ជាតិ
សាលាស្រុកបន្ទាយស្រីត្រូវដូរទៅរុនតាឯក និងអង្គរធំដូរទៅពាក់ស្នែង
21, Oct 2022 , 6:59 pm        
រូបភាព
សម្ដេច ហ៊ុន សែន មើលប្លង់អភិវឌ្ឍន៍តំបន់រុតាឯក នាថ្ងៃទី២១ តុលា។
សម្ដេច ហ៊ុន សែន មើលប្លង់អភិវឌ្ឍន៍តំបន់រុតាឯក នាថ្ងៃទី២១ តុលា។
សៀមរាប៖ នាពិធីសំណេះសំណាលជាមួយពលរដ្ឋនៅតំបន់អភិវឌ្ឍន៍រុនតាឯកជិត២ពាន់គ្រួសារ នៅថ្ងៃទី២១ តុលា សម្ដេច ហ៊ុន សែន បានប្រកាសឱ្យផ្លាស់ប្ដូរមណ្ឌលរដ្ឋបាលស្រុកបន្ទាយស្រី និងស្រុកអង្គរធំ ទៅតំបន់អភិវឌ្ឍន៍ថ្មី ដែលរដ្ឋាភិបាលរៀបចំសម្រាប់ពលរដ្ឋស្ម័គ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរ។

 
មណ្ឌលរដ្ឋបាលស្រុកបន្ទាយស្រី ដែលស្ថិតនៅតំបន់១ ខាងត្បូងប្រាសាទបន្ទាយស្រីបន្ដិច នឹងត្រូវដូរទៅកាន់តំបន់អភិវឌ្ឍន៍រុនតាឯក ស្ថិតនៅភូមិតានី ឃុំរុនតាឯក។ ចំណែកមណ្ឌលរដ្ឋបាលស្រុកអង្គរធំ ដែលស្ថិតនៅតំបន់១ដូចគ្នា នៅខាងជើងកំពែងក្រុងអង្គរធំ ក៏ត្រូវផ្លាស់ប្ដូរទៅកាន់តែតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្ថិតនៅភូមិពាក់ស្នែង ឃុំពាក់ស្នែង។ នេះជាការប្រកាសរបស់សម្ដេច ហ៊ុន សែន ដែលអះអាងថា ជាសំណូមពររបស់អភិបាលខេត្តសៀមរាប ដើម្បីសម្រួលលើការងាររៀបចំការផ្លាស់ប្ដូររបស់ប្រជាពលរដ្ឋ។ 
 
ប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា មិនអាចឱ្យពលរដ្ឋក្នុងតំបន់១ចាកចេញទៅកន្លែងផ្សេង ដោយទុកមណ្ឌលរដ្ឋបាលស្រុកនៅទីនោះបានទេ ហើយការផ្លាស់ប្ដូរនេះ ក៏នឹងជួយសម្រួលដល់ការផ្តល់សេវាសាធារណដល់ប្រជាពលរដ្ឋក្នុងតំបន់អភិវឌ្ឍន៍ទាំងពីរផងដែរ៕
 
 
 
 

Tag:
 តំបន់អភិវឌ្ឍន៍រុនតាឯក
  តំបន់អភិវឌ្ឍន៍ពាក់ស្នែង
© រក្សាសិទ្ធិដោយ thmeythmey.com