កីឡាអន្តរជាតិ
អន្តរជាតិ
Xavi ប្រាប់កូនក្រុម Barca បំភ្លេចរឿងធ្លាក់ UCL ដើម្បីផ្តោតការប្រជែង La Liga និង Europa League
27, Oct 2022 , 4:12 pm        
រូបភាព
លោក Xavi Hernandez អ្នកចាត់ការទូទៅក្រុម Barcelona ថា​ក្រុមបានបង្កើតកំហុសតាំងពីប្រកួតដំបូងមក ទើបត្រូវធ្លាក់ត្រឹមវគ្គចែកពូល EUFA Champions League រដូវកាលនេះ។ Xavi ប្រាប់កូនក្រុមឱ្យបំភ្លេចការខកចិត្តទាំងអស់នេះចោល ហើយសហការគ្នាឡើងវិញដើម្បីប្រជែងពាន La Liga និង Europa League។

 
អ្នកចាត់ការវ័យ ៤២ឆ្នាំ ទទួលស្គាល់បរាជ័យបន្ទាប់ពី Barcelona ប្រកួតចាញ់ ​Bayern Munich លទ្ធផល ៣-០ ម្តងទៀតនៃការប៉ះគ្នាលើកទីពីរនៃជំនួបពូល C ថ្ងៃទី២៦ ខែតុលា។ Xavi ដឹងមុនហើយថាក្រុមរបស់លោកនឹងធ្លាក់ត្រឹមវគ្គចែកពូល ក្រោយ Inter Milan យកឈ្នះ ៤-០ លើ Viktoria Plzen ម្លេះ។
 
ឆ្លងកាត់ ៥ប្រកួតក្នុងពូល Barca ឈ្នះបានតែ ១លើកតែប៉ុណ្ណោះ ហើយពួកគេឈរលំដាប់ថ្នាក់លេខ ៣ នឹងបន្តដំណើរលេងក្នុងពានរង្វាន់លំដាប់ទីពីរតំបន់អឺរ៉ុប Europa league ក្រោយតែពីបញ្ចប់ការប្រកួតវគ្គសន្សំពិន្ទុ Champions league រួច។ ២រដូវកាលជាប់គ្នាហើយដែល Barca ឆ្លងមិនផុតវគ្គសន្សំពិន្ទុនៃ Champions Leagea តាំងពីឆ្នាំ ២០២១-២២ និង ២០២២-២៣ នេះ។
 
​នាសន្និសីទកាសែតក្រោយចប់ការប្រកួត Xavi Hernandez បាននិយាយដូច្នេះថា បរាជ័យនេះជារឿងពិតដែលក្រុមរបស់លោកត្រូវជួបប្រទះ។ ក្រុមបានបង្កើតកំហុសតាំងពីដំបូងមក ត្រឹមប្រកួតនេះគឺហួសពេលហើយ កូនក្រុមខ្លួនត្រូវការភាពសហការគ្នាឡើងវិញដើម្បីប្រយុទ្ធក្នុងពានរង្វាន់ផ្សេងទៀតដូចជា La Liga និង Europa League ជាដើម​។
« មូលហេតុសំខាន់ដែលនាំឱ្យយើងឈានដល់កាលៈទេសៈនេះ ព្រោះយើងបានបង្កើតកំហុសតាំងពីប្រកួតមុនៗមក ពេលនេះយើងមានអារម្មណ៍មិនល្អ តែយើងត្រូវការតាំងចិត្តឡើងវិញដើម្បីសហការគ្នាប្រយុទ្ធសម្រាប់ពានរង្វាន់ផ្សេងថែមទៀត។»។ Xavi បាននិយាយបែបនេះ។
 
បរាជ័យលើកនេះជាការខកចិត្តថ្មីមួយបន្ថែមទៀតដែល Barca បានជួបប្រទះ ក្រោយពួកគេរងបរាជ័យក្នុងជំនួប Laliga ក្រោមថ្វីជើងអធិរាជស Real Madrid លទ្ធផល ៣-១ ជំនួប El Clasico កាលពីសប្តាហ៍មុន។ កត្តាដែលនាំឱ្យ Barca ត្រូវធ្លាក់ចេញពី Champions league បុរសជាតិចាត់ការវ័យ ៤២ឆ្នាំប្រាប់ថា ក៏ព្រោះតែ Barca មិនអាចស្វែងរកឱកាសរបស់ខ្លួនពេលប៉ះ Inter Milan ក្នុងទឹកដីខ្លួនឯងបាន ដោយពេលនោះលទ្ធផលបញ្ចប់ទៅដោយ ៣-៣៕
 
 
 
 
 

Tag:
 Xavi Hernandez
© រក្សាសិទ្ធិដោយ thmeythmey.com