ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
រដ្ឋមន្ត្រីព័ត៌មាន៖ អ្នកកាសែតវិជ្ជាជីវៈ ទទួលបានការសរសើរ ឯអ្នកគ្មានវិជ្ជាជីវៈ រងការរិះគន់ ព្រោះពលរដ្ឋចេះដឹងច្រើន (ភាគ១)
25, Oct 2022 , 8:59 am        
រូបភាព
Credit លោក ខៀវ កាញារីទ្ធ  រដ្ឋមន្រ្តីក្រសួងព័ត៌មាន
Credit លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ វិស័យសារព័ត៌មាននៅកម្ពុជាបច្ចុប្បន្ន មានកម្រិតខ្ពស់ខ្លាំង បើធៀបនឹងឆ្នាំ ១៩៩០ ។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បន្ថែមថា ការរីកចម្រើននៃវិស័យសារព័ត៌មាននេះ វាជះឥទ្ធិពលទាំងវិជ្ជមាន និងអវិជ្ជមាន ហើយអ្នកកាសែតវិជ្ជាជីវៈ គឺទទួលបានការសរសើរ ឯអ្នកគ្មានវិជ្ជាជីវៈ រងការរិះគន់ ព្រោះពលរដ្ឋចេះដឹងច្រើន។



 Credit លោក ខៀវ កាញារីទ្ធ  រដ្ឋមន្រ្តីក្រសួងព័ត៌មាន  ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ
 
ដើម្បីកាន់តែលម្អិតពីខ្លឹមសារនេះ សូមលោកអ្នកនាង ស្តាប់បទសម្ភាសរវាង កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដូចតទៅ៖ 





កញ្ញា​ សុង សុធាវី៖ ក្នុងយុគសម័យថ្មីនេះ តើឯកឧត្តមមើលឃើញថា វិស័យសារព័ត៌មានដើរដល់ចំណុចណាហើយ សម្រាប់ប្រទេសកម្ពុជាយើង?
រដ្ឋមន្រ្តីព័ត៌មាន៖ យើងអាចនិយាយបានថា យើងដើរដល់ចំណុចមួយមិនចាញ់ប្រទេសគេប៉ុន្មានទេ។ ដូចកាលពីពេលមុនបរទេសគេមកស្រុកខ្មែរ គេយកហ្វីលីពីន យកថៃ ឬ ឥណ្ឌូណេស៊ីជាជំនួយការ តែបច្ចុប្បន្នគេយកខ្មែរយើងតែម្តង បានន័យថាកំរិតរបស់យើងគឺគ្រាន់បើ ហើយការសរសេរព័ត៌មាន និងផ្សាយចេញទៅក្រៅប្រទេសមានកាសែតជាច្រើន ឬ សាកលលោកទទួលយក។ ដូច្នេះមានន័យថាកំរិតសរសេររបស់យើងមានកំរិតខ្ពស់ បច្ចេកទេសក្នុងការថត  ការផ្សាយ ដែលអាចនិយាយបានថាបើធៀបនឹងឆ្នាំ ១៩៩០ យើងខុសគ្នា ១០០%។
កញ្ញា​ សុង សុធាវី៖ បើវិស័យនេះដើលឿនអ៊ីចឹង តើវាជះផលវិជ្ជមាន និង អវិជ្ជមានដូចម្តេចលោក?
 
រដ្ឋមន្រ្តីព័ត៌មាន៖ ការងារសារព័ត៌មានគឺជាវិស័យសេរី មិនមែនទាល់តែចប់បរិញ្ញាបត្រ ឬ រៀនចប់អនុបណ្ឌិតទើបអាចធ្វើបានទេ។ អ្នកណាក៏ធ្វើអ្នកសារព័ត៌មានបានដែរ។ មានន័យថា ទាំងអ្នកចេះ អ្នកមិនសូវចេះ អ្នកឆ្លៀតឱកាស នៅជាមួយគ្នា។ ដូច្នេះទាំងអ្នកល្អ និងអាក្រក់នៅលាយឡំគ្នា តែពីមួយជំហានទៅមួយជំហាន អ្នកសារព័ត៌មានល្អ មានវិជ្ជាជីវៈមានការទទួលស្គាល់ច្រើន។ ឯអ្នកអ្នកកាសែតគ្មានវិជ្ជាជីវៈត្រូវគេរិះគន់ និងបាត់ខ្លួនបណ្តើៗហើយ។
 
កញ្ញា​ សុង សុធាវី៖ ដោយសារតែជាវិជ្ជាជីវៈសេរី ទើបមានជនមួយចំនួនដែលមិនមានវិជ្ជាជីវៈក្នុងវិស័យនេះ ធ្វើឱ្យប៉ះពាល់ក្នុងវិស័យសារព័ត៌មានទាំងមូល តើឯកឧត្តមមានការចូលរួមមតិយ៉ាងណាវិញ?
 
