កីឡាជាតិ
ជាតិ
បទសម្ភាសន៍
១៩​ឆ្នាំជាមួយ​បាល់ទាត់ អ្នក​ចាំទី សំរិត សីហា ព្យួរស្រោមដៃ​ដើម្បីទុកឱកាសឲ្យក្មេងៗ និងងាកទៅរកស៊ី
22, Oct 2022 , 9:39 am        
រូបភាព
រូបភាពពីផេកហ្វេសប៊ុកក្លិបណាហ្គាវើលដ៍
រូបភាពពីផេកហ្វេសប៊ុកក្លិបណាហ្គាវើលដ៍
ចាប់ផ្តើមពីឈុតយុវជននៅឆ្នាំ២០០៣ ហើយ​បន្ត​ដល់ឈុត​ជម្រើសជាតិ និង​ឆ្លងកាត់​ក្លិបអាជីព​ចំនួន​៤ អ្នក​ចាំទី សំរិត សីហា ប្រកាស​សម្រេច​ព្យួរស្រោម​ដៃ​នៅក្នុង​វ័យ​៣៥​ឆ្នាំ។ កាលពីថ្ងៃទី​១៥ ខែតុលា ក្លិបណាហ្គាវើលដ៍ បាន​រៀបចំ​ពិធី​លា​គ្នាជាមួយអ្នក​ចាំទី​របស់ខ្លួន នាថ្ងៃ​ប្រកួតសប្តាហ៍ទី២០​នៃពានរង្វាន់ខេមបូឌានព្រីមៀរលីគនៅកីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ ជាមួយភ្នំពេញក្រោន ក្រោម​ក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជិត២៤០០នាក់។

 
១៩ឆ្នាំ​ក្នុងអាជីព​ជាកីឡាករបាល់ទាត់ សីហា មា​ន​អនុស្សាវរីយ៍ជាច្រើន ជាពិសេស​ឱកាស​ដែលបាន​លេងឲ្យក្រុមជម្រើសជាតិពី​ឆ្នាំ​២០០៧ ដល់ឆ្នាំ២០១៣ លេង​ឈុតស៊ីហ្គេម និង​ឈុត​យុវជនផ្សេងៗ ក៏ដូចជា​ក្លិប​ក្រសួង​ការពារជាតិ (កងយោធពលខេមរភូមិន្ទ), ភ្នំពេញក្រោន, ខេមបូឌាថៃហ្គឺរ (អង្គរថាយហ្គឺរ) និង​រួមរស់ជាមួយណាហ្គាវើលដ៍​នា​រយៈពេល​៨​ឆ្នាំចុងក្រោយ។


 
«មួយគឺចង់ទុក​ឱកាសឲ្យ​កីឡាករ​ជំនាន់ក្រោយ និងមួយទៀត​គឺចង់ប្តូរអាជីព​ទៅ​ប្រកប​របរ​រកស៊ីវិញ»។ នេះជាមូលហេតុ​ចម្បង​របស់សីហា​ បានអះអាង ទាក់ទងនឹង​ការ​ចូលនិវត្តន៍របស់ខ្លួនពីកីឡាករ​បាល់ទាត់ ប៉ុន្តែមិនមាន​ការបញ្ជាក់លម្អិតនោះឡើយ។ ចុងក្រោយនេះ សីហា ក៏ស្ថិតក្នុងចំណោម​ជាសមាជិកក្រុមគ្រូបង្វឹកនៃឈុត U-20 សម្រាប់ការ​ប្រកួតវគ្គជម្រុះ AFC U20 Championship 2023 ផងដែរ។
 
ខាងក្រោមនេះ ជាកិច្ចសម្ភាសរវាងលោកទេព ពិទូរ្យ ការីនិពន្ធ​ព័ត៌មាន​កីឡា​នៃ​សារព័ត៌មានថ្មីៗ ជាមួយកីឡាករ សំរិត សីហា៖
 
ទេព ពិទូរ្យ៖ ហេតុអ្វី សីហា សម្រេចចិត្តចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ត្រឹមវ័យ៣៥ឆ្នាំ?
សំរិត សីហា៖ វ័យយើងចាស់ដែរហើយ រយៈពេល១៩ឆ្នាំក្នុងវិស័យបាល់ទាត់គឺល្មមគ្រប់ហើយ ។ មួយវិញទៀត ខ្ញុំក៏ចង់ទុកឱកាសដើម្បីឱ្យកីឡាករក្មេងៗជំនាន់ក្រោយជំនួសកន្លែងខ្ញុំផង។ ម្យ៉ាង ខ្ញុំក៏មិនសូវបានលេងដែរនា​រយៈពេលចុងក្រោយនេះ។ ជាងនេះទៀត ខ្ញុំ​ក៏​រវល់ក្នុងមុខរបររកស៊ីថ្មីផង ទើបសម្រេច​ចូលនិវត្តន៍តែម្តងទៅ។


