ស៊ីហ្គេម២០២៣
កីឡាជាតិ
ជាតិ
កែវ រំចង់៖ ប្រសិនបានប្រកួតស៊ីហ្គេម ដាច់ខាត ខ្ញុំនឹងយកមេដាយមាសជូនកម្ពុជាឱ្យបាន
23, Oct 2022 , 10:19 am        
រូបភាព
កីឡាករ កែវ រំចង់ និងភរិយា រូបពី កែវ រំចង់
កីឡាករ កែវ រំចង់ និងភរិយា រូបពី កែវ រំចង់
កែវ រំចង់ កីឡាករប្រដាល់កម្ពុជា បានប្ដេជ្ញាចិត្តយ៉ាងមាំថា ខ្លួននឹងយកមេដាយមាសពីព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា ឆ្នាំ២០២៣​ ឱ្យបាន ប្រសិនរូបគេមានឱកាសបានប្រកួតដំណាងជាតិ។ កីឡាករប្រដាល់រហស្សនាមតោកំ​ណាចរូបនេះ បន្ថែមថា ខ្លួននឹងត្រឡប់មកសង្វៀនប្រាល់ជាថ្មី នៅឆ្នាំ២០២៣ ក្រោយអវត្តមានជាង ៣ឆ្នាំ។



កែវ រំចង់ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទថាខ្លួន នឹងត្រឡប់មកសង្វៀននៅ ឆ្នាំ២០២៣នេះ ដោយសព្វថ្ងៃរូបគេបានហ្វឹកហាត់បន្ថែមដោយខ្លួនឯងបណ្តើរៗ។ ការប្រកាសវិលត្រឡប់ទៅកាន់សង្វៀនជាថ្មី ក្រោយអវត្តមានជាង៣ឆ្នាំ រំចង់សង្ឃឹមថារូបគេនឹងអាចបង្ហាញខ្លួននៅស៊ីហ្គេម ដែលជាព្រឹត្តិការណ៍ធំដំបូងបំផុតនៅកម្ពុជា ជាមួយនឹងការសន្យាថានឹងដណ្ដើមមេដាយមាសជូនជាតិឱ្យបាន។


 កែវ រំចង់ ក្នុងការិយាល័យលក់ដីឡូ រូបពីកែវ រំចង់
«ប្រសិនជា ខ្ញុំបានប្រកួតឲ្យកម្ពុជា ដាច់ខាតខ្ញុំ នឹងយកមេដាយមាសជូនជាតិ។ នេះ ជាការប្រាថ្នារបស់ខ្ញុំ។»។ អ្នកប្រដាល់រហ័សនាមតោកំណាចរូបនេះ​ បានប្រាប់សារព័ត៌មានថ្មីៗដូច្នេះ។
បន្ថែមលើសពីនេះទៀត លោក កែវ រំចង់ ថា រូបលោក នឹងចាប់ផ្ដើមប្រកួតថ្នាក់ជាតិសិន ដើម្បីឲ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឃើញពីសមត្ថភាពខ្លួន។ អ្នកប្រដាល់រូបនេះ នឹងប្រកួតលើប្រភេទទម្ងន់ធ្ងន់ ៨១គីឡូក្រាម។
 
ដោយឡែក ចំពោះការប្រកួតអន្ដរជាតិ ដោយមានការទំនាក់ទំនងពី Bare Knuckle Fight Championship ឬហៅកាត់ថា BKFC  (ប្រកួតដោយប្រើដៃទទេផ្ដួលដៃគូរ) នៅសហរដ្ឋអាម៉េរិក លោក កែវ រំចង់ គ្រោងនឹងចុះហត្ថលេខាប្រកួតក្នុងស្ថាប័នអន្ដរជាតិមួយនេះ។ 
 
អ្នកប្រដាល់ដែលធ្លាប់មានឈ្មោះល្បីនៅសង្វៀនគុនខ្មែរ និងបរទេសរូបនេះ បានពន្យល់ថា ការប្រកួតនៅ BKFC ដូចគ្នាទៅនឹងការប្រកួតសកលដែរ ព្រោះមិនប្រើជើង ហើយប្រើតែដៃដើម្បីប្រកួតប៉ុណ្ណោះ។ អ្វីខុសគ្នានោះ គឺការប្រកួតនេះ មិនមានពាក់ស្រោមដៃការពារ ឬរុំកណ្ដាប់ដៃទេ។ កីឡាករ ត្រូវវាយដោយប្រើដៃទទេ។ បើទោះជាមានភាពខុសគ្នា រវាងប្រដាល់គុនខ្មែរ និងប្រដាល់សកលខ្លះក៏ដោយ ប៉ុន្ដែ អ្នកប្រដាល់កម្ពុជារូបនេះ បានបញ្ជាក់ថា មិនមានអ្វីគួរឲ្យខ្លាចចំពោះការប្រកួតលើសង្វៀនឡើយ។
 
អ្នកប្រដាល់រូបនេះ បានប្រាប់ពីបទពិសោធន៍ប្រកួតកន្លងមករបស់ខ្លួនថា កីឡាករ ត្រូវមានកម្លាំងចិត្ត និងស្មារតីប្រកួតឲ្យខ្លាំងក្លា។ កែវ រំចង់ បញ្ជាក់ថា ការស្រឡាញ់ និងគាំទ្រពីមហាជន និងភរិយារបស់លោក គឺជាកម្លាំងចិត្តដ៏ធំធេង។
 
«ការហ្វឹកហាត់ឲ្យបានទៀតទាត់ ការគាំទ្ររបស់មហាជន និងរបស់ភរិយាខ្ញុំ ធ្វើឲ្យខ្ញុំមានស្មារតីប្រកួតកាន់តែខ្លាំង។ ជាកីឡាករប្រដាល់ វៃដឹងវៃ ឈ្នះដឹងឈ្នះ ចាញ់ដឹងចាញ់។ ខ្លួន ឯងជាអ្នកជួយខ្លួនឯងនៅលើសង្វៀនប្រដាល់។ ខ្ញុំ មិនដែលខ្លាច និងញញើតដៃគូណាមួយ នៅលើសង្វៀនទេ ព្រោះខ្ញុំមានអ្នកគាំទ្រចាំផ្ដល់កម្លាំងចិត្ត។»។
 
គួរបញ្ជាក់ផងដែរថា កែវ រំចង់ បានសម្រាកពីប្រកួតប្រហែល៣ឆ្នាំ ក្រោយពីរូបគេបានឈ្នះខ្សែក្រវ៉ាត់អន្ដរជាតិ ពីប្រទេសបារាំង ក្នុងប្រភេទទម្ងន់៦៣ និង៦៧គីឡូក្រាម ។ កីឡាកររូបនេះ ក៏មានជ័យលាភីជាច្រើនដែរ សម្រាប់ការប្រកួតក្នុងប្រទេស ដូចជាជើងឯកប្រចាំទូរទស្សន៍បាយន៍ ។ សម្រាប់ការប្រកួតចុងក្រោយ រូបគេបានយកឈ្នះ វង្ស ណយ ដោយពិន្ទុ ក្នុងការប្រកួតខារ៉ាបាវគុនខ្មែរ៕
 

Tag:
 (ប្រដាល់
  កែវ រំចង់)
© រក្សាសិទ្ធិដោយ thmeythmey.com