ជាតិ
រដ្ឋមន្រ្តី​កសិកម្ម​ថ្មី៖ ស្នាមញញឹមរបស់កសិករ ជាសេចក្ដីសុខរបស់ខ្ញុំ
20, Oct 2022 , 9:59 pm        
រូបភាព
លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម ពាក់​វ៉ែនតា បង់កនឹងក្រមា ឈរជិតកសិករកំពុងដឹកស្រូវពូជ។ រូបភាពពី​ហ្វេសប៊ុក​លោក ឌិត ទីណា។
លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម ពាក់​វ៉ែនតា បង់កនឹងក្រមា ឈរជិតកសិករកំពុងដឹកស្រូវពូជ។ រូបភាពពី​ហ្វេសប៊ុក​លោក ឌិត ទីណា។
ភ្នំពេញ៖ ក្នុង​ដំណើរ​បេសកកម្មថ្ងៃ​​ដំបូង​នៅខេត្ត​ក្រចេះ និង​ត្បូ​ង​ឃ្មុំ​ លោក ឌិត ទីណា រដ្ឋ​​មន្រ្តី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លើក​ឡើង​ថា​៖ «ស្នាមញញឹមរបស់បងប្អូនកសិករ គឺជាសេចក្ដីសុខរបស់ខ្ញុំ។ ខ្ញុំមានក្ដីសុខគ្រប់ពេល នៅពេលបានបម្រើប្រជាជន និងប្រជាជាតិយើង»។



បេសកកម្ម​នា​ថ្ងៃ​ទី​១ លោក ឌិត ទីណា សម្រេច​បាន​ពីរ​គោលដៅ​ គឺ​នៅ​ខេត្ត​ក្រចេះ និង​ខេត្ត​ត្បូង​ឃ្មុំ។ នៅ​ព្រឹក​ថ្ងៃទី​១៩ តុលា លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួង​​កសិកម្ម​ថ្មី បាន​អម​ដំណើរ​លោក គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ចូល​រួម​ក្នុង​ពិធីចែក​ស្រូវពូជចំនួន ២០៥,៣៥តោន ដល់កសិករចំនួន ២៧០២គ្រួសារ មកពីក្រុងក្រចេះ, ស្រុកព្រែកប្រសព្វ, ស្រុកឆ្លូង, ស្រុកចិត្របុរី និងស្រុកសំបូរ ខេត្តក្រចេះ។ 
  

ស្រូវដែល​បាន​ស្ដារឡើងវិញ។ រូបភាពពី​ហ្វេសប៊ុក​លោក ឌិត ទីណា។
 
នាថ្ងៃដដែល​ រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​រូប​នេះ បាន​ធ្វើ​ដំណើរ​ទៅកាន់​​​ខេត្ត​ត្បូង​ឃ្មុំ​ ដើម្បី​ចែកស្រូវ​ពូជចំនួន ៣០,២៥តោន ដល់​កសិករ​​​​​​ខូចខាតស្រូវដោយទឹកជំនន់ចំនួន ៣៥១គ្រួសារ​ ដែល​ត្រូវដាំស្តារឡើងវិញលើផ្ទៃដី ៣៧៨ហិកតា។ ក្នុង​ដំណើរ​បេសកកម្មជួបប្រជា​កសិករ​​លើក​ដំបូងនេះ​ លោក ឌិត ទីណា សរសេរលើទំព័រហ្វេសប៊ុកបែបនេះ៖ «ស្នាមញញឹមរបស់បងប្អូនកសិករ គឺជាសេចក្ដីសុខរបស់ខ្ញុំ។ ខ្ញុំមានក្ដីសុខគ្រប់ពេល នៅពេលបានបម្រើប្រជាជន និងប្រជាជាតិយើង»។
 
បន្ទាប់​ពី​​ចែក​ស្រូវ​ពូជរួច​ លោក ឌិត ទីណា បានចុះពិនិត្យផ្ទៃដីដែលស្ដារឡើង​វិញ ដោយ​សង្កេតឃើញថា នៅតំបន់ខ្លះមិនទាន់ស្ដារស្រូវវិញបានដោយសារផ្ទៃស្រែនៅមានកំប្លោកច្រើន។ ជា​មួយ​គ្នានេះ លោក ​ក៏​បាន​ប្រាប់​​​​ពល​រដ្ឋ​​ពីការប្រើប្រាស់ជីលើដីស្រែដែលកំពុងស្ដារ ដោយជៀសវាងការប្រើប្រាស់ជីលើសតម្រូវការ បណ្ដាលឱ្យខាតបង់ថវិកា និងប៉ះពាល់សុខភាពលូតលាស់របស់ដំណាំស្រូវ។
 
សូម​បញ្ជាក់ថា លោក ឌិត ទីណា បាន​បន្ត​បេសកកម្មចែកពូជស្រូវនៅថ្ងៃទី២០ តុលានេះ​ នៅ​ខេត្តកំពង់ចាម​ មុននឹងលោក​បន្តទៅខេត្តសៀមរាប ជាមួយ​សម្ដេច ហ៊ុន សែន ដើម្បី​ជួប​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ជំនន់​ទឹក​ភ្លៀង​៕ 


លោក ឌិត ទីណា រដ្ឋមន្រ្តី​កសិកម្ម កំពុង​លើក​ស្រូវពូជ ចែក​ជូន​កសិករ។ រូបភាពពី​​ហ្វេសប៊ុក​លោក ឌិត ទីណា។​
 


Tag:
 កសិកម្ម
  ស្រូវ​
  ក្រចេះ​
  ត្បូងឃ្មុំ​
© រក្សាសិទ្ធិដោយ thmeythmey.com