ជាតិ
សេដ្ឋកិច្ច
កម្ពុជា-ទីម័រ ចុះកិច្ចព្រមព្រៀងពង្រឹងការហោះហើរត្រង់ និងវិស័យពាណិជ្ជកម្មស្រូវអង្ករ
20, Oct 2022 , 9:43 pm        
រូបភាព
ភ្នំពេញ៖ កម្ពុជា និងទីម័រខាងកើត បានសម្រេចចុះកិច្ចព្រមព្រៀងលើឯកសារសំខាន់ៗចំនួន២ គឺពង្រឹងការហោះហើរត្រង់រវាងប្រទេសទាំង២ និង១ទៀត ទាក់ទងនឹងវិស័យពាណិជ្ជកម្មស្រូវអង្ករ។



លោក ចូហ្សេ ម៉ានូអែល រ៉ាមូស អរតា (Jose Ramos-Horta) ប្រធានាធិបតីទីម័រខាងកើត បានចូលជួបពិភាក្សាជាមួយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្ដិភាព នារសៀលថ្ងៃទី២០ តុលា ឆ្នាំ២០២២។ ក្រោយជំនួបនោះ ភាគីទាំង២ បានព្រមព្រៀងលើឯកសារចំនួន២ ដែលរួមមាន ទី១ ការផ្តល់សេវាដឹកជញ្ជូនហោះហើរត្រង់រវាងប្រទេសទាំង២ ដែលរំពឹងថា នឹងរួមចំណែកពង្រីកទំហំពាណិជ្ជកម្ម ពិសេសវិស័យកសិកម្មរវាងប្រទេសទាំង២ ហើយទី២ គឺអនុស្សរណៈយោគយល់ស្ដីពីការធ្វើពាណិជ្ជកម្មស្រូវអង្ករ។

ក្នុងជំនួបនៅពេលនោះ សម្ដេច ហ៊ុន សែន ក៏បានស្នើឱ្យជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ និងវិស័យសន្ដិសុខផងដែរ។ សម្តេច ថែមទាំងស្នើឱ្យទីម័រខាងកើតបង្កើតការវិនិយោគនៅកម្ពុជា ដូចជាម៉ាស៊ីនកិនស្រូវ ម៉ាស៊ីនសម្ងួត និងការនាំចេញទៅប្រទេសទីម័រ។

ប្រធានាធិបតីទីម័រខាងកើត បានអរគុណកម្ពុជាដែលបានគាំទ្រខ្លួនជាបេក្ខភាពសមាជិកអាស៊ាន និងអរគុណសម្រាប់រាជរដ្ឋាភិបាលកម្ពុជា ដែលបានឧបត្ថម្ភវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយបរិក្ខាពេទ្យមួយចំនួនដល់ទីម័រខាងកើត៕

Tag:
 កម្ពុជា-ទីម័រខាងកើត
  អាកាសចរណ៍
  ពាណិជ្ជកម្ម
  ស្រូវអង្ករ
© រក្សាសិទ្ធិដោយ thmeythmey.com