ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន៖បក្សភ្លើងទៀន អាចប្រឈមមុខច្បាប់ ដោយសារមានទំនាក់ទំនងនឹងលោក សម រង្ស៊ី
26, Oct 2022 , 10:29 am        
រូបភាព
គណបក្សភ្លើងទៀន អាចប្រឈមមុខផ្លូវច្បាប់ ដោយសារមានការជាប់ពាក់ព័ន្ធនឹងលោក សម រង្ស៊ី ដែលជាអតីតប្រធានបក្សប្រឆាំងមួយនេះ ដែលកំពុងរស់នៅប្រទេសបារាំង។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រលយសម្តីបែបនេះ នៅក្នុងពិធីសំណេះសំណាល និង ផ្តល់ស្រូវពូជ ជូនដល់ប្រជាកសិករ ៣៤៦០ គ្រួសារ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី២៦ តុលា។



សម្ដេច ហ៊ុន សែន ក៏បានប្រាប់ឱ្យសមាជិក សមាជិកាគណបក្សភ្លើងទៀន ឆាប់ចាកចេញពីបក្សមួយនេះ បើសិនជាមិនចង់ជាប់បញ្ហាក្តីក្ដាំ។ លោកនាយករដ្ឋមន្រ្តី បានអះអាងថា មានសំឡេងសន្ទនាក្នុងកិច្ចប្រជុំរវាងថ្នាក់ដឹកនាំបក្សភ្លើងទៀន និងលោក សម រង្ស៊ី ដែលកំពុងនៅក្នុងដៃសម្ដេច។
 
«ខ្ញុំសូមជម្រាបជូន ឯកឧត្តម ថាច់​ ស៊ីថា , ឯកឧត្តម សុន ឆ័យ , ឯកឧត្តម ទាវ វណ្ណុល ថា ខ្សែអាត់សំឡេងទាំងប៉ុន្មាន បានស្ថិតនៅក្នុងដៃរបស់ខ្ញុំរួចស្រេចទៅហើយ ជាពិសេសការប្រជុំតាមអនឡាញ ដែលមានអង្គប្រជុំនៅអាមេរិក បារាំង និងនៅក្នុងស្រុកខ្មែរ»។ នេះបើតាមប្រមុខរដ្ឋាភិបាល។
 
មាត្រា ១៨ថ្មី ស្តីពីគណបក្សនយោបាយ បានចែងថា ពលរដ្ឋទាំងពីរភេទ ដែលមានសញ្ជាតិខ្មែរពីកំណើត និងមានអាយុយ៉ាងតិច ២៥ឆ្នាំ អាចធ្វើជាប្រធាន ឬអនុប្រធាននៃគណបក្សនយោបាយ ឬធ្វើជាសមាភាពអង្គការដឹកនាំ នៃគណបក្សនយោបាយបាន។
 
ប្រធាន និងអនុប្រធាននៃគណបក្សនយោបាយ និងសមាភាពនៃគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍ ឬអង្គការសមមូលនឹងគណៈកម្មាធិការនាយក ឬគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សនយោបាយ មិនត្រូវជាបុគ្គលទណ្ឌិតជាប់ទោសដាក់ពន្ធនាគារពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ដោយគ្មានការព្យួរទោសឡើយ…។
 
ត្រង់ចំណុចនេះ ទើបសម្ដេច ហ៊ុន សែន អះអាងថា គណបក្សភ្លើងទៀន អាចប្រឈមមុខច្បាប់​ ដោយសារលួចមានទំនាក់ទំនងជាមួយលោក សម រង្ស៊ី អតីតប្រធានគណបក្ស ដែលកំពុងជាប់ទោសទណ្ឌ ហើយស្នាក់នៅក្រៅប្រទេសនេះ។
 
បន្ថែមពីនេះ ប្រមុខរដ្ឋាភិបាល ក៏ចង់បានចម្លើយពីថ្នាក់ដឹកនាំគណបក្សភ្លើងទៀន លើពាក្យសម្តីរបស់លោក សម រង្ស៊ី ដែលបានជេរប្រមាថដល់អង្គព្រះមហាក្សត្រផងដែរ។ សម្ដេច បានចោទជាសំនួរទៅកាន់ថ្នាក់ដឹកនាំប្រឆាំងទាំងនោះថា តើពាក្យសម្តីរបស់លោក សម រង្ស៊ី ជេរប្រមាថព្រះមហាក្សត្រនេះ ជាការត្រឹមត្រូវ ឬមួយខុស? ជាពិសេសពាក្យសម្តីដែលលោក សម រង្ស៊ី ចង់ឱ្យមានការងើបប្រឆាំងរដ្ឋាភិបាល។
 
«ខ្ញុំសង្ឃឹមថា ដោយការគោរពរបស់ខ្ញុំ ជូនចំពោះឯកឧត្តម ទាវ វណ្ណុល ឯកឧត្តម ថាច់ ស៊ីថា ឯកឧត្តម សុន ឆ័យ ។ សង្ឃឹមថា ឯកឧត្តម នឹងធ្វើការឆ្លើយតបដោយសមហេតុ សមផល ជាមួយសំណូមពរតូចបែបនេះ ដើម្បីរាជរដ្ឋាភិបាល ងាយប្រកាន់យកឥរិយាបថ ចំពោះពួកឯកឧត្តម និងមេដឹកនាំ និងមនុស្សនៅក្នុងបក្សភ្លើងទៀន ព្រោះនេះផែកការផ្ដួលរលំរដ្ឋាភិបាលផង និងជាការប្ដូររបបផង ដែលអាមេខ្លោងមួយនេះ (សម រង្ស៊ី) វាធ្លាប់និយាយកន្លងទៅ។ ហេតុអ្វីខ្ញុំចោទសួរ ព្រោះបក្សភ្លើងទៀន បង្កើតឡើងដោយ អាមួយហ្នឹង (សម​ រង្ស៊ី)»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលចង់ឱ្យមេដឹកនាំបក្សភ្លើងទៀន បកស្រាយបញ្ចប់ការសង្ស័យទាំងនេះ។
 

Tag:
 ហ៊ុន សែន
  សម រង្ស៊ី
  នយោបាយ
© រក្សាសិទ្ធិដោយ thmeythmey.com