ជាតិ
លោក ឌិត ទីណា៖ តំណែងរដ្ឋមន្រ្តីកសិកម្មថ្មី ជា​សំណាង និងជាបន្ទុក
18, Oct 2022 , 2:29 pm        
រូបភាព
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
ភ្នំពេញ៖ ក្នុងសន្និសីទសារព័ត៌មានកាលពី​ថ្ងៃទី​១៧ តុលា ​លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អះអាងថា តំណែងជារដ្ឋមន្ត្រីកសិកម្មថ្មីនេះ គឺជា​សំណាង និងជាបន្ទុក។ ជាសំណាង​ ត្រង់​លោក​បាន​បម្រើ​ប្រជាពលរដ្ឋ ចំណែកជា​បន្ទុក គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​​។



តើតំណែងនេះ ជាសំណាង​ ឬជាបន្ទុក? លោក ឌិត ទីណា ឆ្លើយ​សំណួរ​អ្នកសារព័ត៌មាន Thmey Thmey 25ដូច្នេះ៖«អ្នក​ខ្លះ​ គេ​មើល​ឃើញ​​កម្ពស់​នៃ​តំណែង​ តែ​ខ្ញុំ​មើលឃើញទម្ងន់នៃការទទួល​ខុសត្រូវ។ ទាំង​ពីរនេះ គឺ​សំខាន់​ណាស់​ ព្រោះ​អ្វីៗ​​ជា​ការ​រំពឹងទុកគឺ​ខ្ពស់​ ហើយ​ការ​រំពឹងទុកកាន់តែខ្ពស់ ទម្ងន់​កាន់​តែ​ធ្ងន់​»។


  ពិធីផ្ទេរតំណែងរដ្ឋមន្រ្តីក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ
 
បើតាម​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទរូបនេះ តំណែង​មួយ​នេះ ក៏ជា​សំណាងផងដែរ។ លោក ទីណា យល់ថាជាសំណាង​ដែល​យុវជន​អាច​ប្រកួត​ប្រជែង​ និង​ចូលរួមជួយដល់​​ប្រជាពលរដ្ឋ​ រួម​ទាំង​​ប្រទេស នៅពេល​យុវជន​មាន​ឱកាស។ «នេះជាសំណាង សំណាងមិនមែនធ្វើធំទេ តែជា​សំណាងដែល​បាន​ចូលរួម​ជួយ​យ៉ាង​ពេញ​លេញ​ ក្នុង​តួនាទីមួយ ដែលមាន​បន្ទុក​ទទួ​ល​ខុស​ត្រូវ​ខ្ពស់»។ នេះជាការបញ្ជាក់​បន្ថែម​របស់​លោក ឌិត ទីណា។ 
 
លោក ឌិត ទីណា ត្រូវបាន​ព្រះ​មហាក្សត្រ​​ចេញ​ព្រះរាជក្រឹត្យ​តែង​តាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពី​ថ្ងៃទី​១៤​ តុលា និង​បាន​ចូលកាន់តំណែងនៅ​ថ្ងៃទី​១៧ តុលា។ លោក ឌិត ទីណា ជា​អតីត​រដ្ឋលេខាធិការក្រសួង​រ៉ែ និងថាមពល និងជា​កូនប្រុសតែ​ម្នាក់របស់​លោក ឌិត មន្ទីរ ប្រធាន​តុលាការ​កំពូល​។ 
 
គួរបញ្ជាក់ថា លោក​ វេង សាខុន ត្រូវ​បានព្រះ​មហាក្សត្រ​​ចេញ​ព្រះរាជក្រឹត្យ​តែង​តាំង​ជា​រដ្ឋមន្រ្តីប្រតិភូ​អម​នាយករដ្ឋមន្រ្តី ក្រោយ​បញ្ចប់តំណែងជារដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទកាលពី​ថ្ងៃទី​៨ តុលា៕ 


 លោក ឌិត ទីណា ទទួលត្រាពីលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជារដ្ឋមន្រ្តីស្ដីទី ក្រសួង​កសិកម្ម
 

Tag:
 កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com