កីឡាជាតិ
ជាតិ
លោក អាំង សិរីពិសិដ្ឋ៖ ស៊ីហ្គេម២០២៣ ជាអម្រែក ដែលបាល់ទះកម្ពុជា ត្រូវសម្រេចលទ្ធផលខ្ពស់ជាងមុន
25, Oct 2022 , 7:59 am        
រូបភាព
ក្រុមកីឡាករបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា និងថ្នាកដឹកនាំ ថតរូបមុនប្រកួតទល់នឹងភ្ញៀវគុយបា(អាយុក្រោម២១ឆ្នាំ ) នាពេលកន្លងទៅ។ រូបពី VFC
ក្រុមកីឡាករបាល់ទះក្នុងសាលជម្រើសជាតិកម្ពុជា និងថ្នាកដឹកនាំ ថតរូបមុនប្រកួតទល់នឹងភ្ញៀវគុយបា(អាយុក្រោម២១ឆ្នាំ ) នាពេលកន្លងទៅ។ រូបពី VFC
ដោយ:
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា សន្យាថា នឹងសម្រេចឱ្យបានលទ្ធផលខ្ពស់ជាងមុន ក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តដំបូង ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ។

 
ការប្រកួតស៊ីហ្គេម ខាងមុខនេះ ជាអម្រែកមួយ សម្រាប់ក្រុមបាល់ទះកម្ពុជា ក្រោយបំបែកកំណត់ត្រាថ្មីមួយ ដោយទទួលបានមេដាយសំរិទ្ធ ពីប្រទេសវៀតណាម។ នេះបើតាមលោក  អាំង សិរីពិសិដ្ឋ។


  លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា(ស្តាំ) ក្នុងពេលធ្វើបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ។
 
ថ្លែងក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជារូបនេះ បាននិយាយថា៖ «នៅពេលដែលយើងទទួលបានមេដាយសំរឹទ្ធ១ ពីស៊ីហ្គេមលើកទី៣១នៅប្រទេសវៀតណាមគឺជាជោគជ័យថ្មីមួយដែលសហព័ន្ធបាល់ទះកម្ពុជា បានបំបែកកំណត់ត្រាជាច្រើន។ ទន្ទឹមនឹងនេះវាជាអម្រែកថ្មីពីព្រោះថាក្នុងករណីយើងជាម្ចាស់ផ្ទះអ្វីដែលយើងចង់បានលទ្ធផលគឺខ្ពស់ជាងមុន»។
 
ក្នុងដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ សហព័ន្ធកីឡាបាល់ទះកម្ពុជា បានបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការពង្រឹងសមត្ថភាពកីឡាករជម្រើសជាតិកម្ពុជា ។ ជាពិសេសការប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិសិង្ហបុរី និងក្រុមបាល់ទះជម្រើសជាតិគុយបា(អាយុក្រោម២១ឆ្នាំ) ដើម្បីវាស់ស្ទង់សមត្ថភាព។ ក្រោយបញ្ចប់ការប្រកួតនេះ កម្ពុជា ធ្វើបានល្អ ដោយឈ្នះភ្ញៀវសិង្ហបុរី ២-១ សិត និងបន្តឈ្នះគុយបា ៣-១ សិត។
 
ទោះបីការប្រកួតមិត្តភាពអន្តរជាតិនេះ កម្ពុជាធ្វើបានល្អក្តី ក៏សហព័ន្ធត្រៀមបញ្ជូនកីឡាករទៅក្រៅស្រុក ដើម្បីប្រកួតវាស់ស្ទង់កម្រិតសមត្ថភាពបន្ថែមទៀតផងដែរ មុននឹងស៊ីហ្គេមមកដល់។ នេះបើតាមលោក អាំង សិរីពិសិដ្ឋ ដែលចង់ឃើញកម្ពុជា បានមេដាយឱ្យលើសពីសំរឹទ្ធ នាស៊ីហ្គេមនៅកម្ពុជា ខាងមុខនេះ។
 
«អ្វីដែលយើងធ្វើឱ្យបានគឺមេដាយលើសពីសំរឹទ្ធ។ ថ្ងៃដែលប្រកាសពានសម្តេច ស ខេង កន្លងទៅនោះដែលលោក នេត សាវឿន ប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជាបានគូសបញ្ជាក់ច្បាស់ហើយថា យើងគឺចង់បានមេដាយមាស ដូច្នេះអម្រែកត្រូវធ្លាក់មកថ្នាក់ដឹកនាំ ក៏ដូចជាកីឡាកររបស់យើង»។ លោក អាំង សិរីពិសិដ្ឋ និយាយដូច្នេះ៕
 

Tag:
 កីឡាបាល់ទះ
 លោក អាំង សិរីពិសិដ្ឋ
 ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com