ជាតិ
សង្គមជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្សភ្លើងទៀន ថ្កោលទោសបុគ្គលណា ដែលប្រមាថព្រះមហាក្សត្រ
27, Oct 2022 , 10:25 am        
រូបភាព
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន (កណ្ដាល) និងថ្នាក់ដឹកនាំគណបក្សធ្វើសន្និសីទកាសែត កន្លងមក។ Thmey Thmey
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន (កណ្ដាល) និងថ្នាក់ដឹកនាំគណបក្សធ្វើសន្និសីទកាសែត កន្លងមក។ Thmey Thmey
ដោយ:
គណបក្សភ្លើងទៀន បានចេញសេចក្ដីថ្លែងការណ៍បដិសេធ ចំពោះការចោទប្រកាន់នានា អំពីការទំនាក់ទំនងរវាងគណបក្សភ្លើងទៀន និងលោក សម រង្ស៊ី។ គណបក្សមួយនេះ ក៏បានថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬបំពានដល់អង្គព្រះមហាក្សត្រផងដែរ។



ការចេញសេចក្ដីថ្លែងការណ៍នេះ បន្ទាប់ពីសម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យថ្នាក់ដឹកនាំគណបក្សភ្លើងទៀន បកស្រាយពីពាក្យសម្តីរបស់លោក សម រង្ស៊ី ដែលបានជេរប្រមាថដល់អង្គព្រះមហាក្សត្រ ដើម្បីបញ្ចប់ការសង្ស័យមួយនេះ។ 
 
បើតាមសេចក្ដីថ្លែងការណ៍របស់គណបក្សភ្លើងទៀន នៅថ្ងៃទី ២៧ ខែតុលានេះ គណបក្សរបស់ខ្លួន គោរពនូវព្រះរាជតួនាទីដ៏ខ្ពង់ខ្ពស់ នៃអង្គព្រះមហាក្សត្រ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូល របស់កម្ពុជា។ ទន្ទឹមនេះ គណបក្សភ្លើងទៀន បានថ្កោលទោសចំពោះបុគ្គលទាំងឡាយណា ដែលមានចេតនាប្រមាថ ឬរំលោភបំពាន ដល់អង្គព្រះមហាក្សត្រ និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញផងដែរ។
 
គណបក្សភ្លើងទៀន បានអះអាងថា ខ្លួនគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវរដ្ឋធម្មនុញ្ញច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់ជាធរមាននានា របស់កម្ពុជា ព្រមទាំងលក្ខន្តិកៈគណបក្ស ដែលបានតម្កល់នៅក្រសួងមហាផ្ទៃ។ «គណបក្សភ្លើងទៀន បានដំណើរការការងារ និងធ្វើសេចក្តីសម្រេចចិត្តនានា ដោយមានការទទួលខុសត្រូវក្នុងអធិបតេយ្យភាពពេញលេញរបស់ខ្លួន ស្របតាមលក្ខន្តិកៈគណបក្ស ដោយមិនស្ថិតនៅក្រោមការបង្គាប់បញ្ជា ដោយផ្ទាល់ ឬប្រយោល ពីបុគ្គល ឬគណបក្សនយោបាយណាមួយឡើយ»។ នេះបើតាមគណបក្សភ្លើងទៀន។
 
សូមជម្រាបថា កាលពីព្រឹកថ្ងៃទី ២៦ ខែតុលា នៅក្នុងពីធីសំណេះសំណាល និងផ្តល់ស្រូវពូជជូនដល់ប្រជាកសិករ ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ ក្នុងខេត្តកំពង់ឆ្នាំង សម្ដេច បានចោទជាសំនួរទៅកាន់ថ្នាក់ដឹកនាំប្រឆាំងទាំងនោះថា តើពាក្យសម្តីរបស់លោក សម រង្ស៊ី ជេរប្រមាថព្រះមហាក្សត្រនេះ ជាការត្រឹមត្រូវ ឬមួយខុស? ជាពិសេសពាក្យសម្តីដែលលោក សម រង្ស៊ី ចង់ឱ្យមានការងើបប្រឆាំងរដ្ឋាភិបាល។
 
សម្ដេច ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំសង្ឃឹមថា ដោយការគោរពរបស់ខ្ញុំ ជូនចំពោះឯកឧត្តម ទាវ វណ្ណុល ឯកឧត្តម ថាច់ ស៊ីថា ឯកឧត្តម សុន ឆ័យ ។ សង្ឃឹមថា ឯកឧត្តម នឹងធ្វើការឆ្លើយតបដោយសមហេតុ សមផល ជាមួយសំណូមពរតូចបែបនេះ ដើម្បីរាជរដ្ឋាភិបាល ងាយប្រកាន់យកឥរិយាបថ ចំពោះពួកឯកឧត្តម និងមេដឹកនាំ និងមនុស្សនៅក្នុងបក្សភ្លើងទៀន ព្រោះនេះផែកការផ្ដួលរលំរដ្ឋាភិបាលផង និងជាការប្ដូររបបផង ដែលអាមេខ្លោងមួយនេះ (សម រង្ស៊ី) វាធ្លាប់និយាយកន្លងទៅ។ ហេតុអ្វីខ្ញុំចោទសួរ ព្រោះបក្សភ្លើងទៀន បង្កើតឡើងដោយ អាមួយហ្នឹង (សម​ រង្ស៊ី)»៕
 

© រក្សាសិទ្ធិដោយ thmeythmey.com