ជាតិ
លោក ឌិត ទីណា ប្ដេជ្ញាដោះស្រាយបញ្ហាប្រឈម និងរកទីផ្សារបន្ថែមដល់កសិករ
18, Oct 2022 , 12:19 pm        
រូបភាព
លោក ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លោក ឌិត ទីណា រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ ក្រោយទទួលបានដំណែង ជារដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ប្ដេជ្ញាដោះស្រាយបញ្ហាប្រឈម និងរកទីផ្សារបន្ថែមជូនកសិករឱ្យកាន់តែច្រើនបន្ថែមទៀត។ ការតាំងចិត្តបែបនេះ នឹងផ្ដល់ទំនុកចិត្តដល់កសិករកាន់តែខ្លាំង ស្របពេលវិស័យមួយនេះកំពុងជួបបញ្ហា។

 
ក្នុងពិធីផ្ទេរតំណែងរដ្ឋមន្រ្តីកសិកម្ម នៅទីស្ដីការក្រសួងកសិកម្ម ថ្ងៃទី១៧ ខែតុលានេះ លោក ឌិត ទីណា ដែលធ្លាប់ជា រដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល បានលើកឡើងថា លោក និងមន្រ្តីក្រោមឱវាទ ប្ដេជ្ញាបំពេញការងារ ដោយបន្តអនុវត្តគោលនយោបាយ ផែនការ និងយុទ្ធសាស្ត្រជាតិ ចតុកោណដំណាក់កាលទី៤ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០ ដើម្បីធ្វើយ៉ាងណាដោះស្រាយបញ្ហាប្រឈម និងទីផ្សារជូនកសិករ។ 


 លោក ឌិត ទីណា និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងពិធីផ្ទេរតំណែងរដ្ឋមន្រ្តីកសិកម្ម នៅទីស្ដីការក្រសួងកសិកម្ម ថ្ងៃទី១៧ ខែតុលា។ 

បច្ចុប្បន្ន កម្ពុជា បានបោះជំហានយ៉ាងឆ្ងាយពីកសិកម្មបែបប្រពៃណីមកទំនើប ព្រោះកសិករស្ទើរតែទាំងស្រុក បានបោះចោលការធ្វើការកសិកម្មដែលប្រើកម្លាំងមនុស្សច្រើន និងសត្វពាហនៈ មកប្រើប្រាស់ គ្រឿងយន្ត និងច្ចេកវិទ្យាទំនើបវិញ។ នេះជាការផ្លាស់ប្ដូរដ៏ល្អមួយ ដែលអាចឱ្យអ្នកផលិតទទួលបានផលច្រើនពីកសិករការធ្វើការសិកម្ម ដែលលើកម្ពស់ដល់សន្តិសុខស្បៀង និងសេដ្ឋកិច្ចជាតិ។ យ៉ាងណា កសិករនៅតែជួបបញ្ហាប្រឈមធំគឺទីផ្សារ និងកង្វះបច្ចេកទេស ដែលទាមទារឱ្យក្រសួងកសិកម្មគិតគូរដល់ពួកគេបន្ថែមទៀត។ 
ចំពោះមុខ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មថ្មី បានលើកឡើងពីគោលនយោបាយដឹកនាំកសិកម្មមួយចំនួន ដែលផ្ដោតសំខាន់លើការដោះស្រាយបញ្ហាប្រឈម និងបើកទីផ្សារជូនកសិករ។ ក្រសួងកសិកម្ម នឹងធ្វើយ៉ាងណាប្រែក្លាយកសិកម្មកម្ពុជា ទៅជាកសិកម្មកាន់តែទំនើប ឆ្លាតវៃ ប្រកបដោយបរិយាប័ន្ននិងនិរន្តរភាព ធន់នឹងការប្រែប្រួលអាកាសធាតុ។ 
 
ជំហានដំបូង លោកនឹងប្រមូលផ្តុំកម្លាំង មធ្យោបាយ និងធនធានដែលក្រសួងកសិកម្មមាន ដើម្បីចូលរួមសហការជាមួយស្ថាប័ន ពាក់ព័ន្ធពិនិត្យ និងដោះស្រាយផលប៉ះពាល់ បង្កឡើងដោយគ្រោះមហន្តរាយទឹកជំនន់ ដែលបានបំផ្លាញផលដំណាំរបស់ពលរដ្ឋនៅតាមបណ្តាខេត្តជាច្រើនទូទាំងប្រទេស។ ក្រសួងនឹងផ្ដល់ពូជស្រូវ និងដំណាំជាបន្ទាន់ ដើម្បីជួយកសិករ ស្តារការដាំដុះឡើងវិញ។ ការធ្វើបែបនេះ ក្រោយមានការចង្អុលបង្ហាញពី សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។ 
 
ក្រសួងកសិកម្ម នឹងបន្តសិក្សាឱ្យបានស៊ីជម្រៅពីបញ្ហាប្រឈមធំៗដែលកសិករ ធុរជន វិនិយោគគិន ដើម្បីផ្តល់ដំណោះស្រាយជាក់ស្តែងក្នុងទិសដៅកាត់បន្ថយចំណាយរបស់ពលរដ្ឋ តាមរយៈការបើកពង្រីកទីផ្សាបន្ថែម ពិសេសទីផ្សារមានសក្តានុពល។ ការផ្តល់បច្ចេកទេសផលិត និងពូជ ផលិតផលដែលចំគោលដៅទីផ្សារ ការសម្រួលខ្សែច្រវាក់តម្លៃដោយកាត់បន្ថយឈ្មួញកណ្តាល។ 
 
រដ្ឋមន្រ្តីវ័យក្មេងរូបនេះ តាំងចិត្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងការអនុវត្តមុខងារស្ថាប័ន និងតួនាទីភារកិច្ចរបស់មន្ត្រីគ្រប់លំដាប់ ថ្នាក់ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដោយផ្តល់ឱកាស មធ្យោបាយ ការលើកទឹកចិត្ត និងការបណ្តុះបណ្តាលសមត្ថភាពសមស្រប។ ក្រសួងកសិកម្ម នឹងបង្កើនកិច្ចសហការជិតស្និទ្ធជាមួយគ្រប់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងឆ្លើយតបទៅនឹងតម្រូវការរបស់ពលរដ្ឋឱ្យបានកាន់តែល្អប្រសើរ និងទាន់ពេលវេលា។ 
 
ក្រៅពីនេះ លោក ឌិត ទីណា បានដាក់វិធានការមួយចំនួនក្នុងការលើកកម្ពស់ការសិក្សាស្រាវជ្រាវស្វែងរកវិធីសាស្រ្តល្អៗ និងបច្ចេកវិទ្យាថ្មីៗ ដល់កសិករ និងអ្នកប្រកបការងារកសិកម្ម ដោយពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍ និងបណ្តាប្រទេសនានាក្នុងតំបន់ និងលើពិភពលោក ដើម្បីជំរុញបើកទីផ្សារនាំចេញឱ្យកាន់តែទូលំទូលាយថែមទៀត។ ក្រសួងកសិកម្ម នឹងពង្រឹងការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច ធនធានព្រៃឈើ និងជលផល ឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅរក្សាសក្ដានុពលកសិកម្ម សម្រាប់ការអភិវឌ្ឍ និងនិរន្តរភាព៕ 
 
 
 

Tag:
 លោក ឌិត ទីណា
  កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com