កីឡាជាតិ
ជាតិ
នាយកប្រតិបត្តិលីគកម្ពុជា៖ យើងត្រូវធ្វើអ្វីមួយឲ្យប្រសើរឡើង យ៉ាងហោចណាស់ ១ភាគរយជាប្រចាំ
25, Oct 2022 , 9:29 am        
រូបភាព
លោក Satoshi Saito នាយកប្រតិបត្តិ Cambodian Premier League ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ
លោក Satoshi Saito នាយកប្រតិបត្តិ Cambodian Premier League ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានថ្មីៗ
លោក Satoshi Siato នាយកប្រតិបត្តិក្រុមហ៊ុន Cambodian Premier League  (CPL) បានបង្ហាញពីគោលដៅ និងគោលការណ៍សំខាន់ៗ ក្នុងការជួយអភិវឌ្ឍបាល់ទាត់កម្ពុជា។ ដ្បិតផែនការទាំងនោះ មិនទាន់សម្រេចបាន១០០ភាគរយក្តី ប៉ុន្ដែនាយកប្រតិបត្តិរូបនេះ ជឿជាក់ថា វិស័យបាល់ទាត់កម្ពុជា នឹងមានភាពប្រសើរឡើងនាពេលខាងមុខ។


គោលការណ៍ទាំងនោះ បូករួមជាមួយទស្សនវិស័យ បេសកកម្ម និងគុណតម្លៃ ដែលបានបង្កប់នូវអត្ថន័យ ជាមួយសកម្មភាពចូលរួមជួយអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជា។ នៅក្នុងគោលការណ៍ទី៧ ដែលលោក Satoshi Siato បានកំណត់នោះ គឺជាការធ្វើឲ្យប្រសើរយ៉ាងហោចណាស់ ១ភាគរយជាប្រចាំ សម្រាប់ក្រុមហ៊ុនលីគ កីឡាករ និងក្រុមបាល់ទាត់ ជាពិសេសបុគ្គលម្នាក់ៗ ក្នុងការអភិវឌ្ឍខ្លួន។ លោក Satoshi Siato បានកំណត់ទិសដៅថា ភាពប្រសើរឡើងម្ដងបន្ដិចៗ ល្អជាងមិនមានការរីកចម្រើនអ្វីទាំងអស់។ 


   គោលនយោបាយរបស់ក្រុមហ៊ុន CPL
 
«គ្រប់ពេលវេលា និងជារៀងរាលថ្ងៃ យើងព្យាយាមធ្វើ អ្វីមួយឲ្យកាន់តែប្រសើរ។ ដូច្នេះ យើងសង្ឃឹមថារដូវកាលក្រោយ នឹងគួរឲ្យចាប់អារម្មណ៍ជាងនេះ ទៅទៀត។»។ នាយកប្រតិបត្តិរូបនេះ បាននិយាយដូច្នេះ។
 
ដោយឡែកគោលការណ៍ ៦ផ្សេងទៀតរួមមាន៖ ការស្វាគមន៍, ភាពស្អាតស្អំ, ការគោរពពេលវេលា, ភាពក្លៀវក្លាមកពីកាយសម្បទា និងបញ្ញាស្មារតី, ការពេញចិត្ត និងលើកទឹកចិត្ត, ទំនាក់ទំនងល្អ។
 
គោលការណ៍ទី១ គឺការស្វាគមន៍ ត្រូវបានក្រុមហ៊ុន CPL យកទៅអនុវត្ត ដើម្បីស្វាគមន៍ដល់មនុស្សគ្រប់ជាតិសាសន៍ និងគ្រប់វណ្ណៈ ក្នុងការចូលរួម អភិវឌ្ឍនូវវិស័យបាល់ទាត់កម្ពុជា ដោយមិនមានការរើសអើងជាតិសាសន៍ និង ពណ៌សម្បុរឡើយ។
 
រីឯគោលការណ៍ទី២ ភាពស្អាតស្អំ គឺសំដៅលើការរៀបចំខ្លួន និងមជ្ឈដ្ឋានជុំវិញខ្លួន។ ចំណែកគោលការណ៍ទី៣ គឺ ការគោរពពេលវេលា ក៏ជាហេតុមួយដែលនាំឲ្យ បុគ្គលម្នាក់មានការរៀបចំខ្លួនបានល្អ ហើយធ្វើអ្វីមួយជាក់លាក់ និងជាការបង្ហាញនូវភាពមិនខ្ចិលច្រអូស។ 
 
រីឯគោលការណ៍ទី៤ គឺភាពក្លៀវក្លាមកពីកាយសម្បទា និងបញ្ញាស្មារតី ខណៈទី៥ ការពេញចិត្ត និងលើកទឹកចិត្ត ដែលមនុស្សម្នាក់ គួរតែពេញចិត្តនៅអ្វីដែលខ្លួនមាន និងអ្វីដែលខ្លួនកំពុងធ្វើ ដោយត្រូវមានគោលដៅច្បាស់លាស់។ ពេលដែលមិត្តរួមក្រុម ឬនរណាម្នាក់សម្រេចបានការងារអ្វីមួយ ត្រូវចេះពេញចិត្ត និងលើកទឹកចិត្តដល់មិត្តរួមក្រុម ឬរួមការងារ។ 
គោលការណ៍ទី៦ គឺការទំនាក់ទំនង។ ក្រុមហ៊ុន CPL បានបង្កើតទំនាក់ទំនងល្អជាមួយ សហព័ន្ធកីឡាបាល់ទាត់ជាតិ និងក្លិបបាល់ទាត់របស់កម្ពុជា។ គោលការណ៍នេះ មិនមែនត្រឹមតែជាទំនាក់ទំនងនោះទេ ប៉ុន្ដែវាជាកិច្ចសហការមួយ ដើម្បីសម្រេចបាននូវប្រយោជន៍រួម។
 
ទន្ទឹមនេះ លោក Satoshi Saito បានបង្ហាញនូវ ទស្សនវិស័យ បេសកកម្ម និងគុណតម្លៃរបស់ Cambodian Premier League។ CPL មានទស្សនវិស័យ ក្នុងការអភិវឌ្ឍលីគកម្ពុជា ឲ្យជាស្ថាប័នបាល់ទាត់អាជីពមួយ ដែលល្អ និងចាប់អារម្មណ៍បំផុតនៅក្នុងតំបន់អាស៊ាន។ ក្រុមហ៊ុននេះ ក៏មានបេសកកម្ម ប្រើសកម្មភាពប្រកួតកីឡាបាល់ទាត់ ដើម្បីឲ្យកីឡាករ សម្រេចបាននូវក្ដីសុបិន្ដរបស់ពួកគេ ក្នុងអាជីពមួយនេះ ក្នុងប្រទេសកម្ពុជា។ CPL រក្សានូវគុណតម្លៃ ៣យ៉ាងគឺ វិជ្ជាជីវៈ ការរួបរួមគ្នា និងការច្នៃប្រឌិត។
បើតាមលោក Satoshi ការប្រកួតលីគកម្ពុជា ទាំងលីគកំពូល និងលីគ២ កាន់តែចាប់អារម្មណ៍ និងប្រកួតប្រជែងកាន់តែខ្លាំង នៅឆ្នាំ២០២៣ ៕
 

Tag:
 បាល់ទាត់
  Cambodian Premier League
  CPL
© រក្សាសិទ្ធិដោយ thmeythmey.com