 
ទេព ពិទូរ្យ៖ ១៩​ឆ្នាំក្នុងអាជីព តើសីហា សម្រេច​បាន​អ្វី​ខ្លះ​?
សំរិត សីហា៖ រយៈ១៩ឆ្នាំមកនេះ សម្រាប់ក្លិប បានជួយក្លិប​ក្រសួង​ការពារជាតិ លើកពានសម្តេចហ៊ុន សែន ឆ្នាំ២០១០ និងជួយណាហ្គាវើលដ៍លើកពានលីគកំពូលកម្ពុជាឆ្នាំ២០១៨​ [កាលណោះ សីហា ជាប់ជាអ្នក​ចាំទី​ឆ្នើម​ប្រចាំ​រដូវកាល] ។ សម្រាប់ជម្រើសជាតិកម្ពុជា ខ្ញុំបានជួយក្រុម​ឱ្យឡើងវគ្គជម្រុះ AFC SUZUKI Cup ឆ្នាំ២០០៨ និងលេងឱ្យក្រុមអាយុក្រោម២១ឆ្នាំ ឈ្នះមេដាយសំរឹទ្ធពានស្តេចព្រុយណេ Hassanal Bolkiah Trophy នៅឆ្នាំ២០០៧។ 
 
ទេព ពិទូរ្យ៖ តើអនុស្សាវរីយ៍អ្វីខ្លះដែលសីហា ចងចាំបំផុត​ក្នុងតួនាទីជាអ្នក​ចាំទី?
សំរិត សីហា៖ អនុស្សាវរីយ៍ ពិតជាមានច្រើនណាស់បង! ដោយសារយើងនៅជាមួយកីឡាបាល់ទាត់នេះយូរឆ្នាំហើយ ពៅ​ចាប់តាំងពីជម្រើសអាយុក្រោម១៥ឆ្នាំមក​ម្ល៉េះ។ 
 
ទេព ពិទូរ្យ៖ ក្នុងក្លិបអាជីពចំនួន​៤ តើនៅក្លិបមួយណា​ដែល សីហា បាន​ជោគជ័យជាងគេ?
សំរិត សីហា៖ ខ្ញុំធ្លាប់លេងឱ្យ៤ក្លិប រួមមាន ក្រសួងការពារជាតិ (បច្ចុប្បន្ន កងយោធពលខេមរភូមិន្ទ) រយៈពេល៨រដូវកាល ភ្នំពេញក្រោន រយៈពេល២ឆ្នាំ អង្គរថាយហ្គឺរ១ឆ្នាំ និងចុងក្រោយណាហ្គារយៈពេល៨ឆ្នាំផងដែរ។ ខ្ញុំ​សុទ្ធតែរីករាយជាមួយក្លិបទាំងនោះ ប៉ុន្តែបើនិយាយពីជោគជ័យខ្លាំង គឺ​កាលនៅ​ក្លិប​ការពារជាតិ ដោយសារពេលនោះខ្ញុំ​បាន​លេងគ្រប់ឈុត ហើយនៅណាហ្គាវើលដ៍ ក៏ខ្ញុំ​បាន​បង្កើតស្នាដៃច្រើនដែរ។
 
ទេព ពិទូរ្យ៖ តើ សីហា មានទស្សនះបែបណាចំពោះអនាគត​បាល់ទាត់ខ្មែរ?
សំរិត សីហា៖ ​បាទ! ចាប់ពីពេលនេះគឺមានការរីកចម្រើនច្រើន។ ពីមុនមានតែកីឡដ្ឋានពីរប៉ុណ្ណោះ គឺអូឡាំពិក និងស្តាតចាស់ប៉ុណ្ណោះ ប៉ុន្តែឥឡូវមានច្រើន ហើយសម្រាប់ក្លិបនិមួយៗសុទ្ធតែមានកីឡដ្ឋានផ្ទាល់ខ្លួន និងថែមទាំងមានពេទ្យប្រចាំក្លិបផង។ ស្ទើរតែគ្រប់ក្លិបសព្វថ្ងៃសុទ្ធតែមានយុវជនថ្នាលរបស់ពួកគេរៀងៗខ្លួន ហើយអ្វីដែលពិសេស អ្នកគាំទ្រក៏មានច្រើន ជាមួយអ្នកឧបត្ថម្ភក៏មានភាពល្អប្រសើរជាងមុនឆ្ងាយដែរ​។ ទាំងនេះជាផលវិជ្ជមានមួយដែលធ្វើឱ្យវិស័យបាល់ទាត់នៅស្រុកខ្មែរយើង កាន់តែរីកចម្រើន៕


 
 

Tag:
 សំរិទ្ធ សីហា
© រក្សាសិទ្ធិដោយ thmeythmey.com