រដ្ឋមន្រ្តីព័ត៌មាន៖ ខ្មែរយើងមានពាក្យថា ត្រីមួយត្រកស្អុយមួយស្អុយទាំងអស់ ឬ ពាក្យសេដ្ឋកិច្ចថា លុយអាក្រក់ដេញលុយល្អ។ ដូចគ្នាដែរអ្នកកាសែតមិនល្អនេះ ធ្វើឱ្យប៉ះពាល់ដល់អ្នកកាសែតទូទៅ ប៉ុន្តែពេលនេះខ្ញុំឃើញថាចំណេះដឹងពលរដ្ឋមានការចេះដឹងច្រើន ហើយគាត់រិះគន់ដែរ តែគាត់រិះគន់តែអ្នកកាសែត ដែលរញ៉េរញ៉ៃ អ្នកកាសែតសុំលុយ និងប្រើសំដីមិនសមរម្យ អសីលធម៌ ។ល។ ឧ.ហរណ៍ អ្នកសម្ភាសសាច់ញាតិអ្នកស្លាប់ អ្នកកាសែតប្រើពាក្យប្រមាថព្រះសង្ឈ វាយប្រហារមន្ទីពេទ្យរដ្ឋ ឬ ឯកជនជាដើម ដោយឃើញបញ្ហាភ្លាមសរសេរភា្លម តែមិនបានសិក្សាលំអិតពីហេតុផលនោះឡើយ ដែលទាំងអស់នេះមានការរិះគន់យ៉ាងច្រើន។ ខ្ញុំជឿជាក់ថា ក្រៅពីនេះក៏មានអ្នកខ្លះសរសេរបានល្អហើយត្រូវបានគេសរសើរ និងគាំទ្រ ពេលទៅណាមកណាច្រើនមានការរាប់អានពីមហាជន។ និយាយរួម ល្អ និងអាក្រក់តែងនៅជាមួយគ្នា ហើយអ្នកដែលល្អចេះតែឡើងទៅ ឯអ្នកមិនល្អចេះតែបាត់ទៅបណ្តើរៗហើយ នេះទី១។ ឯទី២ អ្នកកាសែតខ្លះមិនអាក្រក់ប៉ុន្មានទេ តែទីផ្សារទាមទារ ឱ្យគាត់បង្កើតវីដេអូប្លែកៗ ដែលមិនចំជាអ្នកសារព័ត៌មានទេ តែជាគេហទំព័រកម្សាន្ត ដើម្បីទាញចំនូលពីអ្នកទស្សនា ដោយវាគ្រាន់តែជារឿងបុគ្គលណាម្នាក់។ ពាក្យថាកាសែតគឺគេសរសេរបានច្រើនណាស់ ហើយមិនមែននិយាយតែពីបញ្ហាប៉ុណ្ណឹងទេ។
 
កញ្ញា​ សុង សុធាវី៖ ត្រង់ចំណុចនេះមានការលើកឡើងថា មកពីក្រសួងព័ត៌មានងាយផ្តល់អាជ្ញារប័ណ្ណដល់ពួកគេពេក ដោយមិនបានតាមដានពីលទ្ធផលការងារអ្នកទាំងនោះ តើឯកឧត្តមបកស្រាយបែបណាវិញ?
 
រដ្ឋមន្រ្តីព័ត៌មាន៖ អ្នកនិយាយហ្នឹងមិនបានមើលច្បាប់ទេ! រដ្ឋធម្មនុញ្ញនៃកម្ពុជាបានចែងថា ប្រជាពលរដ្ឋកម្ពុជាមានសិទ្ធធ្វើជាអ្នកកាសែត។ ដូច្នេះជាគោលការណ៍គាត់អាចបើកកាសែតបាន ដោយក្រសួងព័ត៌មានផ្តល់សិទ្ធឱ្យគាត់អាចបោះពុម្ពបាន ទៅយកព័ត៌មាននៅទីនេះទី​នោះ លើកលែងតែគាត់មានទោសព្រហ្មទណ្ឌ និងទោសពីតុលាការ ទើបយើងមិនអាចអនុញ្ញាតិឱ្យ នេះទី១។ ទី២ ច្បាប់ចេញហើយគឺយើងមិនអាចត្រួតពិនិត្យជាមុនក្នុងការផ្សាយទេ ការត្រួតពិនិត្យជាមុនជាការខុសច្បាប់។ ដូច្នេះបើគាត់ផ្សាយទៅមានបញ្ហារហូតដល់ក្លាយជាទោសព្រហ្មទណ្ឌ នោះខាងព្រហ្មទណ្ឌជាអ្នកចាត់វិធានការ តែបើជាកំហុសឆ្គងបន្តិចបន្តួចនោះក្រសួងនឹងធ្វើការអប់រំ។ ប៉ុន្តែសំខាន់មហាជនជាអ្នកឱ្យតម្លៃទៅវិញទេ បើមហាជនគិតថា កាសែត ឬ គេហទំព័រណាមិនល្អ សូមកុំមើល ព្រោះផេកខ្លះរស់នឹងអ្នកមើល អ្នកមើលកាន់តែច្រើន គាត់បានចំណូលកាន់តែច្រើន។ យើងក្រសួងព័ត៌មានមិនមែនជាមន្រ្តីយុត្តិធម៌ទេ ដែលសម្តេចនាយករដ្ឋមន្រ្តីធ្លាប់លើកឡើងថា បើកាសែតនោះប្រើពាក្យជេប្រមាថខ្លាំង នោះក្រសួងអាចបិទបាន។ ករណីប៉ះពាល់ដល់សាសនា ឬ ជាតិសាសន៍ យើងអាចបិទបាន។ តែបើករណីគាត់ឈ្លោះគ្នាប៉ះពាល់ជាមួយអាជ្ញារធរ នោះជាតួនាទីរបស់អាជ្ញាធរជាអ្នកប្រតិកម្មថាកាសែតនោះខុស ហើយធ្វើការណែនាំ បញ្ជាឱ្យកាសែតនោះធ្វើការកែតម្រូវ បើគាត់មិនកែតម្រូវអាជ្ញារធរអាចប្តឹងអ្នកកាសែតនោះបាន មិនមែនក្រសួងព័ត៌មានអ្នកតាមដានកាងារទាំងអស់នោះទេ៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com