសៀមរាប ក្នុងលទ្ធផល ៣-១ សិតក្នុងពូលB វគ្គជម្រុះវិលជុំនៃពានរង្វាន់បាល់ទះ សម្តេច ហ៊ុន សែន ឆ្នាំ២០២២ កាលពីថ្ងៃទី១៧ ខែតុលា នាទីលានបាល់ទះក្នុងសាលព្រីនស៍។

 
នៅក្នុងសិតទី១ សមាគមបាល់ទះក្រសួងមហាផ្ទៃ បាននាំមុខក្រុមបាល់ទះស្នងការនគរបាលខេត្តស្វាយរៀង ដោយពិន្ទុដាច់ឆ្ងាយដោយលទ្ធផល ២៥-0៤ និងបន្តឈ្នះនៅក្នុងសិតទី២ ដោយពិន្ទុដាច់ឆ្ងាយជាលើកទី២ លទ្ធផល ២៥-១១ ចូលដល់សិតទី៣ បន្តឈ្នះបញ្ចប់ដោយពិន្ទុ ២៥-១៤។ បញ្ចប់ការប្រកួតក្រសួងមហាផ្ទៃ យកបាន៣ពិន្ទុនៅក្នុងពូលD។
 
ចំណែកក្រុមបាល់ទះបញ្ជាការដ្ឋានកងអង្គរក្ស យកបាន៣ពិន្ទុបន្ថែមពី សមាគមបាល់ទះខេត្តសៀមរាប។ ក្នុងសិតទី១ បញ្ជាការដ្ឋានកងអង្គរក្ស យកឈ្នះខេត្តសៀមរាបដោយលទ្ធផលប្រដេញគ្នា ២៥-២៣។ ចូលដល់សិតទី២ ក្រុមបាល់ទះខេត្តសៀមរាប វាយបកយកឈ្នះមកវិញដោយពិន្ទុ ២៥-២១ តែបញ្ជាការដ្ឋានកងអង្គរក្ស បន្តវាយផ្តាច់ក្នុងសិតទី៣ ដោយពិន្ទុ ២៥-២១ និងបន្តឈ្នះសិតទី៤ ដោយពិន្ទុ ២៥-២០។
 
គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់បាល់ទះ សម្តេច ហ៊ុន សែន ឆ្នាំ២០២២ មាន១១ក្រុមចូលរួម និងបែងចែកជា៤ពូល(A-B-C-D)។ ការប្រកួតនឹងធ្វើការជម្រុះតាមពូលនីមួយៗរហូតរកឃើញ៨ក្រុមចុងក្រោយ និងបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងវគ្គផ្តាច់ព្រ័ត្រ ដែលការប្រកួតប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥-៣០ ខែតុលា នៅ ទីលានបាល់ទះក្នុងសាលព្រីនស៍៕
 

Tag:
 កីឡាបាល់ទះ
 ពានសម្តេច ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com