កីឡាជាតិ
ជាតិ
គុនខ្មែរ៖ពេជ្យ សម្បត្តិ គ្រងខ្សែក្រវាត់ក្រោយឈ្នះ ផាត់ថាណា ស៊ីតអាចានវីន ដោយពិន្ទុ
24, Oct 2022 , 2:59 pm        
រូបភាព
ការប្រកាសលទ្ធផលបង្គោលក្រហម ពេជ្យ សម្បត្តិ(ឆ្វេង) ឈ្នះបង្គោលខៀវ ផាត់ថាណា (ស្តាំ)។ រូបពី BTV
ការប្រកាសលទ្ធផលបង្គោលក្រហម ពេជ្យ សម្បត្តិ(ឆ្វេង) ឈ្នះបង្គោលខៀវ ផាត់ថាណា (ស្តាំ)។ រូបពី BTV
ដោយ:
កីឡាករគុនខ្មែររហស្សនាមក្របីព្រៃ ពេជ្យ សម្បត្តិ គ្រងតំណែងខ្សែក្រវាត់ក្រោយយកឈ្នះកីឡាករថៃ ផាត់ថាណា ស៊ីតអាចានវីន ដោយពិន្ទុ បន្ទាប់ពី ធន់ ផានិត វាយ ទួន ប៉េ ឱ្យបោះបង់ការប្រកួតនៅទឹកទី២ គ្រងតំណែងលេខ៣ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ប្រដាល់គុនខ្មែរដណ្តើមខ្សែក្រវាត់ «ខារ៉ាបាវ» រដូវកាលទី៨ កាលពីថ្ងៃទី២៣ ខែតុលា នៅសង្វៀនបាយ័ន។

 
ក្នុងទឹកទី១ បង្គោលក្រហមកីឡាករកម្ពុជាក្របីព្រៃ ពេជ្យ សម្បត្តិ មិនមានការស្ទាបស្ទង់អ្វីវែងឆ្ងាយនោះទេ ក្នុងការប្រយុទ្ធទល់នឹងបង្គោលខៀវកីឡាករថៃ ផាត់ថាណា ស៊ីតអាចានវីន។ កណ្តាប់ដៃប្តូរគ្នាទៅវិញទៅមក ជាមួយនឹងសម្លេងហ៊ោរកញ្ជ្រៀវពីសំណាក់ទស្សនិកជនអ្នកទស្សនាផ្ទាល់ ជាកម្លាំងចិត្តដល់បង្គោលក្រហម បន្តដើរចូលវាយតទល់បង្គោលខៀវដ៏គួរឱ្យជក់ចិត្ត។
 
ចូលដល់ទឹកទី២ ការវាយប្រយុទ្ធគ្នា អមជាមួយទឹកមុខឌឺដង ទៅវិញទៅមក ដោយប្រើកណ្ដាប់ដៃ និងជើងធ្ងន់ៗដាក់គ្នា។ ចូលដល់ទឹក៣ ពេជ្យ សម្បត្តិ បន្តដើរចូលសម្តៅទៅ ផាត់ថាណា ដើម្បីវាយដណ្តើមពិន្ទុ និងចេតនាចង់ផ្តាច់តែម្ដង តែវាមិនអាចទៅរួច ។ ការវាយសងបកមកវិញរបស់ពស់វែកឆ្លងដែន ក៏មិនឱ្យ ក្របីព្រៃ ចេះតែដើរចូលស្រួលៗដែរ ដោយប្រើការទាត់រំខាន ដល់ សម្បត្តិ។
 
នៅទឹកទី៥ សម្បត្តិ រាងថមថយកម្លាំងមិនសូវជាមានការសម្រុកបុកទៅ ផាត់ថាណា ប៉ុន្មាននោះទេដោយដាល់គ្នាតសងមួយទៅមួយមក បិទឃុំ និងខ្ទាស់គ្រៀកគ្នាជាការសន្សំកម្លាំង ។ យ៉ាងណាបញ្ចប់ទឹកទី៥ បង្គោលក្រហម ពេជ្យ សម្បត្តិ ឈ្នះបង្គោលខៀវ ផាត់ថាណា ដោយពិន្ទុ។ 
ចំណែកកីឡាករ បង្គោលក្រហម ធន់ ផានិត វាយបង្គោលខៀវ ទួនប៉េ ស៊ីតសាមផាយ៉ាក ឱ្យបោះបង់ការប្រកួតនៅដើមទឹកទី២ បន្ទាប់ពីនៅចុងទឹកទី១ ផានិត ទាត់ទួនប៉េ រហូតមានបញ្ហាជើងខាងឆ្វេង។
 
ម្ចាស់ខ្សែក្រវាត់ខាថរ៉ាបាវ ពេជ្យ សម្បត្តិ ទទួលបានទឹកប្រាក់៦០០០ដុល្លារ ,ជើងឯករង ផាត់ថាណា ស៊ីតអាចានវីន ទទួលបាន៣៥០០ដុល្លារ ,លេខ៣ ធន់ ផានិត ទទួលបាន២០០០ដុល្លារ និងទួនប៉េ ស៊ីតសាមផាយ៉ាក លេខ៤ ទទួលបាន១០០០ដុល្លារ៕
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ខ្សែក្រវាត់
© រក្សាសិទ្ធិដោយ thmeythmey.com