កីឡាជាតិ
ជាតិ
ណិចស្ដិបអេហ្វស៊ី ទំនងត្រូវលក់ឱ្យម្ចាស់ថ្មី ដើម្បីដោះស្រាយវិបត្តិហិរញ្ញវិត្ថុក្លិប
19, Oct 2022 , 9:59 pm        
រូបភាព
ការប្រកួតបាល់ទាត់ណិចស្ដិបអេហ្វស៊ី ជាមួយក្រុម ISI ដង្កោសែនជ័យ នៅកីឡដ្ឋានហនុមាន។ រូបពី Cambodian League 2
ការប្រកួតបាល់ទាត់ណិចស្ដិបអេហ្វស៊ី ជាមួយក្រុម ISI ដង្កោសែនជ័យ នៅកីឡដ្ឋានហនុមាន។ រូបពី Cambodian League 2
មន្ដ្រីក្លិបណិចស្ដិបអេហ្វស៊ីម្នាក់ បានឱ្យដឹងថាក្រុមបាល់ទាត់ណិចស្ដិប ដែលប្រកួតនៅលីគ២កម្ពុជា កំពុងត្រូវបានឈ្មួញ ២រូបដេញថ្លៃ ស្របពេលក្លិបជួបបញ្ហាហិរញ្ញវត្ថុ។ ប្រភពដដែល បន្ដថាប្រសិនជាត្រូវថ្លៃ ក្លិបអាចនឹងប្រកាសជាផ្លូវការនៅចុងខែតុលា ឆ្នាំ២០២២នេះ។



ក្លិបណិចស្ដិបអេហ្វស៊ី ដែលមានមូលដ្ឋានក្នុងខេត្តសៀមរាប ក្នុងរដូវកាលនេះ ជួបបញ្ហាហិរញ្ញវត្ថុ តាំងពីក្រោយការប្រកួត២លើកដំបូង នៃពានរង្វាន់លីគ២កម្ពុជាម្លេះ។ ក្រោយជួបបញ្ហាហិរញ្ញវត្ថុនេះ លោក Charlie Pomroy ស្ថាបនិក និងជាគ្រូបង្វឹកក្លិបនេះ បានប្រាប់ដល់ក្រុមហ៊ុនលីគ និងសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។ ក្រោយមកលីគ និងសហព័ន្ធ ក៏យល់ព្រមជួយសម្រួល ដូចជាការអនុញ្ញាតឲ្យក្រុមណិចស្តិបអេហ្វស៊ីប្រើប្រាស់កីឡដ្ឋានហនុមាន សម្រាប់ការប្រកួតក្នុងដី និងការផ្សាយផ្ទាលជាដើម។ ចំពោះបញ្ហាខាងលើ គ្រូបង្វឹករូបនេះ ក៏ធ្លាប់ប្រាប់ជារឿយៗ នៅលើទំព័រហ្វេសប៊ុកផ្លូវការក្លិបបាល់ទាត់ណិចស្ដិបផងដែរ។
  

លោក Charlie Pomroy គ្រូបង្វឹកក្រុមបាល់ទាត់ណិចស្ដិប អេហ្វស៊ី រូបពី Cambodian League 2
 
ដោយឡែក ប្រភពជាមន្ដ្រីក្លិបណិចស្ដិបអេហ្វស៊ី ដែលសុំមិនបញ្ចេញឈ្មោះខាងលើ បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមថា នៅរដូវកាលក្រោយណិចស្ដិបអេហ្វស៊ី ទំនងជាបង្ខំចិត្តលក់ក្លិបទៅឱ្យម្ចាស់ថ្មីដែលមានធនធាន ស្របពេលមានអ្នកចង់បានពីររូប កំពុងតថ្លៃ។ 
 
ប្រសិនបើក្លិបត្រូវប្តូរម្ចាស់ថ្មី ទីតាំងក៏អាចនឹងត្រូវប្ដូរផងដែរ ប៉ុន្ដែចំពោះឈ្មោះក្លិប នៅរក្សាដដែល។ ទីតាំង ៣កន្លែង អាចនឹងត្រូវផ្លាស់ទៅ មានខេត្តកំពត, ព្រះសីហនុ និងប៉ោយប៉ែត។
កិច្ចព្រមព្រៀងលក់ និងចូលភាគហ៊ុនក្លិប មិនទាន់ប្រកាសជាផ្លូវការទេ ប៉ុន្ដែប្រភពខាងលើ បានឲ្យដឹងថា ក្លិបអាចប្រកាសជាផ្លូវការនៅថ្ងៃទី៣០ ខែតុលានេះ។ មន្ដ្រីមិនបញ្ចេញឈ្មោះនេះ ចាត់ទុកថា នេះគឺជារឿងល្អសម្រាប់ក្លិប ប្រសិនជាមានធនធានគ្រប់គ្រាន់សម្រាប់ទំនុកបម្រុងគ្រូបង្វឹក កីឡាករ ក្នុងការហ្វឹកហាត់ ថ្លៃធ្វើដំណើរទៅប្រកួត និងប្រាក់បៀវត្សកីឡាករគ្រប់គ្រាន់ ដែលធ្វើឱ្យគុណភាពក្រុម អាចនឹងវិវឌ្ឍលឿន។
 
«ក្លិប ចាត់ចែងធ្វើយ៉ាងមិចក៏ដោយ ឲ្យតែបានបន្ដរហូតចប់រដូវកាល ដោយគ្មានធនធាន ប៉ុន្ដែពេលនេះ ដូចជាពន្លឺព្រះអាទិត្យរះឡើង លើភ្នំចឹង។»។ មន្ដ្រីរូបនេះ និយាយដូច្នេះ។
ចំពោះបញ្ហាលក់ក្លិបនេះ សារព័ត៌មានថ្មីៗ មិនបានទទួលការបញ្ជាក់ពីលោក Charlie Pomroy ដែលជាគ្រូបង្វឹកទេ ដោយលោកចាត់ទុករឿងនេះ ជារឿងផ្ទៃក្នុងរបស់ក្លិប។
 
គួរបញ្ជាក់ថា ក្លិបមួយនេះ ធ្វើមិនបានល្អទេ ក្នុងការប្រកួតពានរង្វាន់ជើងឯកលីគ២ ដោយ២០ប្រកួត ឈ្នះ ត្រឹមតែ ២ប្រកួត និងចាញ់ ១៨ប្រកួត។ តាមការបញ្ជាក់ របស់លោក Charlie មកកាន់សារព័ត៌មានថ្មីៗកន្លងមក ការបរាជ័យរបស់ណិចស្ដិបបែបនេះ គឺបណ្ដាលមកពីវិបត្តិហិរញ្ញវត្ថុ ដែលមិនមានគ្រប់គ្រាន់ សម្រាប់ទំនុបបម្រុងកីឡាករ ទាំងហ្វឹកហាត់ និងប្រកួត៕
 

Tag:
 បាល់ទាត់
  លីគ២
  Cambodian League 2
© រក្សាសិទ្ធិដោយ thmeythmey.com